ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូរ៉ឺម៉កដឹកអីវ៉ាន់ មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តទំនើប ១គ្រឿង ដែលកំពុងតែបើកឆ្លងផ្លូវ ពេញទំហឹង បណ្តាលរថយន្តខូចខាតយ៉ាងធ្ងន់ តែសំណាងល្អ គ្មានអ្នករងរបួស លុះក្រោយកើតហេតុ ភាគីរថយន្តទំនើប ទាមទារសំណងចំនួន ១ពាន់ដុល្លារ តែភាគីរ៉ឺម៉កដឹកអីវ៉ាន់ សុំសង ៣០០ដុល្លារ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវបុរី ក្នុងសង្កាត់ចាក់អង្រែក្រាម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូរ៉ឺម៉កដឹកអីវ៉ាន់ ១គ្រឿង បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូង មកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក Mazda ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2CF-5978 បើកបរដោយនារីម្នាក់ បានធ្វើដំណើរចេញពីផ្លូវបុរី មួយកន្លែង ឆ្លងផ្លូវ ទិសដៅពីកើត មកលិច ដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរ៉ឺម៉កបុកចំពីហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យខូចខាត តែសំណាងល្អ ក្នុងហេតុ ការណ៍នេះ គ្មានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ឱ្យម្ចាស់រថយន្ត និងម្ចាស់រ៉ឺម៉ក ធ្វើការសម្របសម្រួលគ្នាមួយសន្ទុះ ដោយក្នុងនោះ ខាងរថយន្តបានទារសំណង ១ពាន់ដុល្លារ តែខាងម្ចាស់រ៉ឺម៉ក គ្មានលទ្ធភាព សុំត្រឹម ៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
