ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជាផ្លូវការ ចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់ នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាការរំលោភយ៉ាងច្បាស់លាស់លើអធិប តេយ្យនិងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។

សេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លេខ ៖ បព ២៦/២០២៦ កបទ.សអ ចុះថ្ងៃអាទិត្យ ៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ ចំពោះវត្តមានដោយគ្មានការអនុញ្ញាត របស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់ នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ សកម្មភាពរបស់ទ័ពជើងទឹកថៃ រួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជា បីនាក់ ព្រមទាំងការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរ ទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ម៉ៃល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុង នៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់ លាស់លើអធិបតេយ្យនិងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។

កម្ពុជា បានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេ ជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់ នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់ វិធានការសមស្រប ដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះ កើតជាថ្មី នាពេលអនាគត»៕