Thursday, October 16, 2025
Homeចរាចរណ៍ឡានដឹកកម្មករ បុករះម៉ូតូ៣ របួស៤ 

ឡានដឹកកម្មករ បុករះម៉ូតូ៣ របួស៤ 

ខេត្តកំពង់ស្ពឺ ៖ រថយន្តកូរ៉េ ដឹកកម្មករ ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជា៤ មិនបង្អង់ល្បឿន ជ្រុលបុករះម៉ូតូ ចំនួន៣គ្រឿង បណ្តាលឱ្យរងការខូចខាត និងបង្កឱ្យអ្នកជិះម៉ូតូចំ នួន៤នាក់ (ស្រី២) បានរងរបួសធ្ងន់-ស្រាល ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈអ្នកបើកបរ រថយន្តបង្កហេតុ បានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ចំណុចផ្លូវបំបែកជា៤ ភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានពាក់ស្លាកលេខ ជាប្រភេទរថយន្តទ្រុងដឹកកម្មករ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ ក្រោយកើតហេតុ) មានដឹកកម្មករ-កម្មការិនី ចំនួន៥០នាក់ (ស្រី៣៥នាក់) បើកបរក្នុងល្បឿនយ៉ាងលឿន បោះ ពួយពីទិសខាងលិច ទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបើកឆ្លងផ្លូវ ជ្រុលទៅបុករះម៉ូតូ ចំនួន៣គ្រឿង ទាំងកំរោល បណ្តាលឱ្យខូចខាតម៉ូតូ ចំនួន៣គ្រឿង និងរបួសមនុស្សចំនួន ៤នាក់ (ស្រី២នាក់)។

ប្រភពដដែល បន្តថា ចំពោះម៉ូតូដែលរងការខូចខាត ទាំង៣គ្រឿង រួមមាន ៖

ទី១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-0112 អ្នកបើកបរឈ្មោះប៉ុល ស៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំ មានលំនៅ ភូមិព្រៃសំបុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាង ត្បូង ទៅជើង រួចបត់ឆ្លងផ្លូវ ទៅទិសខាងលិច។

ទី២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1X-6868 អ្នកបើកបរឈ្មោះឃីម ចាន់លី ភេទប្រុស អាយុ៣៤ឆ្នាំ ដឹកប្រពន្ធ ឈ្មោះស៊ុន ខ្នា អាយុ៣០ឆ្នាំ មានលំនៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើង ទៅត្បូង រួចបត់ទៅទិសខាងកើត។

និងទី៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-5875 អ្នកបើកបរឈ្មោះហេង ស៊ុន ភេទស្រី អាយុ២៥ឆ្នាំ មានលំនៅ ភូមិពាំងកំផ្លង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើង ទៅត្បូង រួចបត់ទៅទិសខាងកើត។

សមត្ថកិច្ច បានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះខាងលើនេះ បានបណ្តាលឱ្យគ្រោះថ្នាក់មនុស្ស ចំនួន៤នាក់ (ស្រី២នាក់) និងខូចខាតសម្ភារៈ រួមមាន ម៉ូតូ ចំនួន៣គ្រឿង និងរថយន្ត ចំនួន១គ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះដែលរងរបួស ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចចរាចរណ៍ បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង និងអូសយកម៉ូតូ ទាំង៣គ្រឿង និងរថយន្តបង្កហេតុ ទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលសំរោងទង នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្ត នាំយកមកដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES