Friday, May 29, 2026
Homeតារាខ្មែរឈីន រតនៈ ត្រឡប់ពីអាមេរិក ត្រៀមទៅអូស្ត្រាលី 

ឈីន រតនៈ ត្រឡប់ពីអាមេរិក ត្រៀមទៅអូស្ត្រាលី 

ភ្នំពេញ ៖ ឈីន រតនៈ ទើបមកដល់ស្រុកវិញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រោយនាងទៅច្រៀងនៅ អាមេរិក ជាលើកដំបូង រយៈពេល ១ខែកន្លះ ជាមួយ Dj នេន ទុំ និងកញ្ញា កុយ អេនណា ។ ប៉ុន្ដែមកដល់ខ្មែរ ត្រឹមតែជាង ១សប្ដាហ៍ប៉ុណ្ណោះ រតនៈ  ក៏ត្រៀមហោះទៅប្រទេសអូស្រា្ដលី នៅដើមខែមិថុនា ឆ្នាំ២០២៦ ខាង មុខនេះ ហើយ ដែលការច្រៀងសម្ដែងរបស់នាង មានរយៈពេល ១ខែគត់ ។ រតនៈ ថានាងរំភើបដែលបានវីសា (Visa) ចេញទៅច្រៀងនៅអូស្រ្ដាលី ជាលើកដំបូង ហើយនាងសង្ឃឹមថា នឹងមានការគាំទ្រពីបងប្អូនខ្មែរ នៅទីនោះ ដូចពេលនាងទៅច្រៀងនៅអាមេរិក ដែរ ។

ឈីន រតនៈ ថាការច្រៀងសម្ដែងរបស់នាង នៅប្រទេសអូស្រា្ដលី មាន៣ឆាកផ្សេងគ្នា គឺនៅថ្ងៃទី៦ ខែមិថុនា ច្រៀងនៅទីក្រុងម៉ែលប៊ន, ថ្ងៃទី១៣ ខែមិថុនា ច្រៀងនៅទីក្រុងអាដឺរឡែត និងថ្ងៃទី២០ ខែមិថុនា ច្រៀងនៅទីក្រុងស៊ីដនី ។ តារាហង្សមាស រូបនេះ ក៏បានឲ្យដឹងដែរថាការមានឱកាសទៅច្រៀងសម្ដែងនៅប្រទេសអូស្រា្ដលី ដំបូងនេះ តាមរយៈមូលនិធិសង្រ្គោះកុមារកម្ពុជា-អូស្រា្ដលី ហើយនាងសម្ដែងដោយស្ម័គ្រចិត្ត ដើម្បីរៃអង្គាសថវិកា ជួយដល់ការសិក្សាអប់រំរបស់កុមារ នៅតាមបណ្ដាខេត្តដាច់ស្រយាលនានា។

សូមបញ្ជាក់ថា ឈីន រតនៈ មកពីអាមេរិក នៅស្រុក បានមិនដល់ ២សប្ដាហ៍ ក៏ដល់ពេលហោះទៅអូស្រា្ដលី ទៀតនេះ គឺផ្ទុយគ្នាស្រឡះទៅនឹងនាយចឺម ដែលប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីថ្ងៃទី២៥ ខែឧសភា ថា តាំងពីនាយត្រឡប់មកពីច្រៀងនៅអាមេរិក កាលពីឆ្នាំ២០២០ នោះ នាយមិនដែលចេញទៅច្រៀងសម្ដែងនៅប្រទេសណាទៀតទេ ។ ចំពោះមូលហេតុ ត្រូវបានលោកសុខ មេសា អះអាងថា ដោយសារតែការជិះយន្ដហោះ ពីរដ្ឋ១ទៅរដ្ឋ១ រាប់ម៉ោង ធ្វើឲ្យនាយពិបាកក្នុងការធ្វើតំណើរ ។ អីចឹងលោកសម្រេចចិត្តរកលុយនៅស្រុកវិញ តាមរយៈការច្រៀងសម្ដែង និងធ្វើ BA ឲ្យផលិតផលទាំងឡាយ បើទោះជាមានSponsors នៅប្រទេស ជាច្រើន បានទាក់ទងនាយឲ្យទៅច្រៀង សម្ដែង ជាបន្ដបន្ទាប់ តាំងពីឆ្នាំ២០២០ ក្ដី តែជាង ៥ឆ្នាំនេះ លោកមិនទាន់ទទួលចេញទៅច្រៀងនៅប្រទេសទីពីរទេ ។

សម្រាប់ឈីន រតនៈ គ្រាន់តែបានវីសារ ចេញទៅច្រៀងនៅបរទេសភ្លាម នាងអរសឹងហោះ ព្រោះជាឱកាសបានទៅស្គាល់ស្រុកគេផង រកប្រាក់ចំណូលបន្ថែមនៅក្រៅស្រុកផង ពិសេសគឺជួបអ្នកគាំទ្រនៅបរទេស បើទោះជា អំឡុងពេលច្រៀងសម្ដែងនៅអាមេរិក រតនៈ ជួបបញ្ហាធ្ងន់ជាងនាយចឺម ទៅទៅទៀត ព្រោះនាងពុលយន្ដហោះ ហើយតម្រូវឲ្យលាបនិងហិតប្រេងកូឡា ជាប្រចាំក្ដី ប៉ុន្ដែនាងមិនចុះចាញ់ឧបសគ្គទាំងនេះឡើយ ។

មានការកត់សម្គាល់ដែរថា ឈីន រតនៈ គ្រាន់តែមកដល់ស្រុកវិញភ្លាម នាងបានចេញទៅច្រៀង Concerts ជាច្រើន នៅតាមខេត្តមួយចំនួន ហើយមុនឡើងយន្ដហោះទៅអូស្រា្ដលី កាន់តែសម្រុកឡើងឆាកទៀត ដែលសកម្មភាពទាំងនេះ បញ្ជាក់ថា នាងជាតារាដែលត្រូវប៉ាន់ទីផ្សារ ទាំងក្នុងនិងក្រៅស្រុក ។

ស្រីស្រអែមស្រស់រូបនេះ មិនមានសញ្ញាបានជួបបុរសយល់ចិត្តនៅអាមេរិក ទេ ខណៈដែលរឿងគេសង្ស័យថា នាងមានស្នេហាជាមួយតារារួមទ្រនំ លោក គង់ ចំរើន ក៍ស្ងប់ស្ងាត់ » ព្រោះទាំងពេល រតនៈ ទៅ-មកអាមេរិក គ្មានវត្តមានលោកចំរើន ជូនដំណើរ និងទទួលនាងនៅព្រលានយន្ដហោះ ដូចគូស្នេហ៍តារាដទៃទៀតទេ ប៉ុន្ដែនៅថ្ងៃនាងហោះមកដល់ស្រុក គេឃើញម្ដាយរតនៈ ទៅទទួលនាងនៅព្រលានយន្ដហោះ ដោយហូរទឹកភ្នែកជោកថ្ពាល់ ព្រោះតែនឹករលឹកកូនស្រីខ្លាំងពេក។ ហេតុនេះការហោះទៅអូស្រា្ដលី ១ខែទៀត ខាងមុខនេះ រតនៈ នឹងធ្វើឲ្យម្ដាយហូរទឹកភ្នែកម្ដងទៀត ជាមិនខាន ។          

  • ឈីន រតនៈ នៈ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ បានច្រៀងឲ្យហង្សមាស ១០ឆ្នាំហើយ ដែលចំណុចពិសេសរបស់នាង គឺអាចច្រៀងបទប្រភេទខ្ពស់ៗបាន ព្រមទាំងច្រៀងបទបែបបុរាណ សម័យ និងប្រពៃណី បានទាំងព្រម ។ តារាវ័យ ៣០ឆ្នាំ រូបនេះ ពេលខ្លះច្រៀងបទស្លូវ សំឡេងនាងស្រដៀងមាស សុខសោភា ដែរ ទើបធ្វើឲ្យអាណិកជនខ្មែរ នៅក្រៅស្រុក ពេញចិត្តនាងខ្លាំង ព្រោះនាងច្រៀងបានសឹងតែគ្រប់ ទម្រង់ ៕

RELATED ARTICLES