Wednesday, August 20, 2025
Homeចរាចរណ៍ធ្វើបុណ្យ៧ថ្ងៃម៉ែរួច ឡានកិនកូនស្លាប់

ធ្វើបុណ្យ៧ថ្ងៃម៉ែរួច ឡានកិនកូនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ទើបនឹងត្រឡប់មកពីស្រុក រៀបចំពិធីបុណ្យ៧ថ្ងៃ ឱ្យម្តាយបង្កើតរបស់ខ្លួនរួចជិះម៉ូតូដឹកគ្នាបំណងទៅលេងផ្ទះមិត្តភក្តិ ស្រាប់តែអកុសលនៅតាមផ្លូវ រអិលដួលម៉ូតូ បណ្តាលឱ្យរថយន្តធុនធំ ១គ្រឿង កិនស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលអ្នកបើកម៉ូតូ រងរបួសធ្ងន់ បាក់ជើងទាំងសងខាង ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ខាងលើ មានឈ្មោះខឿន វណ្ណាដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ម្តុំផ្សារព្រៃទទឹង ខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលរងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្ត សញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1O-1565 ដោយក្នុងនោះ ជនរង គ្រោះជាអ្នកអង្គុយខាងក្រោយ លុះពេលធ្វើដំណើរតាម បណ្តោយផ្លូវឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ម៉ូតូក៏បានរអិលដួលទៅលើថ្នល់ ស្របពេលរថយន្តធុនធំ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-3429 បើកមកពីក្រោយ គេចមិនទាន់ ក៏ជ្រុលកិនបណ្តាលឱ្យជនរងគ្រោះឈ្មោះខឿន វណ្ណាដា ស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកម៉ូតូ រងរបួសធ្ងន់ធ្ងរ ត្រូវរថយន្តកិនបាក់ជើងទាំងសងខាង។

តាមការបង្ហើបឱ្យដឹងពីម្តាយមីងរបស់ជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះទើបតែមកពីខេត្តកំពង់ឆ្នាំង រៀបចំធ្វើបុណ្យ៧ថ្ងៃជូនម្តាយ ដែលទើបនឹងស្លាប់ ហើយនៅពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូជាមួយមិត្តភក្តិ ក្នុងគោលបំណងទៅលេងមិត្តភក្តិម្នាក់នៅម្តុំភ្នំប្រសិទ្ធិ តែមិន ទាន់ដល់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថ យន្តកិស្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលជំនាញចរាចរណ៍ ចុះធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សា ទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES