Wednesday, October 29, 2025
Homeចរាចរណ៍បើកឡានបុកគេស្លាប់ ប្លុងឡានចោល រត់បាត់

បើកឡានបុកគេស្លាប់ ប្លុងឡានចោល រត់បាត់

ខេត្តបាត់ដំបង ៖ រថយន្ត ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿង ពេញទំ ហឹង បណ្តាលឱ្យអ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តបង្កហេតុ បានព្យាយាមបើកគេចចេញពីទី តាំងកើតហេតុ និងបានប្លុងចោល រួចអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវឯកទិស) ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៥៦-២៥៧ ត្រង់ចំណុចក្រុមទី០៥ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី។

ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះនៅ នេត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ ព្រៀង ស្រុកសង្កែ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើក រថយន្តគេចទៅប្លុងចោល រួចអ្នកបើកបរ ចុះរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយរថយន្តម៉ាកហាយឡែនដឺរ ប្រភេទទេសចរណ៍ ធុនតូច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-1773 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងភ្នំពេញ ទៅបាត់ដំបង (ទិសខាងត្បូង ទៅជើង)។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1S-0412 បើកបរដោយឈ្មោះនៅ នេត ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បានបណ្តាលឱ្យជនរងគ្រោះជាអ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បញ្ជាក់ថា ម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅស្របគ្នា លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបុកពីក្រោយម៉ូតូ ពេញទំហឹងតែម្តង។ ក្រោយពេលកើតហេតុ រថយន្តបង្កហេតុ បានបើកបរគេចចេញពីកន្លែងកើតហេតុ យកទៅទុកចោលនៅចំណុចផ្លូវវាងក្រុង ស្រុកសង្កែ ខេត្តបាត់ដំបង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្កហេតុ រួចបានយកមធ្យោបាយនិងវត្ថុតាង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកសពជនរងគ្រោះ សមត្ថ កិច្ចបានធ្វើកំណត់ហេតុ ប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES