ភ្នំពេញ ៖ អតីតតារាសម្ដែងល្បី លោកព្រីង ច័ន្ទបុត្រ ហៅចេក បានហៅមនុស្សម្នាក់ដែលកំពុងមានជម្លោះជា មួយលោក ថាជាមនុស្សក្បាល២ ល្អពីមុខ ចាក់រុកពីក្រោយ ចូលចិត្តមើលងាយគេ ដើរចាក់រុក បំបែកបំបាក់គ្រួសារ ប្តីប្រពន្ធគេ។ លោកច័ន្ទបុត្រ ព្រមានមនុស្សក្បាល២ នោះថា ពូជអំបូរលោក ត្រឹមជាស្រមោចក្នុងបក្ស អ្នកអាចមើលងាយបាន តែកុំជាន់ឲ្យសោះ ប្រយ័ត្នមានរឿងធំ។

លោកព្រីង ច័ន្ទបុត្រ បានបង្ហោះរូបរបស់លោក ជាមួយប័ណ្ណសមាជិកគណបក្សកាន់អំណាច (គណបក្ស ប្រជា ជនកម្ពុជា) នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ជាមួយសំណេរក្នុងន័យព្រមានទៅបុគ្គលដែលមើលងាយលោកនោះថា “ពូជអំបូររបស់ខ្ញុំ ត្រឹមជាស្រមោចមួយ ក្នុងបក្សទេ មិនហ៊ានប៉ះពាល់ឬលេងជាមួយអស់លោកណាឡើយ ។ ប៉ុន្តែពូជស្រមោចនេះ អាចមើលងាយបាន តែកុំជាន់ឲ្យសោះ ព្រោះស្រមោច ខ្លួនតូច ប្រឡោះ កន្លុកកន្លៀត ផ្លូវណា ក៏ចូលទៅបានដល់ដែរ។ នេះជាសារផ្តាំទៅអាមនុស្សក្បាល២ និងក្រុមមនុស្សល្អពីមុខ ចាក់រុកពីក្រោយ ឬក្រុមមនុស្សដែលចូលចិត្តមើលងាយគ្រួសារគេ ពូជគេ ឈប់បានឈប់ទៅ អា នយោបាយដើរចាក់រុក បំបែកបំបាក់គ្រួសារគេ (ប្តីប្រពន្ធគេ) មានការងារអី គេប្រើឲ្យធើអី ធើប៉ុណ្ណឹងទៅ កុំធើលើស កុំនិយាយលើស កុំដៀលពូជគេ ពូជគេ អត់បានមកលេងឬមកធ្វើការជាមួយអ្នកឯងឡើយ ។ កុំមើលស្រាល ប្រយ័ត្នមានរឿងធំ ដោយសារពូជស្រមោច“ ។

ដោយឡែក កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកព្រីង ចន្ទ័បុត្រ បានសរសេរក្នុងគណនីហ្វេសប៊ុក ដដែលថា “រាល់ថ្ងៃនេះ ខ្ញុំនិងភរិយា ដើរធ្វើការងារ ជិត១០ឆ្នាំហើយ ដំណើរជីវិត ទាំងលើដី ទាំងលើមេឃ កាត់ភ្នំ ឆ្លងសមុទ្រ ជួបព្យុះជួបភ្លៀង រាប់មិនអស់ បានជួបស្ទើរតែអស់មនុស្សលើផែនដី មិនថាអ្នកតូចឬអ្នកធំ គ្រប់ស្រទាប់វណ្ណៈ ។ល។ ខំយ៉ាងនេះហើយ នៅមានអាចក់អាចែម ពពួកមនុស្សក្បាលពីរ ចូលមកញាំញី ប្រមាថមើលងាយដល់ពូជអំបូរ ឬក្រុមគ្រួសាររបស់ខ្ញុំ ទាំងមូលទៀត ។ នេះពួកខ្ញុំដើរធ្វើការលំដាប់លុយម៉ឺនសែនដុល្លារផង ចុះទម្រាំអ្នកស៊ីប្រាក់ខែ 4ឬ500$ វិញ? ចុះអ្នកឯងវិញ ជានរណា? មកពីណា? ជាឧកញ៉ាឆ្កែ ឬជាឆ្កែឧកញ៉ា? ទើបមកហ៊ានមកវាយប្រហារគ្រួសាររបស់គេ មើលងាយពូជអំបូររបស់គេ ! គិតម្តងទៀត មុននឹងនិយាយអ្វី ឆ្លុះកញ្ចក់មើលខ្លួនសិន!“ ។

ទោះបីជាយ៉ាងណា ជុំវិញការព្រមានអ្នកប្រមាថខ្លួន ដូចខាងលើនេះ «នគរធំ» មិនអាចទាក់ទងលោកព្រីង ច័ន្ទបុត្រ សុំការបញ្ជាក់បន្ថែមបានទេ កាលពីម្សិលមិញ ដោយលេខទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ។

គួររំលឹកថា លោក ព្រីង ច័ន្ទបុត្រ ហៅចេក គឺជាអតីតតារាសម្តែងល្បីល្បាញមួយរូប ក្នុងទសវត្សរ៍ឆ្នាំ២០០០ ។ លោកទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈការសម្តែងក្នុងចម្រៀង Cover តាមរឿងភាគ «F4» ព្រមទាំងខ្សែភាពយន្តផ្សេងៗទៀត ដោយរួមសម្តែងជាមួយតារាល្បីៗ ដូចជា អ្នកនាង កែវ ពេជ្រពិសី ជាដើម។ កេរ្តិ៍ឈ្មោះក្នុងសិល្បៈ លោកត្រូវបានមហាជនទូទៅស្គាល់ថា ជាតារាសម្តែងរូបសង្ហា និងជាតារារួមជំនាន់លោក ម៉េង ប៊ុនឡូ លោកស៊ុក សុភា និងលោកយូ ឌីស្កូ ជាដើម។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកព្រីង ច័ន្ទបុត្រ បានបាត់មុខពី ពិភពសិល្បៈទាំងស្រុង ដោយងាកទៅប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ក្រៅសិល្បៈ។

ចំពោះជីវិតឯកជន លោក ព្រីង ច័ន្ទបុត្រ បានកសាងសុភមង្គលជាមួយអ្នកមេម៉ាយរូបស្រស់ម្នាក់ ហើយលោកនិងភរិយា ត្រូវជាដន្លងរបស់លោកសុវណ្ណ ឫទ្ធី ហៅតាវ៉ិចទ័រ គឺត្រូវជាឪពុកម្តាយក្មេករបស់តារាកំប្លែង វ៉ាន់ នីឡា ៕ កុលបុត្រ

