Thursday, July 17, 2025
Homeចរាចរណ៍អាជ្ញាធរអប្សរា ជួសជុលប្រាសាទឥដ្ឋទី៩ ប្រាសាទបាគង

អាជ្ញាធរអប្សរា ជួសជុលប្រាសាទឥដ្ឋទី៩ ប្រាសាទបាគង

ខេត្តសៀមរាបៈ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលនិងពង្រឹងប្រាសាទឥដ្ឋ ប្រាង្គទី៩ ក្នុងកំពែងទី៣ នៃប្រាសាទបាគង បន្ទាប់ពីពិនិត្យឃើញប្រាង្គប្រាសាទឥដ្ឋនេះ មានភាពខូចខាតធ្ងន់ រចនាសម្ព័ន្ធប្រាង្គទាំងមូល ទ្រុឌទ្រោមខ្លាំង គ្រឹះស្រុតនិងជញ្ជាំងប្រេះហែក ដែលមានហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរ។

លោកសារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមតាំងពីអំឡុងខែឧសភាឆ្នាំ២០២៥ មក គឺក្រុមអ្នក ជំនាញបានធ្វើការជួសជុលពង្រឹងប្រាសាទឥដ្ឋប្រាង្គទី៩ ក្នុងកំពែងទី៣ នៃប្រាសាទបាគង នេះឡើងវិញ។

លោកជម្រាបជូនថា រចនាសម្ព័ន្ធប្រាសាទឥដ្ឋនេះ បានខូចខាតយ៉ាងធ្ងន់ ជញ្ជាំងប្រាសាទបានហែកជា ៤បំ ណែកធំៗ ប្រឈមនឹងហានិភ័យខ្ពស់ ដោយសារកត្តាពេលវេលាសំណង់មានសភាពចាស់ជរា ទ្រុឌទ្រោមខ្លាំង និងប្រឈមការប្រែប្រួលអាកាសធាតុជាដើម ដូច្នេះអ្នកជំនាញបានធ្វើការទល់ទ្រជញ្ជាំងផ្នែកខាងលិច និងខាងជើង។

ចំណែកផ្នែកខាងក្នុងនៃប្រាសាទ ត្រូវធ្វើឆ្អឹងដែក ដើម្បីពង្រឹងរចនាសម្ព័ន្ធប្រាង្គដែលនៅសេសសល់ ឱ្យរឹងមាំឡើងវិញ ក្រៅពីនេះក៏ចាប់ផ្តើមជួសជុលពង្រឹងគ្រឹះនិងជញ្ជាំងដែលប្រេះហែក និងពុកផុយ ឱ្យរឹងមាំឡើងវិញ។ បច្ចេកទេស គឺដាប់យកឥដ្ឋដែលខូចគុណភាពចេញ រួចរៀបជំនួសវិញនូវឥដ្ឋថ្មីដែលមានគុណភាពល្អ អាចទ្រទ្រង់ជញ្ជាំងបន្តទៀតបាន។

មកដល់បច្ចុប្បន្ន កិច្ចការជួសជុល សម្រេចបានលទ្ធផល ៣៥ភាគរយហើយ ដោយបានបែងចែកការងារ ជាពីរដំណាក់ គឺដំណាក់កាលទី១ ពង្រឹងទល់ទ្រជញ្ជាំងផ្នែកខាងលិច និងរៀបចំជាឆ្អឹងដែកផ្នែកខាងក្នុង។ បន្ទាប់មកដំណាក់កាលទី២ គឺការជួសជុលជញ្ជាំងឥដ្ឋ។ អ្នកជំនាញរំពឹងថា ការជួសជុលប្រាសាទនេះ អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ ។

សូមជម្រាបថា ប្រាសាទឥដ្ឋ ព័ទ្ធជុំវិញកសិន្ធុប្រាសាទបាគង មានសរុបចំនួន២២ប្រាសាទ ដោយប្រាសាទខ្លះ បានរងការខូចខាតស្ទើរតែមិនសេសសល់រូបរាង។ ចំណែកប្រាសាទដែលនៅមានរូបរាង អាជ្ញាធរជាតិអប្សរា បានថែទាំ អភិរក្សជាបន្តបន្ទាប់ ដើម្បីថែរក្សាមរតក បេតិកភណ្ឌជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សជាតិ។

ជាក់ស្តែង កន្លងមកអាជ្ញាធរជាតិអប្សរា បានជួសជុលប្រាសាទឥដ្ឋ ចំនួន៧ ជញ្ជាំងខឿនថ្មភក់ចំនួន១ ជួស ជុលតោនិងកម្រាលចំនួន១ ជួសជុលពង្រឹងដំរីនិងកម្រាលចំនួន១ ជួសជុលបង្គោលសីមា ផ្លូវចូលខាងកើត និងពង្រឹងការពារបណ្តោះអាសន្ន ចំនួន៤ទីតាំងទៀត នៅជុំវិញប្រាសាទបាគង៕

RELATED ARTICLES