ខេត្តកំពង់ស្ពឺ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ករណីលួចលុយ ជិត១២០០០ដុល្លារ។ លុះក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថ កិច្ចរកឃើញលុយ ប្រមាណជាង៥០០០ដុល្លារ ដោយជនសង្ស័យបានចាយអស់ជាង ៧ពាន់ដុល្លារទៅហើយ។ការឃាត់ខ្លួនជនសង្ស័យលួចលុយនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះប្រាក់ ម៉េងលី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និងមានស្រុកកំណើត នៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ចំណែកជនរងគ្រោះ មាន ឈ្មោះយឹម កំសត់ ភេទស្រី អាយុ៥៤ឆ្នាំ មុខរបកសិករ រស់នៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។


តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីចោរកម្ម (លួចទ្រព្យសម្បត្តិ) មួយ បានកើតឡើង ដោយជនសង្ស័យខាងលើ បានលួចលុយពីជនរងគ្រោះឈ្មោះយឹម កំសត់ ភេទស្រី ចំនួន ១ ១៨០០ដុល្លារ និងលុយខ្មែរ ចំនួន៤០ម៉ឺនរៀល។ បន្ទាប់មក ជនរងគ្រោះបានទំនាក់ទំនងតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ដែលមានលេខ 1292 (HoteLine 1292) បានរាយការណ៍មកកម្លាំងកងរាជអាវុធហត្ថស្រុក ថាមានករណីជនមិនស្គាល់អត្តសញ្ញាណបានធ្វើ សកម្មភាពលួចទ្រព្យសម្បត្តិរបស់ខ្លួន អស់សរុប (លុយចំនួន ១១៨០០ដុល្លារ និង ៤០ម៉ឺនរៀល)។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានចុះទៅដល់ទីតាំងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះប្រាក់ ម៉េងលី យកមកធ្វើការសាកសួរ និងដកហូតវត្ថុតាង ប្រាក់ ចំនួន៥៣០០ដុល្លារ (ប្រាក់របស់ជន រងគ្រោះ)។

ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕