Saturday, May 30, 2026
Homeសន្ដិសុខសង្គម ខ្យល់កន្ត្រាក់ រលំផ្ទះ២៤២ខ្នង នៅខេត្តស្វាយរៀង

 ខ្យល់កន្ត្រាក់ រលំផ្ទះ២៤២ខ្នង នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ ភ្លៀង ១មេធំ លាយខ្យល់កន្ត្រាក់ បានបោកបក់វាយប្រហារទៅលើបណ្តាក្រុងស្រុក ចំនួន៥ នៃខេត្តស្វាយរៀង បណ្តាលឱ្យរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ចំនួន២៤២ខ្នង ក្នុងនោះ ខូចខាតទាំងស្រុង៣១ខ្នង ខូចមធ្យម១១០ខ្នង របើកដំបូល និងជញ្ជាំងតិចតួច១០១ខ្នង ជាមួយនេះ ក៏បណ្តាលឱ្យរងរបួសមនុស្សម្នាក់ផងដែរ (បាក់ឆ្អឹងជំនីរ)។

ករណីគ្រោះធម្មជាតិនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងស្រុកចំនួន៥ នៃខេត្តស្វាយរៀង រួមមាន ១-ក្រុងស្វាយរៀង ២-ស្រុកស្វាយទាប ៣-ស្រុករំដួល ៤-ស្រុកកំពង់រោទិ៍ និង៥-ស្រុករមាសហែក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច និងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានឱ្យដឹងថាកាល mពីវេលារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង មានភ្លៀង១មេធំ លាយឡំខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ចំនួន២៤២ខ្នង ក្នុងនោះ ខូចខាតទាំងស្រុង ៣១ខ្នង ខូចមធ្យម ១១០ខ្នង របើកដំបូលនិងជញ្ជាំងតិចតួច ១០១ខ្នង រងរបួសមនុស្សម្នាក់។

របាយការណ៍បានបញ្ជាក់ថា ក្រុងស្រុកទាំង៥ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ (ភ្លៀងលាយខ្យល់កន្ត្រាក់) ខាងលើ រួមមាន ៖

១-ក្រុងស្វាយរៀង ៖ ប៉ះពាល់ ៥សង្កាត់ ខូចខាតផ្ទះប្រជាពលរដ្ឋ សរុប ចំនួន១១៧ខ្នង ក្នុងនោះ ខូចទាំងស្រុង ១២ខ្នង មធ្យម ៣៦ខ្នង របើកដំបូលនិងជញ្ជាំងតិចតួច ៦៩ខ្នង។ សង្កាត់ព្រៃឆ្លាក់ ខូចខាត ៣ខ្នង (តិចតួច) សង្កាត់ពោធិ៍តាហោ ខូចខាត៥ខ្នង (តិចតួច) សង្កាត់ចេក  ខូចខាត ១០ខ្នង (មធ្យម ៥ខ្នង តិចតួច ៥ខ្នង) សង្កាត់ស្វាយតឿ ខូចខាត ២០ខ្នង (ទាំងស្រុង ១ខ្នង មធ្យម ១៥ខ្នង តិចតូច ៤ខ្នង) និងសង្កាត់សង្ឃ័រ ខូចខាត ៧៩ខ្នង (ទាំងស្រុង ១១ខ្នង មធ្យម ១៧ខ្នង របើកដំបូលតិចតួច ៥១ខ្នង)។ ដោយឡែកមនុស្សរបួសធ្ងន់ម្នាក់ បាក់ឆ្អឹងជំនីរ បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។

២-ស្រុកកំពង់រោទ៍ ៖ ប៉ះពាល់ ៣ឃុំ ខូចទាំងស្រុង ៣ខ្នង ខូចមធ្យម ១ខ្នង តិចតួច ១ខ្នង។ ឃុំសំឡី ខូចខាត ១ខ្នង (តិចតួច) ឃុំស្វាយតាយាន ខូចខាតទាំងស្រុង ៣ខ្នង និងឃុំត្នោត ខូចខាត ១ខ្នង (មធ្យម)។

៣-ស្រុកស្វាយទាប ៖ ប៉ះពាល់ ៣ឃុំ ឃុំប្រសូតិ ឃុំរមាំងថ្កោល ឃុំស្វាយរំពា និងឃុំកណ្តៀងរាយ ខូចខាតសរុប ៣៣ខ្នង (ខូចខាតទាំងស្រុង ៧ខ្នង មធ្យម ១៥ខ្នង តិចតួច ១១ខ្នង)។ 

៤-ស្រុករំដួល ៖ ប៉ះពាល់ ២ឃុំ ខូចខាតសរុប ៤ខ្នង (ខូចខាតទាំងស្រុង ២ខ្នង មធ្យម ១ខ្នង តិចតួច ១ខ្នង)។

៥-ស្រុករមាសហែក ៖ ប៉ះពាល់ ៤ឃុំ ខូចខាត ៨៣ខ្នង ក្នុងនោះ ឃុំមុដា ខូចខាត ៥ខ្នង (ទាំងស្រុង ៣ខ្នង មធ្យម ១ខ្នង តិចតួច ១ខ្នង) ឃុំត្រពាំងស្តៅ ខូចខាត ៦០ខ្នង (ទាំងស្រុង ៥ខ្នង មធ្យម ៤៩ខ្នង តិចតួច ៦ខ្នង) ឃុំអណ្តូងត្របែក ខូចខាត ១៤ខ្នង (មធ្យម ៦ខ្នង តិចតួច ៨ខ្នង) និងឃុំកំពង់ត្រាច ខូចខាត ៤ខ្នង (តិចតួច)។

គួរបញ្ជាក់ថា នៅក្នុងក្រុងស្វាយរៀង រងកាខូចខាតច្រើនជាងគេ ដោយភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះ ១១៧ខ្នង របួសមនុស្សម្នាក់ធ្ងន់ និងរលំដើមឈើ និងគ្រោងដែកកន្លែងតាំងលម្អអំពូលភ្លើងអគ្គិសនី នៅទំនប់តាណេង មាត់ច្រាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដួលរាបដល់ដី និងបាក់រលំបង្គោលសូឡា អស់ជា ច្រើនដើម។ គ្រោះធម្មជាតិខាងលើនេះ បានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋធ្ងន់ មិនធ្លាប់មានកន្លងមក៕

RELATED ARTICLES