Wednesday, February 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេញចេញពីកម្ពុជា ជនបរទេស ៤២៨នាក់​ទៀត

បណ្តេញចេញពីកម្ពុជា ជនបរទេស ៤២៨នាក់​ទៀត

ភ្នំពេញៈ ជនបរទេសសរុបចំនួន៤២៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅ ធ្វើការខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិ តេជោ។

យោងតាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍របស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេស សរុបចំនួន៤២៨នាក់ (ស្រី២៦នាក់) មាន១០សញ្ជាតិ រួមមាន នីហ្សេរីយ៉ា នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន ចិន ហ្វីលីពីន ថៃ កូរ៉េ មីប៊ី និង ឥណ្ឌូណេស៊ី ចេញពីកម្ពុជា។

ជនបរទេសដែលត្រូវបណ្តេញនោះ មានជនជាតិចិន ចំនួន៣១២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយ​ចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅ ធ្វើការខុស ច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋា​ភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្ម​ភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

RELATED ARTICLES