ខេត្តបាត់ដំបង ៖ គូស្នេហ៍ភេទដូចគ្នា ១គូ (ប្រុសស្រលាញ់ប្រុស) ធ្លាប់បានស្រលាញ់ រួមរស់ដូចប្តីប្រពន្ធ អស់រយៈពេល ៤ឆ្នាំ តែក្រោយមក បែកចែកផ្លូវគ្នា អស់១០ឆ្នាំ ស្រាប់តែពេលបានជួបគ្នាវិញ ខាងស្រី (ប្រុសកែភេទជាស្រី) មានអារម្មណ៍ក្តុកក្តួល រំជួលចិត្តយ៉ាងខ្លាំង ដោយឃើញអតីតសង្សារដែលធ្លាប់តែមានរូបរាងស្រស់សង្ហា ធ្លាប់ជាអ្នកថតប្រម៉ូដផលិតផលផងនោះ បែរជាធ្លាក់សម្រស់ បាត់បង់ស្មារតី ដោយសារជំងឺបាក់ ទឹកចិត្ត និងមានបញ្ហាសរសៃប្រសាទធ្ងន់ បាត់ការចងចាំ តែយ៉ាងណា នារីជាសង្សារ មិនដាច់ចិត្តបោះបង់ចោលអតីតប្រុសស្នេហ៍ឡើយ ដោយព្យាយាមយកអតីតសង្សារ មកមើលថែ យ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ម្ចាស់គណនីបណ្តាញសង្គម ឈ្មោះ Eam Darin បានបង្ហោះរូបថតអតីតសង្សាររបស់ខ្លួន កាលពី១០ឆ្នាំមុន ដែលមានរូបរាងស្រស់សង្ហា សាច់ឈាមភ្លឺថ្លា និងរូបថតបច្ចុប្បន្ន ដែលបាក់សម្រស់ បាត់បង់រូបឆោម និងកំពុងមានស្មារតីមិនប្រក្រតីផង ដោយភ្ជាប់ជាមួយសំណេរថា “គាត់គឺ ជាអតីតស្នេហាដំបូងរបស់ខ្ញុំ យើងធ្លាប់រស់នៅជាមួយគ្នា រយៈពេល៤ឆ្នាំ បែកគ្នារយៈពេល ១០ឆ្នាំ ជួបគ្នាម្តង ទៀត គាត់បាត់បង់ភាពជាម្ចាស់ការខ្លួនឯង មិនអាចគ្រប់គ្រងខ្លួនឯងបាន គាត់មានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ខ្ញុំចង់ជួយគាត់ណាស់ ប៉ុន្តែមិនដឹងថា ជួយគាត់ដោយវិធីណា? ទីមួយ ខ្ញុំខ្វះធនធាន ដូច្នេះហើយ ខ្ញុំចង់អំពាវនាវទៅដល់បងប្អូនដែលយល់ដឹងរឿងនេះ សូមជួយណែនាំខ្ញុំផង តើគួរតែរកវិធីព្យាបាលដោយវិធីណា?…”។

ជាមួយគ្នានេះ តាមរយៈវីដេអូឡាយ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នារីជាសង្សារ បានរៀបរាប់ថា “ថ្ងៃនេះ ខ្ញុំនឹងរៀបរាប់ពីរឿងរ៉ាវរបស់ហ៊ា ពួកយើងស្គាល់គ្នានៅឆ្នាំ២០១២ ជួបគ្នាដំបូង នៅក្លឹបអិលវី កំពង់សោម បន្ទាប់ មក ពួកយើងក៏បានស្រលាញ់គ្នា ប្រើជីវិតជាប្តីប្រពន្ធជាមួយគ្នា រយៈពេល៤ឆ្នាំ កម្សត់កម្រជាមួយគ្នា សាច់មាន់ ១ចង្កាក់ បាយដំណើប ១កញ្ចប់ ញ៉ាំ ២នាក់ ចែកគ្នាញ៉ាំ ឆ្លងកាត់ឧបសគ្គជាមួយគ្នាច្រើនមែនទែន អាចនិយាយបានថា គាត់ជាស្នេហាដំបូងដែលខ្ញុំអត់អាចភ្លេចគាត់សូម្បី ១ថ្ងៃ ពួកយើងបែកគ្នា នៅឆ្នាំ២០១៦ ក្រោយពីបែកគ្នា ១០ឆ្នាំ កាលពី ១ឆ្នាំកន្លះមុន គាត់ធ្លាប់មករកខ្ញុំ តែខ្ញុំដឹងថា គាត់មានជំងឺហើយ តែជំងឺគាត់អត់ទាន់ធ្ងន់ធ្ងរដល់ថ្នាក់នេះទេ ពេលនោះ គាត់មកនៅជាមួយខ្ញុំ បាន២យប់ គាត់ក៏ទៅវិញ ហើយក៏បាត់ទំនាក់ទំនងគ្នារហូត ស្រាប់តែម្សិលម៉្ងៃ (ថ្ងៃទី១ មិថុនា) គាត់ក៏មករកខ្ញុំម្តងទៀតក្នុងសភាពបែបនេះតែម្តង។ ទោះជាកន្លងមកខ្ញុំមានការឈឺចាប់យ៉ាងណាក៏ដោយ តែពេលនេះ ខ្ញុំសូមមិននិយាយ មិនរំលឹកអ្វីឡើងវិញទេ ហើយខ្ញុំសូមអហោសិកម្មឱ្យគាត់ទាំងអស់ លើកលែងទោសគ្រប់យ៉ាង ហើយពេលឃើញគាត់មានជំងឺបែបនេះទៀត ធ្វើឱ្យខ្ញុំកាន់តែអាណិតនិងចង់មើលថែ ព្យាបាលគាត់ឱ្យបានជាសះស្បើយឡើងវិញ ឱ្យគាត់បានក្លាយជាមនុស្សថ្មីឡើងវិញ…”។

ស្ត្រីជាប្រពន្ធ បានបន្តថា “គាត់មានជំងឺសរសៃប្រសាទ អាចនិយាយបានថា លក្ខណៈថាចង់ឆ្កួតណា ជំងឺហ្នឹង គាត់ដើរមក តាំងពីពេជ្រនិល ដល់សំពៅលូន កាយធុងសំរាម រកអីហូប រកទឹកផឹក តាមផ្លូវ ជាងកន្លះខែ ទើបមកដល់ផ្ទះខ្ញុំ នៅសំពៅលូន ក្រុមគ្រួសារគាត់ មិនមែនគេបោះបង់គាត់ចោលទេ តែគ្រួសារគាត់ក៏អត់ដែរ ខ្ញុំមិននឹកស្មានថា មនុស្សដែលខ្ញុំចង់ជួបខ្លាំងបំផុតក្នុងជីវិតខ្ញុំ ពេលដែលខ្ញុំបានជួបហើយ បែរជានៅក្នុងសភាពបែបហ្នឹងទៅវិញ ខ្ញុំមិននឹកស្មានសោះ ពេលខ្ញុំបានឃើញហើយ ខ្ញុំអាណិត ខ្ញុំមិននឹកស្មានថាគាត់មានជំងឺដល់ថ្នាក់ហ្នឹងសោះ ខ្ញុំចង់ឱ្យគាត់ជាពីជំងឺ ចង់ឱ្យគាត់ដូចដើម ហើយតាមក្រុមគ្រួសារគាត់ បានប្រាប់ថា នៅពេលណាដែលជំងឺគាត់រើឡើង គឺគាត់រករឿង ស្រែកជេរ ទាញអី កៀនខ្លួន រកវ៉ៃរកអី ទើបក្រុមគ្រួសារគាត់ ឃុំឃាំងទុកឱ្យនៅក្នុងផ្ទះ។ លុះគ្រួសារចេញទៅធ្វើការបាត់ គាត់បានចេញពីផ្ទះ ដើរសំដៅមករកខ្ញុំ កាយធុងសំរាម រកអីញ៉ាំ រហូតដល់បានមកជួបខ្ញុំ ខ្ញុំឃើញហើយ ពិតជារន្ធត់ចិត្តណាស់ ខ្ញុំទទួលយកសឹងតែមិនបាន ខ្ញុំចង់ជួយឱ្យគាត់ជាដូចដើមវិញ តែខ្លួនខ្ញុំខ្វះលទ្ធភាព អ៊ីចឹងមានតែខ្ញុំសូមលើកម្រាមដៃដប់ សូមជំនួយពីបងប្អូន ជួយខ្ញុំផង ជួយផ្តល់ជាមតិ ផ្តល់ជាយោបល់ ខ្ញុំមានកម្លាំងអាចមើលថែគាត់បាន គ្រួសារខ្ញុំក៏មានកម្លាំងអាចមើលថែគាត់បានដូចគ្នា តែពួកខ្ញុំខ្វះធនធាន ពួកខ្ញុំក៏ជាអ្នកអត់ដែរ ពួកខ្ញុំត្រឹមតែជាអ្នកលក់បាយម្ហូប នៅជាយដែន ហើយលក់ខាតសឹងរាល់ថ្ងៃ ហេតុនេះខ្ញុំសូមអំពាវនាវដល់បងប្អូនឱ្យជួយគាត់ផង ហើយខ្ញុំសូមធានាថា រាល់ជំនួយរបស់គាត់ ខ្ញុំនឹងមិនយក ១សេនទេ ខ្ញុំនឹងយកមកព្យាបាលគាត់ រហូតដល់ជាដូចដើមវិញ។ សម្រាប់ខ្ញុំ ទោះខ្ញុំអត់ប៉ុនណាក៏ដោយ ខ្ញុំមិនដែលលើកដៃសុំ ជំនួយពីមហាជនទេ តែនេះ ដោយសារខ្ញុំចង់ជួយអតីតប្តីរបស់ខ្ញុំ ចង់ព្យា បាលគាត់ ឱ្យបានជាពីជំងឺ ហើយទៅរកការងារល្អៗធ្វើ អ្វីដែលខ្ញុំចង់ឱ្យបងប្អូនជួយ មិនថាថវិកា មិនថាសម្ភារៈ ឬការផ្តល់យោបល់ និងវិធីព្យាបាលនោះទេ គឺខ្ញុំទទួលយកទាំងអស់…”។

ស្ត្រីជាប្រពន្ធ បានបន្តទៀតថា “ធ្លាប់តែជាប្រុសស្អាតម្នាក់ ថតម៉ូដថតអី ប្រើជីវិតបែបហាយសូ ប៉ុន្តែមនុស្សយើងអ្នកណាៗ ក៏ធ្លាប់ដើរ ជីវិតខុសដែរ តែបើថ្ងៃណាមួយ ដែលយើងធ្លាក់ខ្លួន នៅថ្ងៃណាយើងអស់ផ្លូវទៅ បើមានអ្នកណាជួយសង្គ្រោះ មនុស្សហ្នឹងបានបុណ្យច្រើនណាស់ ពេលនេះ គាត់មានជំងឺសរសៃប្រសាទ ស្មើនឹងជាមនុស្សឆ្កួតទៅហើយ ហេតុនេះបើមិនប្រញាប់ព្យាបាលគាត់ទេ ស្មើនឹងយើងលែងមនុស្សម្នាក់ ដែលល្អទៅជាឆ្កួត ព្រោះគាត់ជាមនុស្សល្អទេ គាត់ជាមនុស្សចេះយកអាសាអ្នកដទៃ ស្លូតបូតជាមួយអ្នកដទៃ អ្នកដែលធ្លាប់ស្គាល់គាត់ ដឹងហើយថា គាត់ជាមនុស្សល្អណាស់ តែខ្ញុំមិនដឹងថា គាត់ប្រើជីវិតបែបណា បានធ្លាក់ខ្លួនដល់ថ្នាក់នេះ?…”៕
