Friday, September 5, 2025
Homeតារាខ្មែរមុនីនាថ  ឪពេញចិត្តកូនប្រសា

មុនីនាថ  ឪពេញចិត្តកូនប្រសា

ភ្នំពេញ ៖ អតីតតារាចម្រៀង លោកឈិន កុសល ឪពុកតារាសម្ដែង ឈិន មុនីនាថ ជាគូដណ្ដឹងលោក ខេង រតនៈ ហៅនាយព្រែក បានអះអាងថា រឿងគូជីវិតកូនស្រីលោក តាមចិត្តកូនទាំងអស់ គឺបើពួកគេជ្រើសរើសគ្នាជាគូស្រករ ជាគូស្នេហ៍ ស្រលាញ់ពេញចិត្តគ្នា នោះលោកមិនហាមឃាត់ឡើយ ។ ជាមួយគ្នានេះ លោកកុសល ក៏បានបង្ហាញការអបអរសាទរដល់កូនស្រី​ និងអនាគតកូនប្រសា ដែលពួកគេក្លាយជាគូស្នេហ៍ ត្រៀមរៀបការនៅចុងឆ្នាំ២០២៥ ខាងមុខនេះ ខណៈលោកថា មានកូនស្រីទាំងអស់ ដល់ទៅ៣នាក់ ហើយបន្ទាប់ពីមុនីនាថ រៀបការរួច លោកនៅសល់កូនស្រីពៅ ម្នាក់ទៀត អាយុ១០ឆ្នាំ ។

លោកឈិន កុសល និងកូនស្រី រួមទាំងកូនប្រសារ

ចំណែកឈិន ច័ន្ទសុធារី ដែលត្រូវជាប្អូនរបស់លោកឈិន កុសល និងជាម្ដាយមីងមុនីនាថ ក៏បានសម្ដែងការអបអរសាទរ ដល់គូស្នេហ៍ ឈិន មុនីនាថ និងនាយព្រែក ផងដែរ ដោយនាងហៅពួកគេទាំងពីរថា ជាកូន។ ឪពុកក្មេកនាយព្រែក លោកឈិន កុសល ថាកូនប្រសាលោក ម្នាក់នេះ អួតថាខ្លួនស្អាតរហូត ហេតុនេះលោកមានតែឲ្យមហាជនជាអ្នកដាក់ពិន្ទុឲ្យទៅចុះថា តើរវាងមុនីនាថ និងនាយព្រែក មួយណាស្អាតជាង?

សូមបញ្ជាក់ថា ឪពុកឈិន មុនីនាថ លោកឈិន កុសល ជាតារាចម្រៀងម្នាក់ដែលធ្លាប់លេចធ្លោគូរសម តែមិនបានបង្ហាញខ្លួនតាមឆាកតន្រី្ដ ជាច្រើនឆ្នាំមកហើយ។ ប៉ុន្ដែលោកបានបណ្ដុះកូនស្រី ឲ្យដើរតាមគន្លងរបស់លោក ចាប់អាជីពជាតារាសម្ដែង និងពិធីការិនី ហើយពេលនេះ លោកបានក្លាយទៅជាដន្លងរបស់អ្នកចម្រៀងអាយ៉ៃ និងជាតារាកំប្លែងជើងចាស់ អ្នកស្រី នួន សារី ហៅយាយយ៉យ  ដែលនេះបញ្ជាក់ថា អ្នកសិល្បៈ ផ្សារភ្ជាប់សាច់ឈាមជាមួយអ្នកសិល្បៈដូចគ្នា។

គួររំលឹកថា ឈិន មុនីនាថ និងនាយព្រែក បានស្វែងយល់ចិត្តគ្នា ដល់ទៅ៦ឆ្នាំ ទើបអ្នកទាំងពីរបានបង្ហាញភាពច្បាស់លាស់នឹងគ្នា តាមរយៈលោក រតនៈ ធ្វើពិធីសុំគូស្នេហ៍រៀបការ (Will You Marry Me ?) និងកំណត់ថ្ងៃរៀបការ (Save The Date) ដែលពិធីនេះបានធ្វើនៅសណ្ឋាគារ Faifield កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។ ក្រោយមុនីនាថ ឆ្លើយ OK ព្រមរៀបការជាមួយនាយព្រែក នោះ ទីបំផុតពួកគេបានកំណត់ថ្ងៃរៀបការនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះហើយ ។

          នាយព្រែក ថ្លែងថា «ក្ដីស្រលាញ់ និងសុភមង្គល គឺយើងជាអ្នកបង្កើតវា» ។

ការសម្រេចចិត្តយកប្ដី ជាអ្នកសិល្បៈដូចគ្នា របស់ឈិន មុនីនាថ នាពេលនេះ គឺធ្វើឲ្យចំណងស្នេហាតារានិងតារា កាន់តែច្រើន ព្រោះតែពួកគេយល់ថា មានតែអ្នកមានអាជីពដូចគ្នា ទើបអាចរស់នៅជាមួយគ្នាបានគង់វង្សយូអង្វែង ដោយសារតែអ្នកសិល្បៈ បើយកគូក្រៅរង្វង់សិល្បៈ ងាយប្រឈមប្រេះឆា ប្រសិនបើដៃគូប្រចណ្ឌ ។ ប៉ុន្ដែសម្រាប់នាយព្រែក អនាគតកូនប្រសាលោកឈិន កុសល ធ្លាប់ភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តកំពង់ ចាម នាងជា ស្រីតី កាលពីឆ្នាំ២០១៦ តែបានចែកផ្លូវគ្នានៅឆ្នាំ២០១៩។ មុនីនាថ ថាពីដំបូង នាងក៏មិនទុកចិត្តនាយព្រែក ដែរ ព្រោះឃើញលេងសើចច្រើន ទើបប្រើពេលដល់ទៅ ៦ឆ្នាំ មុននឹងសម្រេចចិត្តរៀបការ ចំថ្ងៃខួបគម្រប់៦ឆ្នាំ នៃស្នេហារបស់ពួកគេតែម្ដង ។          

ក្រៅពីឈិន មុនីនាថ-នាយព្រែក តារាជ្រើសអ្នកសិល្បៈដូចគ្នាជាគូស្នេហ៍ ប្តីប្រពន្ធ មានដូចជា ៖ គង់ សុជាតិ-ជាវិបុល, កុល ដាវី-សុខ រក្សា, គង់ ច័ន្ទស្រីមុំ-គឹម សីហា, ប៉ាច គីមមួយ-សយ រតនៈ, ទេព បូព្រឹក្ស-ងួន ចាន់ដេវីត, ពេជ្រ សោភា-ឆឹម សក្កដា, សួស វីសា-ថមមី, SK-Step, ម៉ានីកា-ចន និងអ៊ីងអីង-ពឹង ច័ន្ទបូមី ជាដើម ៕

RELATED ARTICLES