ភ្នំពេញ ៖ រថយន្តសណ្តោងកុងតឺន័រ ១គ្រឿង បើកបរក្នុងល្បឿនលឿន រួចជ្រុលទៅបុករថយន្តធុនធំ ដឹកគោ ចំពីក្រោយ ពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្តកុងតឺន័រ រងរបួសធ្ងន់ កៀបជាប់ក្នុងកាប៊ីន និងត្រូវបានកង សង្គ្រោះ ៧១១ កងពលតូចលេខ៧០ ចុះអន្តរាគមន៍ គាស់ចេញពីកាប៊ីនរថយន្ត ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៥៩នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកូរ៉េធុនធំ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ 3F-0597 ជារថយន្តដឹកគោ ធ្វើដំណើរតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសណ្តោង កុងតឺន័រ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-1159 បើកបរក្នុងទិសដៅស្របគ្នា មកពីក្រោយក្នុងលឿនមិនប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តដឹកគោ ពេញទំ ហឹង បណ្តាលឱ្យតៃកុងរថយន្តកុងតឺន័រ កៀបជាប់ក្នុងកាប៊ីនរថយន្ត រងរបួសធ្ងន់។

ក្រោយកើតហេតុ កងសង្គ្រោះ ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្គ្រោះ កាត់យកជនរងគ្រោះមកក្រៅ រួចប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច រួចអូសយកទៅរក្សាទុក រង់ចាំដោះ ស្រាយពេលក្រោយ៕

