ខេត្តព្រៃវែង ៖ ប្តីប្រពន្ធវ័យចំណាស់ ២នាក់ បាននាំចៅស្រីតូចម្នាក់ ចេញពីផ្ទះ ឯខេត្តតាកែវ ស្កាត់ទៅលេងផ្ទះកូន នៅឯខេត្តព្រៃវែង លុះពេលកំពុងអង្គុយជុំគ្នានៅក្នុងផ្ទះកូន ដែលស្ថិតនៅក្បែរចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តធុនធំ ប្រភេទដឹកស៊ីម៉ងត៍ ១គ្រឿង បើកបរក្នុងល្បឿន លឿន ទាំងមេឃកំពុងធ្លាក់ភ្លៀង ជ្រុលបុកចូលផ្ទះ ទាំងកំរោល បណ្តាលឱ្យប្តីប្រពន្ធវ័យចំណាស់ និងចៅស្រី ស្លាប់នៅនឹងកន្លែង ចំណែក៦នាក់ផ្សេងទៀត រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣១០ ត្រង់ចំណុចឃុំកោះចេក ស្រុកពាមជរ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្ត ១គ្រឿង ពាក់ស្លាក លេខ ត្បូងឃ្មុំ 4A-0051 ដឹកស៊ីម៉ងត៍ ពេញរថយន្ត ដោយធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ដោយសារតែមេឃកំពុងភ្លៀង រថយន្ត ព្យាយាមចាប់ហ្វាំង ក៏ធ្វើឱ្យរអិល រេចង្កូតបុកចូលផ្ទះអ្នកស្រុក នៅជាប់ផ្លូវ ដែលផ្ទះនោះ ធ្វើពីឈើ បាំងជញ្ជាំងនិងដុះបូលស័ង្កសី មានទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ និងបានកិនផ្ទះបាក់រាបដល់ដី ហើយមនុស្សក្នុងផ្ទះ ស្លាប់ចំនួន៣នាក់ ក្នុងនោះមនុស្សចាស់ ២នាក់ និងក្មេងស្រីអាយុ៨ឆ្នាំម្នាក់។ ចំណែកមនុស្ស ៦នាក់ផ្សេងទៀត មានក្មេងចាស់ប្រុសស្រី បានរងរបួសធ្ងន់។

ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ ចំណែកអ្នកភូមិ បានផ្អើលមកចោម រោមមើល រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានជួយទាញយកក្មេងប្រុសម្នាក់ ចេញពីក្រោមរថយន្ត រួចប្រញាប់ដឹកយកជនរងគ្រោះទាំង ៦នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

លោកជា ហេង អធិការនគរបាលស្រុកពាមជរ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះទាំង៣នាក់ ដែលបាត់បង់ជីវិត រួមមាន ទី១-ឈ្មោះប៉ែន ចេន ភេទប្រុស អាយុ៧៧ឆ្នាំ (ជាប្តី)។ ទី២-ឈ្មោះជា ហម ភេទស្រី អាយុ៧៥ឆ្នាំ (ជាប្រពន្ធ) និងនិងទី៣-ឈ្មោះចេន ចននីតា ភេទស្រី អាយុ៨ឆ្នាំ (ជាចៅ)។ អ្នកទាំង៣ មានលំនៅឯខេត្តតាកែវ ហើយនៅថ្ងៃកើតហេតុនោះ ពួកគាត់បាននាំគ្នាមកលេងកូន នៅផ្ទះកើតហេតុ ហើយពេលកំពុងអង្គុយជជែកគ្នាលេងនៅក្នុងផ្ទះ ស្រាប់តែត្រូវរថយន្តបុកចូលកិនស្លាប់តែម្តង។

សពជនរងគ្រោះទាំង៣នាក់ ត្រូវសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ឯខេត្តតាកែវ។ ចំណែកជនរងគ្រោះ ៦នាក់ទៀត អ្នកខ្លះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង ខណៈខ្លះទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ៕

