Thursday, June 4, 2026
Homeព័ត៌មានជាតិតម្កល់ព្រះបដិមាព្រះវិស្ណុ នៅរង្វង់មូលថ្មី ខេត្តប៉ៃលិន

តម្កល់ព្រះបដិមាព្រះវិស្ណុ នៅរង្វង់មូលថ្មី ខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសតម្កល់ព្រះបដិមាព្រះវិស្ណុ ១អង្គ ធ្វើអំពីថ្មភ្នំ នៅរង្វង់មូលថ្មី ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកក្នុងខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ថា ក្រោមគោលនយោបាយឈ្នះ-ឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស មានស្ថិរភាពនយោបាយ ជាពិសេស បានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាខេត្តនៅក្នុងសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែធូរធារឡើង ពីមួយថ្ងៃទៅមួយថ្ងៃ គួរជាទីមោទន: ជាក់ស្តែងបន្ទាប់ពីរង្វង់មូលព្រះវិស្ណុ មួយនេះ បានលេចចេញជារូបរាងឡើង នាពេលនេះ គឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បញ្ចៀសគ្រោះ ថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាញឹកញាប់ នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះផងដែរ។

នៅក្នុងឱកាសនោះដែរ លោកស្រីអភិបាលខេត្ត ក៏បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា និងរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេស មេត្តាយោគយល់និងអធ្យាស្រ័យចំពោះផលប៉ះពាល់។

សូមបញ្ជាក់ផងដែរថា រូបសំណាកព្រះវិស្ណុ ដៃ៨ គឺជារូបបង្ហាញអំណាចសក្ការៈខ្ពស់បំផុតមួយក្នុងសាសនាព្រហ្មញ្ញ-ហិណ្ឌូ និងសិល្បៈខ្មែរបុរាណ ដោយអត្ថន័យទូទៅ ព្រះវិស្ណុ ដៃ៨ តំណាងឱ្យអំណាចពេញលេញក្នុងទិសទាំង៨ សមត្ថភាពការពារពិភពលោក គ្រប់ទិស ការគ្រប់គ្រងសកលលោក និងធម៌ ហើយដៃទាំង៨ កាន់វត្ថុសក្ការៈផ្សេងៗ ដែលមានន័យជាក់លាក់ គឺ “ចក្រ”យុត្តិធម៌ និងការផ្តន្ទាទោសអំពើអកុសល, “ស័ង្ខ” សំឡេងសកល ការដាស់ភ្ញាក់, ធម៌ “កដា”កម្លាំងនិងការការពារ, “ផ្កាឈូក” ភាពបរិសុទ្ធ បញ្ញា និងការកើតឡើងវិញ,  “ធ្នូ”ការត្រៀម ការពារ និងការគ្រប់គ្រងសត្រូវ, “ព្រួញ” ការចាត់ចែងនិងការវាយប្រហារលើអំពើអាក្រក់, “ដាវ”ប្រាជ្ញា កាត់ផ្តាច់អវិជ្ជា និង “ខែល ឬខ្សែ” ការការពារ និងការគ្រប់គ្រងអំពើអសុរ (វត្ថុខ្លះអាចខុសគ្នាតាមសិ ល្បៈនិងសម័យ)៕

RELATED ARTICLES