លោកគួច ខេវិន ៖អាណិត”ជីងចក់” លើកទឹកចិត្ត ”អាចារ្យអេ” និងរំលឹករឿងលីពូ ពុលសម្រស់នាងទាវ ឆាង ត្រូវឆាវឆាវ កាត់ក្បាល

ភ្នំពេញ៖លោកគួច ខេវិន ជាអតីតអគ្គនាយករងប៉ុស្ដិ៍ទូទរស្សន៍CTN ,អាស៊ីអាគ្នេហ៍ និងEtv នោះបានថ្លែង​សារ​បង្កប់ទៅដោយអត្ថន័យអប់រំយ៉ាងស៊ីជម្រៅទៅលើស្ថានភាពអ្នកលេងបណ្ដាញសង្គមនាពេលបច្ចុប្បន្នដែលចូលចិត្តយករឿងហែកហួគ្នាតាមOnline មកលាតត្រដាងដើម្បីល្បីរហូតចេញរឿងផិតក្បត់ សាហាយស្មន់ ភួត​កុហក់​បោកប្រាស់ មិនចេះអៀនខ្មាស ដែលធ្វើឲ្យតម្លៃសីលធ័មធ្លាក់ចុះ។លោកខេវិន ដែលជាអ្នកផលិតកម្មវិធីទូរ​ទស្ស​ន៍​​ជាន់ខ្ពស់ម្នាក់នោះក៍បានសម្ដែងការអាណិតយអាសូដល់អេដមីនជីងចក់ ដែលជំពប់ស្រីស្អាត រហូតធ្វើឲ្យ​ខាត​ទាំងទ្រព្យ អាប់ទាំងកិត្តិយសទើបលោករំលឹកដល់រឿងមេទ័ពល្បីក្នុងរឿងនគរ៣ឈ្មោះលីពូ ថាដោយ​សារតែ​ស្រ​លាញ់ទាវឆាង ងប់ងុលខ្លាំងពេក លែងគិតគូពីកងទ័ពនិងទីប្រឹក្សារ ទើបត្រូវមេទ័ពជំនិត​របស់ខ្លួនចាប់ចង​ឲ្យ​ទៅ​ឆាវឆាវកាត់ក្បាល ដោយលោកថែមទាំងយកសុភាសិតចិនមក​ដាស់តឿនថា”វីរៈបុរសមិន​អាចឆ្លងផុតពី​តំណាក់​ស្រីស្អាត”ប៉ុន្ដែ”នៅពីក្រោយតំណាក់ស្រីស្អាត សុទ្ធតែថ្នូរខ្មោចវីរៈបុរស”…។

 លោកគួច ខេវិន បានចេញសារកាលពីថ្ងៃទី៥កក្កដា ថា”នាសម័យនរគ៣ (សាមកុក) លីពូ ដាច់ចិត្តសម្លាប់ តុងជួ ដែលជាឪពុកធ៌មធ្លាប់មានគុណចំពោះខ្លួនដោយសារតែលង់ស្នេហ៍ នាងទាវឆាង លុះចុងក្រោយលីពូក៏ត្រូវ មេ​ទ័ព​ជំនិតរបស់ខ្លួនចាប់ចងយកទៅឲ្យ ឆាវឆាវ កាត់ក្បាល ក៏ព្រោះតែលីពូ ពុលតែនឹងសម្រស់ទាវឆាង លែងគិត​គូរ​ការងារកងទ័ព លែងស្គាល់ខុសត្រូវ លែងស្តប់ទីប្រឹក្សា ។ យ៉ាងដូច្នេះហើយបានជាចិនគេមានពាក្យ​ស្លោកថា​”វីរបុរសមិនអាចឆ្លងផុតដំណាក់ស្រីស្អាត” ប៉ុន្តែ”នៅក្រោយដំណាក់ស្រីស្អាត សុទ្ធតែផ្នូរខ្មោចវីរបុរស” ។ មិនខុស​ណាពីពាក្យស្លោកខ្មែរយើង ដែលថា”ខ្លាំងដូចស្រមោច មានរិទ្ធិដូចខ្មោច មានចិត្តដាច់ដូចស្រី” ។

ទឡ្ហីករណ៍ តិច​តួចខាងលើ មើលទៅមនុស្សស្រីជំពូកខ្លះវាពិតជាធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងសម្បើមទាំងផ្លូវកាយ ផ្លូវចិត្ត អន្តរា​យ​ទាំងទ្រព្យសម្បត្តិ ឬនាំឲ្យបាត់បង់អាយុជីវិត មនុស្សប្រុសទៀតផង ។ បើក្រឡេកមើល​មក​បណ្តា​ញ​ទំនាក់ទំនង​សង្គម មួយរយៈនេះ សង្គមបរិយាកាសវាហាក់ដូចជាពុលចុះក្អួត តែជាមួយនឹងរឿងផិតក្បត់ ស​ហា​យស្មន់ ភូត​កុហក បោកប្រាស មិនខ្មាស់អៀន លែងស្គាល់ពីតម្លៃកិត្តិយស កេរ្ត៍ឈ្មោះវង្សត្រកូល មិនស្គា​ល់​សីលធ៌ម គុណ​ធ៌ម សុជីវធ៌ម សូម្បីតែបន្តិចណាសោះ ព្រោះនៅក្នុងខួរ របស់ពួកគេគិតតែពីលុយ!លុយ!លុយ! ។ ទោះណា​ជា​មានរឿងគួរឲ្យខ្ពើមរអើមនៃបដិការីជម្លោះស្រីនឹងប្រុស ដែលខ្ញុំបានមើលឃើញ បានឮ បានដឹង យ៉ាងណាក៏​ដោយ ក៏ក្នុងនាមខ្ញុំជាជនរួមជាតិ រួមភាសារ រួមសង្គមខ្មែរ ខ្ញុំសូមសម្តែងនូវការលើកទឹកចិត្តចំពោះ បុរសចាស់​សម្បូរណ៍ស្នេហ៍ តែក៏សម្បូរណ៍ទុក្ខ លោក បង “អាចារ្យអេ”ដែលបានលង់កល្បនៃស្រីមាយា មាយាទធូរថ្លៃ នាំ​ឲ្យរីងរៃមិនស្រាកស្រាន្ត ។ ក៏សែនអាណិតអាសូរចំពោះលោកប្អូន”ជីងចក់” ប្រុសក្មេងរូបសង្ហារ ពិចារណាខ្លី ត្រូវ​ជំពប់ជើងនឹងស្រីស្អាត ខាតទាំងទ្រព្យ អាប់ទាំងយស ត្រូវគេស្តីបន្ទោសមិនស្រាកស្រាន្ត ។

ឆ្លៀតឱកាសបន្តិច​បន្តួចនេះ ក៏ចង់ផ្តាំទៅកាន់នាងៗស្រីស្រស់ស្អាតមួយចំនួនបើទោះ​ណាជានាងចង់មានឆាប់​យ៉ាង​​ណាក៏ដោយ ក៏គួរតែកុំកល្បស្មោកគ្រោកពេក គួរតែមានមាយាទខ្មាសអៀនខ្លះផង ព្រោះម្តាយឪពុក​នាង​លោក​ខំស្លៀកពាក់​បិតបាំងកេរ្តិ៍ខ្មាសឲ្យនាងតាំងតែពីតូចៗរហូតមក កុំឲ្យគេជេរត្មិះតិះដៀលដល់ពួកគាត់ទៀត ព្រោះតែមាយាទ​នាង ហើយបើទោះជានាងគិតថាខ្លួនឆ្លាតយ៉ាងណា សូមឲ្យនាងតម្កល់តម្លៃសីលធ៌ម សុជីវធ៌ម និងគុណធ៌មខ្មែរ ឲ្យបានខ្ពង់ខ្ពស់ផង កុំឲ្យវាថោកដល់ស្រីខ្មែរដ៏ទៃទៀត”៕