ភ្នំពេញ ៖ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក បានសារភាពទទួលស្គាល់នៅចំពោះមុខអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថា ពួកគេពិតជាបានទទួលប្រាក់ សរុបចន្លោះពី ៩៣ ទៅ ៩៨ លានដុល្លារពីបណ្តាញភ្នាក់ងារ (មេ២៥) ក្នុងប្រតិបត្តិការឆបោកទ្រង់ទ្រាយធំ ។ ប្រាក់ទាំងនោះ ត្រូវបានយកទៅប្រើប្រាស់ក្នុងសកម្ម ភាពទិញដី និងអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ បង្វិលសងជាប្រាក់ចំណេញ (ការប្រាក់) ទៅឱ្យបណ្តាញមេ២៥ និងអតិថិជនមួយចំនួន ដើម្បីទាក់ទាញទំនុកចិត្ត ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សម្ដេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចលើកទី១០ អាណត្តិទី៤ ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៩ អា ណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗទៀត។

យោងតាមរបាយការណ៍របស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រចាំអំពើពុករលួយ (ACU/ អ.ប.ព.) បានឱ្យដឹងថា ACU បានរកឃើញថា លោកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន បានទទួលស្គាល់ថា បានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគជាមួយខ្លួន។
ក្នុងរបាយការណ៍បានបញ្ជាក់ថា យោងតាមលទ្ធផលសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសាលដីកា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ករណីកន សុខកាយ, ដួង តារា, លី សាម៉េត, ឡាច សំរោង ត្រូវបានចោទពីបទប៉ុនប៉ងសូកប៉ាន់។ រីឯឈ្មោះ តាំង សុវ័ន្ត ជនត្រូវចោទពីបទប៉ុនប៉ងសូកប៉ាន់ និងបរិហារកេរ្តិ៍ មកលើមន្រ្តីនិងស្ថាប័ន អ.ប.ព. និងលោក សែម បូរ៉ា អគ្គនាយកTNM TV Online និងករណីអ្នកស្រី ភី គិមសុង ភរិយាជនត្រូវចោទ យ៉ាត កុសល បរិហារមួលបង្កាច់លើអង្គភាពប្រចាំអំពើពុករលួយ ។

សេចក្តីជូនដំណឹង របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៃសា្ថប័នបឆាំងអំពើពុករលួយ ចុះថ្ងៃព្រហ ស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្តីពីកិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅថៃ្ងព្រហស្បតិ៍ ១២កើត ខជេស្ឋ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី១០ អាណត្តិទី៤ បានដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បី ៖ 1-ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៩ អាណត្តិទី៤ 2-របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3-បញ្ហាផ្សេងៗ។
អំពីរបាយការណ៍របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. ៖
1- ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល
មន្ត្រីចំនួន ៦២រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៣១រូប, មន្ត្រីចំនួន ១រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង ៣០រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍។
2- ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ
– អ.ប.ព. បានចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងចេញថ្នាក់ជាតិ របស់និស្សិតដែលបញ្ចប់ការសិក្សាពីគ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាល ក្នុងឆ្នាំ២០២៦ សម្រាប់ថ្នាក់ វេជ្ជបណ្ឌិត បរិញ្ញាបត្រឱសថ ទន្តបណ្ឌិត និងបរិញ្ញាបត្រគិលានុបដ្ឋាក ដែលបានរៀបចំដោយទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងសុខាភិបាល។
– អ.ប.ព. ក៏បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ១៣១គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ៤២អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែង មួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

3- ការងារអន្តរជាតិ
ក)-ប្រតិភូ អ.ប.ព. ជាអនុប្រធាននាយកដ្ឋាន ចំនួន ២រូប រួមមាន លោក ញ៉ែម បូរ៉ា និងលោកហេង ជិនហាក់ រួមជាមួយប្រតិភូ មកពីប្រទេសចំនួន ៣៤ សរុបចំនួន ២២០រូប បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ នៃគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយ (Anti-Corruption Initiative, ACI) លើប្រធានបទ “ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់សុចរិតភាព និងប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក” ដែលសហការរៀបចំដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (Organization for Economic Co-operation and Development, OECD) និងភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ូបេគីស្ថាន នាទីក្រុងតាស៊ិន ប្រទេសអ៊ូបេគីស្ថាន កាលពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៦។ ក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ប្រតិភូដែលចូលរួម ទទួលបាននូវបទឧទ្ទេសនាមនានាពីអ្នកជំនាញមកពីវិស័យសាធារណៈនិងឯកជន ព្រមទាំងឱកាសក្នុងការពិភាក្សា ផ្លាស់ប្តូរបទសោធន៍ទៅវិញទៅមក ក្នុងគោលបំណងបង្កើនប្រ សិទ្ធភាព លើកកម្ពស់សុចរិតភាព និងកាត់បន្ថយហានិភ័យ ពាក់ព័ន្ធប្រធានបទ ចំនួន៣ រួមមាន ៖ (១)-ការងារស៊ើបអង្កេតនិងដំណើរការក្តី នៃបទល្មើសពុករលួយ (២)-វិធានការគ្រប់គ្រងនិងទប់ស្កាត់ហានិភ័យ នៃទំនាស់ផលប្រយោជន៍ក្នុងវិស័យសាធារណៈនិងឯកជន (៣)-ការបង្កើតប្រព័ន្ធការពារសាក្សី។

ខ)- អំពីជំនួបមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង អ.ប.ព. ក្រសួងយុត្តិធម៌ នគរបាលជាតិ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៦
គ)- ការសុំឱ្យ អ.ប.ព. ផ្ដល់ព័ត៌មានពីវឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងការអនុវត្តសេចក្តីសម្រេច ១១/១១ នៃសន្និសីទរដ្ឋភាគី នៃអនុសញ្ញាប្រឆាំងអំពើពុករលួយ របស់អង្គការសហប្រជាជាតិ (UNCAC)
ឃ)- សំណូមពរឱ្យ អ.ប.ព. ផ្តល់របាយការណ៍ ដើម្បីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្របសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក
ង)- ការអញ្ជើញ អ.ប.ព. ចូលរួមវេទិកាលើកទី11 Eastern Economic Forum នៅទីក្រុង VLADIVOSTOK សហព័ន្ធរុស្ស៊ី។

4- ការងារពាក្យប្ដឹង
អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ សរុបចំនួន ៤៥ពាក្យប្ដឹង។
5- ការកសាងសំណុំរឿង ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ករណីស៊ីសំណូក ដោយសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្ត្រ (គ្រូពេទ្យមួយរូប និងអនុប្រធានមន្ទីរពេទ្យបង្អែកស្រុក) ដើម្បីធ្វើលិខិតបញ្ជាក់មិនពិត (សំបុត្រពេទ្យបញ្ជាក់ថាឈឺ ដោយមិនពិត) ប្រហែល ៣០ ទៅ ៤០នាក់ ក្នុងមួយខែៗ។
6- អំពីបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់សាលាដំបូងខេត្តសៀមរាប លើករណីអ្នកស្រី ឡេង ចាន់ណា (រឿងរដ្ឋប្បវេណី ១៩សំណុំរឿង និងព្រហ្មទណ្ឌ ៣២សំណុំរឿង) និងបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ អ.ប.ព. លើឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. និងអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក។ អ្នកស្រីឡេង ចាន់ណា – ចាន់ ឃិន – ផុន សាមាន ទទួលស្គាល់ថា បានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារអាមេរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្ដល់ការប្រាក់ទៅឱ្យមេ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគ។
7- លទ្ធផលសវនាការសាលាឧទ្ធរណ៍ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសាលដីកាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ករណី កន សុខកាយ -ដួង តារា -លី សាម៉េត -ឡាច សំរោង ពីបទប៉ុនប៉ងសូកប៉ាន់។
8- អំពីករណីឈ្មោះ តាំង សុវ័ន្ត ជនត្រូវចោទពីបទប៉ុនប៉ងសូកប៉ាន់ និងបរិហារកេរ្តិ៍ មកលើមន្ត្រីនិងស្ថាប័ន អ.ប.ព. និងលោក សែម បូរ៉ា អគ្គនាយក TNM TV Online និងករណីអ្នកស្រី ភី គិមសុង ភរិយាជនត្រូវចោទ យ៉ាត កុសល បរិហារមួលបង្កាច់លើ អ.ប.ព.។
9- ផ្សេងៗ
ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា លើកសំណួរ និងបានផ្ដល់អនុសាសន៍ល្អៗចំពោះការរាយ ការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាព កំពុងចាប់អារម្មណ៍និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ។
កិច្ចប្រជុំបានបញ្ចប់នៅរសៀលថ្ងៃដដែល ក្នុងបរិយាកាសពិភាក្សាវែកញែក ដោយភាពស្និទ្ធស្នាលនិងភាតរភាព ។

គួររំលឹកថា អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅឯខេត្តសៀមរាប បន្ទាប់ពីមានការចោទប្រកាន់ពីបទឆបោកប្រាក់ប្រជាពលរដ្ឋ រាប់ពាន់នាក់ ក្រោមរូបភាពវិនិយោគលើដីធ្លី និងផ្ទះ ទទួលបានការប្រាក់ខ្ពស់ ។ បន្ទាប់ពីការចាប់ខ្លួន ព្រះរាជក្រឹត្យបញ្ចប់គោរមងារ “ឧកញ៉ា” ត្រូវបានចេញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយលោកស្រី ត្រូវបានចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស”, “សម្អាតប្រាក់” និង “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ៕