ខេត្តកំពង់ស្ពឺ ៖ បុរសជនជាតិចិនម្នាក់ បើកបររថយន្តតូយ៉ូតា ព្រូស ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ទាំងស្ថាន ភាពស្រវឹងជោក រួចជ្រុលចូលទៅចំណែកផ្លូវឱ្យម្ខាងទៀត បុកជាមួយរថយន្តកុងតឺន័រ ១គ្រឿង ដែលកំពុងបើក បរបញ្ច្រសទិសគ្នា ធ្វើឱ្យរថយន្តកុងតឺន័រក្រឡាប់ផ្ងារជើង អ្នកបើកបរ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែកបុរសជនជាតិចិន ជាអ្នកបើកបររថយន្តព្រូស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង០៥នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ត្រង់ចំណុចភូមិចម្ការរដ្ឋ ឃុំវល្លិស ស្រុកសំរោងទង។

បុរសជាអ្នកបើកបររថយន្តកុងតឺន័រ ដែលរងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកជនជាតិចិន ជាអ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះ LIAO YONG ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EK4639800 ចុះថ្ងៃទី 5-6-2023 ផុតសុពលភាព ថ្ងៃទី4-6-2033 មានប័ណ្ណបើកបរលេខ DRIVING LICENSE B.00344790 ស្នាក់នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BP-1154 បើកបរដោយឈ្មោះ LIAO YONG ភេទប្រុស ជនជាតិចិន ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តតូយ៉ូតា ព្រូស រេចង្កូតទៅផ្នែកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្តកុងតឺន័រ ១គ្រឿង ម៉ាក Scania ពាក់ស្លាកលេខ កំពង់ចាម 3B-0849 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-0401 ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ពីកើត ទៅលិច បណ្តាលឱ្យរថយន្តកុងតឺន័រក្រឡាប់ផ្ងារជើង។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ប្រាប់ថា ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ខាងលើ បានបណ្តាលឱ្យអ្នកបើកបររថយន្តកុងតឺន័រ រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកបរ រថយន្តតូយ៉ូតា ព្រូស ជាជនជាតិចិន ត្រូវបានសមត្ថកិច្ចជំនាញវាស់ជាតិអាល់កុល ឃើញមានជាតិអាល់កុល 0.864mg/l និងត្រូវបាននាំយកទៅសាកសួរ។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី៕