Saturday, June 6, 2026
Homeសង្គម និងជីវិតកម្ពុជា រកឃើញសត្វព្រៃសំខាន់ៗ នៅភាគខាងជើងប្រទេស

កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗ នៅភាគខាងជើងប្រទេស

ភ្នំពេញ ៖ ការសិក្សាស្រាវជ្រាវថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃ ជិត៥០ប្រភេទ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វ ចំនួន ៧ប្រភេទ ស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះ គឺពុំដែលត្រូវបានប្រទះឃើញផ្ទាល់ភ្នែក ឡើយនៅក្នុងតំបន់សិក្សានោះ។ 

សត្វព្រៃទាំង៧ប្រភេទនោះ រួមមាន ៖ ១-សត្វទន្សោង Banteng (Bos javanicus) ២-សត្វពង្រូល Sunda pangolin (Manis javanica) ៣-សត្វស្វាកន្ទុយស ជើងក្រហម Red-shanked douc langur (Pygathrix nemaeus) ៤-សត្វទោចថ្ពាល់លឿងឦសាន Northern yellow-cheeked crested gibbon (Nomascus annamensis) ៥-សត្វកែះ Mainland serow (Capricornis sumatraensis) ៦-សត្វខ្លាឃ្មុំតូច Malayan sun bear (Helarctos malayanus) និង៧-សត្វខ្លាពពក Mainland clouded leopard (Neofelis nebulosa)។

យោងតាមលទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្ត្រចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃ សរុបចំនួន ៤៧ប្រភេទ រួមមាន ថនិកសត្វ ២៦ប្រភេទ បក្សី ១៨ប្រភេទ និងសត្វល្មូន ៣ប្រភេទ។ លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋាន គាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្ត្របានប្រសើរ សម្រាប់ការអភិរក្ស នាពេលអនាគត។

ក្នុងការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្ត្របានលើកឡើងថា ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះ ឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត។

ទោះជាយ៉ាងណា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។

ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ “បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង” សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការ ការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់៕

RELATED ARTICLES