ភ្នំពេញ ៖ សហភាពអង្គការសង្គមស៊ីវិល តំណាងឲ្យអង្គការ-សមាគម ក្រុមយុវជន សហគមន៍មូលដ្ឋាន ចំនួន ៥០ស្ថាប័ន និងពលរដ្ឋ ជាង៥០០០នាក់ ដែលជាតំណាងមកពីជំរំភៀសសឹកកម្ពុជា នៃប្រជាជនជាងកន្លះលាននាក់ បានធ្វើញត្តិ គោរពជូនលោក អង់តូនីញ៉ូ ហ្គូទែររេស (António Guterres) អគ្គលេខាធិការអង្គការសហ ប្រជាជាតិ ស្នើសុំអន្តរាគមន៍ទាមទារឲ្យថៃ ត្រូវតែសងជំងឺចិត្ត ការខូចខាត ដែលប្រទេសថៃ បានបង្កឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពានកម្ពុជា បំផ្លាញផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្តអារាម ស្ពាន ផ្សារ ផ្លូវ ជាដើម និងស្នើសុំបញ្ជូនបេសកកម្មស្វែងរកការពិតឯករាជ្យ របស់អង្គការសហប្រជា Nជាតិ ដើម្បីបញ្ជាក់ពីការពិតនៅទីតាំងជាក់ស្តែង ស៊ើបអង្កេតលើការរំលោភច្បាប់អន្តរជាតិ របស់ប្រទេសថៃ និងកំណត់ការទទួលខុសត្រូវរបស់ថៃ ចំពោះការស្លាប់និងរងរបួសរបស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ ជាមួយនេះ ស្នើជំរុញពន្លឿននីតិវិធីចំពោះតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់វិធានចំពោះបណ្ដឹងដែលកម្ពុជា បានប្ដឹង ។

ញត្តិរបស់សហភាពអង្គការសង្គមស៊ីវិល គោរពជូនលោក António Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “សហភាពអង្គការសង្គមស៊ីវិល តំណាងឲ្យអង្គការ-សមាគម ក្រុមយុវជន សហគមន៍មូលដ្ឋានទាំង៥០ស្ថាប័ន និងពលរដ្ឋជាង ៥០០០នាក់ (ប្រាំពាន់) ដែលជាតំណាងមកពីជំរំភៀសសឹកកម្ពុជា នៃប្រជាជនជាងកន្លះលាននាក់ ជូនចំពោះ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ សូមមេត្តាស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលកើតចេញពីការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃ មកលើកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភសិទ្ធិមនុស្ស កាន់តែធ្ងន់ធ្ងរ។ ការវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើ ប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កាម មកលើទីតាំងភូមិសាស្ត្រដែលមានប្រជាជនស៊ីវិលរស់នៅ ក្នុងខេត្តបន្ទា យមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងកោះកុង។ ជាក់ស្ដែង ក្រោយបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិល បានស្លាប់ចំនួន ៣១នាក់ និងរងរបួស ចំនួន ៩១នាក់ជន ភៀស សឹក កើនដល់ ៦៣៤ ៤២០នាក់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាច្រើន ត្រូវបានបំផ្លាញ រួមមាន ផ្ទះប្រជា ពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅ សណ្ឋាគារ ស្ថានីយប្រេង ឃ្លាំងទំនិញ បង្គោលអង់តែនទូរស័ព្ទ សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្ត សាលាឆទាន ស្ពាន ផ្សារ ផ្លូវ រថយន្ត និងម៉ូតូ។

គួររំលឹកផងដែរថា ការវាយប្រហាររបស់ថៃ គឺមិនរើសទិសដៅ ពង្រីកការវាយប្រហារទៅទីកន្លែងតំបន់ជនស៊ីវិលរស់នៅ ដែលនោះពុំមែនជាទីតាំងសមរភូមិ ដោយយោធាថៃ បានបើកការបាញ់ប្រហារ ជាច្រើនលើកច្រើនសា មកលើកម្ពុជា ដោយប្រើអាវុធគ្រប់ធុន រួមទាំងយន្តហោះចម្បាំង F-16 និង T-50TH ចូលជ្រៅមកក្នុងដែនអធិបតេយ្យរបស់កម្ពុជា បង្ហាញថា ជាការឈ្លានពានយ៉ាងច្បាស់ មិនមែនជាបញ្ហាជម្លោះព្រំដែន ឡើយ។ ថៃ មិនត្រឹមតែរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិទេ ពិសេសល្មើសចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim ។ ជាងនេះទៀត ឯកឧត្តម Donald J. Trump បានបញ្ជាក់យ៉ាងច្បាស់ថា ៖ “ប្រទេសថៃ ជាអ្នកចាប់ផ្តើមឈ្លានពានមកលើប្រទេសកម្ពុជា មុន ហើយកម្ពុជា ពិតជាប្រទេសរងគ្រោះដោយការឈ្លានពានរបស់ថៃ និងមានសិទ្ធិពេញលេញក្នុងការប្រើសិទ្ធិការពារខ្លួន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ“ ។

ដោយការបំពានទាំងនេះ មិនត្រឹមតែបំពានចំពោះមាត្រា៣៤ និង៣៥ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ជាពិសេសសិទ្ធិរស់រានមានជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនស៊ីវិល ព្រមទាំងសិទ្ធិលើទ្រព្យសម្បត្តិ ដែលត្រូវបានការពារយ៉ាងគត់មត់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។ លើសពីនេះ ទង្វើបាញ់ប្រហារលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល គឺជាការរំលោភបំពានយ៉ាងច្បាស់ លើច្បាប់មនុស្សធម៌អន្តជាតិ ជាពិសេសគោលការណ៍ជាមូលដ្ឋាន នៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងពិធីសាបន្ថែម ដែលហាមឃាត់ដាច់ខាតចំពោះការវាយប្រហារលើជនស៊ីវិល និងទាមទារឲ្យការពារប្រជាជននៅគ្រប់កាលៈទេសៈ ។ ដោយគោរពលើសិទ្ធិអំណាចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ យើងខ្ញុំទាំងអស់គ្នា ស្នើជូនចំពោះឯកឧត្ដមអគ្គលេខា ដូចខាងក្រោម ៖

១- ស្នើសុំឲ្យមានការអន្តរាគមន៍ទាមទារឲ្យថៃ សងនូវជំងឺចិត្ត សងនូវការខូចខាតដែលប្រទេសថៃ បានបំផ្លាញ ដូចជា ផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅសណ្ឋាគារ ស្ថានីយប្រេង ឃ្លាំងទិញដំឡូង ឃ្លាំងទំនិញ បង្គោលអង់តែនទូរស័ព្ទ សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្ត សាលាឆទាន ស្ពាន ផ្សារ ផ្លូវ រថយន្ត និងម៉ូតូ។
២- ស្នើសុំបញ្ជូនបេសកកម្មស្វែងរកការពិត ជាឯករាជ្យ របស់អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការពិតនៅទីតាំងជាក់ស្តែង ស៊ើបអង្កេតលើការរំលោភច្បាប់អន្តរជាតិ ពីសំណាក់ប្រទេសថៃ និងកំណត់ការទទួល ខុសត្រូវរបស់ថៃ ចំពោះការស្លាប់និងរងរបួសរបស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។

៣- ស្នើសុំឲ្យមានការជំរុញនិងពន្លឿននីតិវិធីចំពោះតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់វិធានចំពោះបណ្ដឹងដែលរដ្ឋកម្ពុជា ប្ដឹងស្រាប់ ដើម្បីពង្រឹងច្បាប់អន្តរជាតិ និងផ្ដល់នូវយុត្តិធម៌ដល់អ្នករង គ្រោះកើតចេញពីទង្វើបំពានរបស់ប្រទេសខ្លាំងមួយនេះ (ថៃ) មកលើជនស្លូតត្រង់ ជនស៊ីវិលគ្មានអាវុធ។

ជាចុងក្រោយ ដោយទទូចដដែលៗ សូមមេត្តាឯកឧត្ដមអគ្គលេខា មេត្តាជួយចំពោះប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលជួបសោកនាដកម្ម កំព្រាឪពុកម្ដាយ ព្រាត់កូន ពា្រត់គ្រួសារ បាត់បង់ផ្ទះសម្បែង ដោយក្ដីឈឺចាប់បំផុត ដោយគ្មានអ្វីអាចតបតរួច ក្រៅអំពីសំឡេងសម្រែកដ៏សែនកម្សត់ ។
សូមឯកឧត្ដម ទទួលការគោរពដ៏ស្មោះស្ម័គ្រអំពីប្រជាជនកម្ពុជា“ ៕ កុលបុត្រ
