ភ្នំពេញៈ បុរសម្នាក់ បើកម៉ូតូកង់បី ១គ្រឿង ជ្រុលទៅបុករថយន្ត ១គ្រឿង បណ្តាលឱ្យខូចខាត និងត្រូវបានភាគីរថយន្ត ទាមទារសំណង ៦០០ដុល្លារ តែភាគីកង់បី សុំសង ៥០ដុល្លារ លុះចរចាមិនត្រូវ ក៏ត្រូវសមត្ថកិច្ចវាស់វែង ស្ទូចយកទៅរក្សាទុក។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំ ណុចស្តុបស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Toyota Raize ពាក់ស្លាកលេខ ភ្នំពេញ 2BU-6278 បើកបរដោយស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្តោយសហព័ន្ធរុស្ស៉ី ពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបត់ស្តាំ ស្រាប់តែមានម៉ូតូកង់បី ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IC-3640 ដោយមានដឹកភ្ញៀវជនជាតិចិន ២នាក់ បានជ្រុលទៅបុករថយន្ត ពីក្រោយ បណ្តាលឱ្យខូចខាតតែម្តង។

ក្រោយកើតហេតុ ភាគីរថយន្ត ទាមទារថ្លៃខូចខាត ៦០០ដុល្លារ តែភាគីម៉ូតូកង់បី ឱ្យតែ៥០ដុល្លារ ។ ដោយសារតែការសម្របសម្រួលគ្នានៅកន្លែងកើតហេតុ មិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចអូសយកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយនៅពេលក្រោយ៕