Saturday, October 11, 2025
Homeចរាចរណ៍បើកឡានទំនើបបុករះ របួសមនុស្ស៣នាក់

បើកឡានទំនើបបុករះ របួសមនុស្ស៣នាក់

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចរេចង្កូតទៅបុករះម៉ូតូ ២គ្រឿង និងរថយន្ត៣គ្រឿង រួមទាំងរ៉ឺម៉ក ១គ្រឿងទៀត បណ្តាលឱ្យមនុស្សប្រុសស្រី ៣នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមុខអគារដឺប៊្រីដ តាមបណ្តោយផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6878 បើកតាមបណ្តោយផ្លូវលេខ៧៨ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកម៉ូតូ ២គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ឈាមជ្រូក និងពណ៌ស បុកពីក្រោយពេញទំហឹង បណ្តាលឱ្យស្ត្រីជាអ្នកជិះម៉ូតូ រងរបួសធ្ងន់ ហើយមនុស្សប្រុស២ នាក់ទៀត រងរបួសស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យ សង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កហេតុ មិនទាន់អស់ ល្បឿន បន្តទៅបុករថយន្តតូយ៉ូតា ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BU-2543 កំពុងចតចិញ្ចើមផ្លូវ ទៅរុញផ្ទប់ពីក្រោយរថយន្ត ២គ្រឿង បង្កការខូចខាតធ្ងន់។ ភ្លាមៗ ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ វាស់វែង យកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES