ភ្នំពេញ ៖ រថយន្តទំនើប ១គ្រឿង បានបើកបរមកដល់ត្រង់ចំណុចផ្លូវដែក ១កន្លែង ឃើញមានបារ៉ាស់កាត់ទទឹងផ្លូវ បញ្ជាក់ថា នឹងមានរថភ្លើងឆ្លងកាត់ ស្រាប់តែមិនព្រមឈប់រង់ចាំ បែរជា បន្តបើកទៅមុខ ស្របពេលដែលរថភ្លើងមកដល់ បុកពេញទំហឹង បណ្តាលឱ្យខូចខាតរថយន្ត១ចំហៀង តែសំណាងល្អ មិនបង្កឱ្យអ្នកជិះក្នុងរថយន្តរងរបួសអ្វីធ្ងន់នោះទេ តែក្រោយកើតហេតុ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចគីឡូម៉ែត្រទី១២ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះ-ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ថា នៅវេលាម៉ោង ២និង២៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានបុរសម្នាក់ បើកបររថយន្ត ១គ្រឿង ម៉ាក Lexus NX-200t បំពានរបាសុវត្ថិភាពដែលបានទម្លាក់ចុះ និងបានបង្កជាគ្រោះថ្នាក់ បណ្តាលឱ្យរថភ្លើង និងរថយន្ត រងការខូចខាត ហើយរថយន្តបានខ្ទាតធ្លាក់ចូលប្រឡាយលូ។ គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចគីឡូម៉ែត្រទី១២ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះ-ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា អ្នកបើកបររថយន្ត រងរបួសស្រាល បានរត់គេចខ្លួន ចោលរថយន្តនៅកន្លែងកើតហេតុ។ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បានបញ្ជាក់បន្ថែមថា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់នាពេលខាងមុខ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ សំណូមពរដល់បងប្អូនទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ផ្លូវដែក និងសូមអនុវត្តតាមការណែនាំដូចខាងក្រោម ៖

១-ត្រូវផ្តល់សិទ្ធិអាទិភាពដល់ខ្សែរថភ្លើងគ្រប់ពេលវេលា មុននឹងធ្វើដំណើរឆ្លងកាត់
២-ត្រូវស្ថិតនៅចម្ងាយយ៉ាងតិច ៣ម៉ែត្រ ពីរបាសុវត្ថិភាព
៣-ត្រូវអនុវត្តតាមការណែនាំរបស់ឆ្មាំរបា រាល់ពេលមានរថភ្លើងឆ្លងកាត់
៤-ហាមអង្គុយលេងឬប្រលែងគ្នាលេងនៅលើ ឬក្បែរផ្លូវរថភ្លើង
៥-ហាមលែង ឬចងសត្វពាហន: នៅលើឬក្បែរផ្លូវរថភ្លើង
៦-ហាមចតឬប្រកបមុនរបរអាជីវកម្មនៅក្បែរផ្លូវរថភ្លើង
៧-ហាមដាក់សម្ភារៈនិងប្រារព្ធពិធីផ្សេងៗនៅក្បែរផ្លូវរថភ្លើង
៨-ហាមធ្វើផ្លូវឆ្លងកាត់រថភ្លើង ដោយគ្មានការអនុញ្ញាត
៩-ចំណចឆ្លងកាត់ដែលគ្មានឆ្មាំរបា ត្រូវឈប់យ៉ាងតិចចម្ងាយ ៥ម៉ែត្រ ពីផ្លូវរថភ្លើង ត្រូវពិនិត្យឆ្វេងស្តាំ មុននឹងឆ្លងកាត់
១០-ត្រូវពិនិត្យស្លាកសញ្ញាសុវត្ថិភាព ក្រឡេកមើលឆ្វេងស្តាំ និងស្តាប់សំឡេងស៊ីផ្លេរបស់រថភ្លើង មុននឹងឆ្លងកាត់ផ្លូវរថភ្លើង៕