Wednesday, June 18, 2025
Homeចរាចរណ៍១យប់ ចាប់ឡាន៩គ្រឿង បើកបរក្រោមឥទ្ធិពលជាតិស្រវឹង

១យប់ ចាប់ឡាន៩គ្រឿង បើកបរក្រោមឥទ្ធិពលជាតិស្រវឹង

ភ្នំពេញ ៖ ដើម្បីចូលរួមអនុវត្តការងារចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ កម្លាំងនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជា មួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់គោលដៅអនុវត្តចំពោះអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹង។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងថា អនុវត្តនូវបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាល ការិយាល័យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំ ពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់អនុវត្តត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្ត ក្រោមឥទ្ធិពលជាតិស្រវឹង នៅវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅលើបណ្តោយផ្លូវ៥០ម៉ែត្រ មុខផ្សារប៉េងអ៊ីម ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលមានកម្លាំងចូលរួមសរុប ៥១នាក់ ក្នុងនោះកម្លាំងនគរបាលការិយាល័យចរាចរណ៍ចំនួន២៨នាក់ និងកម្លាំងនគរបាលខណ្ឌដង្កោចំនួន ២៣នាក់ ក្រោមការដឹកនាំលោក ឧត្តមសេនីយ៍ទោ សៀម សុត្ថាវុធ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោក វរសេនីយ៍ទោ អែល សំណាង នាយរងការិយាល័យចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ទោ ឃឹម សារិទ្ធ អធិការរងនគរបាលខណ្ឌដង្កោ។

របាយការណ៍ដដែលបន្តថា ជាលទ្ធផលមានយានយន្តឆ្លងកាត់ចំនួន ៣៧គ្រឿង និងឃាត់យានយន្តល្មើសជាតិស្រវឹង ចំនួន១៣គ្រឿង (រថយន្ត ៧គ្រឿង ម៉ូតូ ៦គ្រឿង) បានបង់ផាកពិន័យនៅនឹងកន្លែងរួចរាល់ ចំនួន៤គ្រឿង នៅសេសសល់ ចំនួន៩គ្រឿង នាំមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីតម្រូវឱ្យម្ចាស់យានយន្តទាំងនោះ ចូលខ្លួនដោះស្រាយបង់ផាកពិន័យតាមច្បាប់៕

RELATED ARTICLES