Monday, December 15, 2025
Homeចរាចរណ៍មេឃុំស្អាងភ្នំ ជិះម៉ូតូបុកគ្នា របួសធ្ងន់២

មេឃុំស្អាងភ្នំ ជិះម៉ូតូបុកគ្នា របួសធ្ងន់២

ខេត្តកណ្តាល ៖ លោកមេឃុំស្អាងភ្នំ កំពុងជិះម៉ូតូ ១គ្រឿង តាមផ្លូវ ស្រាប់តែរេចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ជិះដោយយុវជនម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ទាំង២នាក់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៥៧នាទីល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១២១០ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា ភាគីខាងម៉ូតូទី១-បើកបរដោយឈ្មោះ មិ ពិន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមេឃុំស្អាងភ្នំ មានលំនៅ ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Z-8043។ ចំណែកឯភាគីខាងម៉ូតូទី២-បើកបរដោយឈ្មោះរឿន ធារិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ស ផ្លាកលេខ កណ្តាល 1AI-9432។

លោកអធិការ បានបន្តថា មុនពេលកើតហេតុ លោកមេឃុំ បានបើកបរម៉ូតូក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកឆ្វេង បានបុកជាមួយម៉ូតូរបស់យុវជនខាងលើដែលកំពុងបើកបរក្នុងទិសដៅពីត្បូង ទៅជើង (បញ្ច្រាសទិសគ្នា) ពេញទំហឹងតែម្តង។ តាមការពិនិត្យកាមេរ៉ាសុវត្ថិភាព និងការ សន្និដ្ឋានបឋម គឺបណ្តាលមកពីលោកមេឃុំ បើកបរមានការធ្វេសប្រហែស មិនបានពិនិត្យស្ថានភាពត្រឹមត្រូវ រីឯភាគីម្ខាងទៀត បើកបរក្នុងល្បឿនលឿន។

ក្រោយកើតហេតុ វត្ថុតាងម៉ូតូ ទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែង និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

RELATED ARTICLES