ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចដឹកជញ្ជូនបារីខុសច្បាប់ ឆ្លង ដែនចេញទៅប្រទេសថៃ ធ្វើឱ្យក្រុមកម្មករដឹកជញ្ជូនភ័យ បាននាំគ្នារត់គេចខ្លួនអស់ ដោយបន្សល់ទុកម៉ូតូ ៦ គ្រឿង និងវត្ថុតាង បារី ជាច្រើនបាវ និង២០ប៊ិកច នៅនឹងកន្លែង ជិតមាត់អូរព្រំដែន។

ករណីលួចដឹកជញ្ជូនបារីឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧និង៤៣នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចច្រករបៀងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ក្រុមឈ្មួញខិលខូច បានលួចដឹកជញ្ជូនបារី ជាច្រើនវាវ ចេញពីស្រុកសំពៅលូន ឆ្ពោះមកកាន់ព្រំដែនស្រុកម៉ាឡៃ ដើម្បីនាំចេញទៅក្រៅប្រទេសថៃ។ នេះគឺជាជើងទី៥ហើយ ដែលបង្ហាញឱ្យឃើញថា ក្រុមឈ្មួញ នៅតែបន្តប្រថុយ ប្រថានយ៉ាងសកម្ម បន្ទាប់ពីព្រំដែនត្រូវបានបិទ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ សហការជាមួយលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងយោធាពីកងពលតូចលេខ៥១ និងលេខ ៥៣ ដោយសារតែខ្លាចកម្លាំងសមត្ថកិច្ច ក្រុមកម្មករដឹកជញ្ជូន បានរត់គេចខ្លួន បន្សល់ទុកម៉ូតូ៦គ្រឿង និងវត្ថុតាង បារី ជាច្រើនបាវ និង២០ប៊ិច នៅនឹងកន្លែង ជិតមាត់អូរព្រំដែន។

ករណីនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងតាមនីតិវិធី និងកំពុងស្រាវជ្រាវរកមេខ្លោងដែលនៅពីក្រោយ ដើម្បីឃាត់ខ្លួនផ្តន្ទាទោសតាមច្បាប់។

ប្រភពឈ្មួញមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា តំបន់ស្រុកម៉ាឡៃ គីជាទីតាំងភូមិសាស្ត្រមួយសម្រាប់ឈ្មួញរកស៊ីឆ្លងដែនគ្រប់ទម្រង ដូចជា ដឹកមនុស្សខុស្សច្បាប់ឆ្លងដែន ឈើក្រញូង គោ ជ្រូក មាន់ទា ទំនិញគ្រប់ប្រ ភេទ រួមទាំងម៉ូតូ រថយន្ត ជាដើម នាពេលកន្លងមក ខណៈប្រទេសទាំងពីរ មិនទាន់មានជម្លោះព្រំដែន រហូតមកដល់ពេលដែលមានជម្លោះព្រំដែន និងបិទព្រំដែន ក៏នៅតែមានក្រុមឈ្មួញឆ្លៀតឱកាស លបលួចនាំទំនេញគេច ពន្ធចេញចូលដដែល៕