Monday, November 10, 2025
Homeចរាចរណ៍ស្រីចិនបើកឡានបុកគូទកុងតឺន័រ របួស២នាក់

ស្រីចិនបើកឡានបុកគូទកុងតឺន័រ របួស២នាក់

ភ្នំពេញ ៖ ស្ត្រីជនជាតិចិន ម្នាក់ បើកបររថយន្តទំនើប ១គ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទូកុងតឺន័រ ១គ្រឿង ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ២នាក់ និងត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងទូកុងតឺន័រ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-7254 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិស ដៅពីជើង ទៅត្បូង លុះពេលបើកមកដល់ចំណុចកើត ហេតុខាងលើ បានឈប់អែបខាងនៅចិញ្ចើមផ្លូវ ហើយតៃកុងបានចុះទៅទិញទឹកសុទ្ធ សម្រាប់ហូបមួយភ្លែត ភ្លាមនោះស្រាប់តែមានរថយន្តទំនើប ១គ្រឿង ម៉ាក BYD ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9188 បើកបរដោយស្ត្រីជនជាតិចិន ម្នាក់ មានអ្នករួមដំណើរម្នាក់ ធ្វើ ដំណើរមកពីក្រោយ តាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿនមិនប្រ យ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទូកុងតឺន័រ ពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងធ្ងន់ ចំណែកអ្នកបើកបររថយន្ត ជាស្ត្រីជនជាតិចិន និងអ្នករួមដំណើរ បានរងរបួសក្បាលធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុខាងលើ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

RELATED ARTICLES