ភ្នំពេញ ៖ តារាចម្រៀង ទៀងមុំ សុធាវី បានជួបទុក្ខយ៉ាងធំនៅក្នុងជីវិត ដោយសារតែស្វាមីជាទីស្រឡាញ់ បានទទួលមរណភាព កាលពីវេលាម៉ោង ៥និង៤៣នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងវ័យ៦២ឆ្នាំ បន្សល់ទុកកូនប្រុសតូច ចំនួន២នាក់ ឱ្យនាងមើលថែ តែម្នាក់ឯង។

ស្វាមីតារាចម្រៀង ទៀងមុំ សុធាវី ដែលបានលាចាកចោលប្រពន្ធកូន ដោយគ្មានថ្ងៃត្រឡប់ មានឈ្មោះ ជួន សុកាន់ណារិទ្ធ ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាទីប្រឹក្សានាយករដ្ឋមន្ត្រី។

តារាចម្រៀង ទៀងមុំ សុធារី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ តាមរយៈគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ ខ្លួន បានជូនដំណឹងមរណភាពស្វាមីរបស់ខ្លួន គឺលោក ជួន សុកាន់ណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។ សពលោក ជួន សុកាន់ណារិទ្ធ ត្រូវបានបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេ ហដ្ឋាន ផ្ទះលេខ២៩ ផ្លូវ៥៦៤ ភូមិ១១ ក្រុម៤៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃដដែលនោះ តារាចម្រៀង ទៀងមុំ សុធាវី បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីភាពសោកសៅ ទួញ យំនៅចំពោះមុខមឈូសសពស្វាមី ដែលមានកូនប្រុស ចំនួន២រូប បានកោរសក់ បួសមុខភ្លើង ភ្ជាប់ជាមួយនឹងសំណេរដ៏សោកសៅថា “បងអើយ កុំយំអីណាបង… សូមព្រលឹងបង ទៅឲ្យបានសុខណា… កូនៗត្រៀមខ្លួនបួសសងគុណបងហើយ…”។

ដំណឹងមរណភាពស្វាមីរបស់តារាចម្រៀង ទៀងមុំ សុធាវី នាពេលនេះ បានធ្វើឱ្យមហាជន ជាពិសេសមិត្តភក្តិក្នុងសិល្បៈ ជាច្រើន បានសម្តែងក្តីរន្ធត់ សោកស្តាយ និងចូលរួមរំលែកទុក្ខ ព្រមទាំងលើកទឹកចិត្តឱ្យតារា ចម្រៀងរូបនេះ មានភាពរឹងមាំ ដើម្បីតស៊ូចិញ្ចឹមកូនទាំង២ ដែលនៅវ័យក្មេងខ្ចីនៅឡើយ។

គួរបញ្ជាក់ថា តារាចម្រៀង ទៀងមុំ សុធាវី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ជួន សុកាន់ណារិទ្ធ រដ្ឋលេខា ធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីអំឡុងឆ្នាំ២០២០ ហើយមកដល់សព្វថ្ងៃ អ្នកទាំងពីរ ទទួលបានចំណងដៃ កូនប្រុស ចំនួន២នាក់។ ក្រោយចាប់ដៃសាងគ្រួសារជាមួយគ្នាមក ជីវិតគូស្នេហ៍អ្នកទាំងពីរ តែង បង្ហាញនូវស្នាមញញឹមរីករាយ ប្រកបដោយសុភមង្គល ដោយស្វាមីតារាចម្រៀង ទៀងមុំ សុធាវី បង្ហាញនូវកា យកចិត្តទុកដាក់ ស្រលាញ់ថ្នាក់ថ្នមភរិយា និងកូនៗ ហើយមិនបានរារាំងប្រពន្ធ ក្នុងការបន្តអាជីពជាតារចម្រៀងនោះទេ។

ទៀងមុំ សុធាវី មិនត្រឹមជាតារាចម្រៀងស្រីដែលមានទឹកដមសំនៀងពីរោះរណ្តំនោះទេ តែរូបសម្រស់ និងទឹកមុខ សុភាពរាបសា បានទាក់ចិត្ត ទាក់អារម្មណ៍ទស្សនិជនគ្រប់ស្រទាប់វណ្ណៈ ធ្វើឱ្យទទួលបានប្រជាប្រិយភាព ទាំងក្នុងនិងក្រៅប្រទេស ៕ ដារិទ្ធ




