ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រេចង្កូតទៅបុកខឿនពុះចែកផ្លូវ រួចជ្រុលបុកបង្គោលស្លាកប៉ាណូពាណិជ្ជកម្ម ១ដើម បណ្តាលឱ្យបាក់រលំ ចំណែករថយន្តក្រឡាប់ផ្ងារជើង ខូចខាតធ្ងន់។ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត ១ គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0825 ធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ (វេងស្រេង) ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកខឿនពុះចែកផ្លូវ រួចបន្តទៅបុកបង្គោលប៉ាណូពាណិជ្ជកម្ម បណ្តាលឱ្យបាក់រលំ ចំនួន១ដើម ចំណែកឯរថយន្ត ក្រឡាប់ផ្ងារជើង សំណាងល្អ អ្នកបើកបរមិនមានរងរបួសធ្ងន់នោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើ ការវាស់វែង រួចស្ទូចយករថយន្តខាងលើ ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕