
ភ្នំពេញ ៖ អ្នកនយោបាយ និងអ្នកវិភាគ បានគាំទ្ររាជរដ្ឋាភិបាល រៀបចំមន្រ្តីរាជការស៊ីវិលឡើងវិញ និងការរៀបចំមន្ត្រី ទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីពង្រឹងសមត្ថភាពរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព ។ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា បើមន្ត្រីពឹងផ្អែកទៅលើខ្សែស្រឡាយ បក្ខពួក អំពើពុករលួយ ឬការលើកបន្តុប កំណែទម្រង់នេះ មិនមានប្រសិទ្ធភាពនោះទេ ។
លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា លោកគាំទ្រចំពោះការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ទាក់ទងនឹង “ការរៀបចំផ្ទះ ឲ្យរៀបរយ” និង “ការពង្រឹង ជាជាងពង្រីក” ដែលជាយុទ្ធសាស្រ្តមួយដ៏ល្អហើយ ។ ប៉ុន្តែដើម្បីការពារកុំឲ្យសង្គមយើងបែកបាក់ ហើយការកែទម្រង់ទទួលបានជោគជ័យ សម្រាប់អ្នកចាស់ ដែលបានតែងតាំងរួចហើយនោះ សូមឲ្យគាត់បញ្ចប់តាមពេលវេលាចូលនិវត្តន៍ ឯអ្នកថ្មីចូលទៅក្នុងមុខងារសាធារណៈ ទាំងវិស័យស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ គឺអនុវត្តតាមច្បាប់ថ្មី ។
លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធជាមួយនឹងការទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាល បានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី គឺជារឿងមួយដែលល្អណាស់ ទាក់ទងជាមួយនឹងការរៀបចំផ្ទះបាយ ឲ្យរៀបរយ និងការពង្រឹង ជាជាងពង្រីកនេះ គឺជាយុទ្ធសាស្រ្តមួយដ៏ល្អហើយ ។ អ៊ីចឹងខ្ញុំសុំប្រកាសគាំទ្រទាំងស្រុង ទៅលើការសម្រេចរបស់រាជរដ្ឋាភិបាល ហើយមួយវិញទៀត ពាក់ព័ន្ធជាមួយនឹងការបន្ថយនូវឋានន្តរស័ក្ដិនេះ យើងគួរតែចែកជាពីរភាគ ។ ភាគីទីមួយ សម្រាប់អ្នកចាស់ ដែលបានតែងតាំងរួចហើយនោះ សូមឲ្យគាត់បញ្ចប់តាមពេលវេលាចូលនិវត្តន៍របស់គាត់ទៅ ហើយចំណែកអ្នកថ្មី នៅក្នុងការចូលទៅក្នុងមុខងារសាធារណៈនេះ ទាំងវិស័យស៊ីវិល ហើយនិងកងកម្លាំងប្រដាប់អាវុធ គឺយើងអនុវត្តតាមច្បាប់ថ្មីទៅ ។ នេះជាចំណុចមួយ ដែលយើងការពារកុំឲ្យសង្គមយើងបែកបាក់ ហើយការកែទម្រង់យើង ទទួលបានជោគជ័យ“ ។

ដោយឡែក លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា ការធ្វើកំណែទម្រង់លើកនេះ ក្រោមអត្ថន័យនៃ “ការរៀបចំផ្ទះ ឲ្យរៀបរយ” និង “ការពង្រឹង ជាជាងពង្រីក” វាជាកំណែទម្រង់ល្អ ពាក់ព័ន្ធការរៀបចំរចនាសម្ព័ន្ធឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏អាចជួយនៅក្នុងការកាត់បន្ថយការស្ទួនមុខងារ របស់ក្រសួង ស្ថាប័ននិងមន្ត្រី ហើយអាចជួយលើកកម្ពស់និងបង្កើនប្រសិទ្ធភាពការងារផងដែរ ជាពិសេស ការតែងតាំងមន្រ្តី ត្រូវនឹងជំនាញ និងមុខងារ អាចជំរុញដល់ប្រព័ន្ធធ្វើការដែលឈរទៅលើសមត្ថភាពរបស់ធនធានមនុស្ស ។ ប៉ុន្តែអាចមានបញ្ហាប្រឈមខ្លះដែរ ទាក់ទងជាមួយនឹងការមិនពេញចិត្តពីមន្ត្រីមួយចំនួន ដែលគាត់ធ្លាប់ស្រួលពីមុន ហើយចំពោះការផ្លាស់ប្ដូរអំណាចឬក៏តួនាទី ក៏អាចបង្កភាពស្មុគស្មាញដែរ ដែលសង្ឃឹមថា នឹងមានចំណាត់ការល្អ ពីថ្នាក់ដឹកនាំតាមស្ថាប័ន ។
លោក សេក សុជាតិ បានមានប្រសាសន៍ថា “ការពិតទៅ ការធ្វើកំណែទម្រង់នេះ វាគឺជាគោលដៅមួយដែលគួរឲ្យចាប់អារម្មណ៍ ហើយនិងមានសារៈសំខាន់ខ្លាំង សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាលសាធារណៈ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដោយសារតែយើងឃើញហើយ តាមរយៈបទពិសោធន៍កន្លងមក គឺការធ្វើកំណែទម្រង់រដ្ឋបាល យើងឃើញធ្វើច្រើន ប៉ុន្តែលទ្ធផលទទួលបានតិចតួចមែនទែន ហើយយើងសង្ឃឹមថា ការធ្វើកំណែទម្រង់លើកនេះ ក្រោមអត្ថន័យនៃ “ការរៀបចំផ្ទះ ឲ្យរៀបរយ” និង “ការពង្រឹង ជាជាងពង្រីក” នេះ ខ្ញុំចាត់ទុកថា វាជាកំណែទម្រង់ល្អ ពាក់ព័ន្ធការរៀបចំអារចនាសម្ព័ន្ធមានសណ្ដាប់ធ្នាប់ ហើយក៏អាចជួយនៅក្នុងការកាត់បន្ថយការស្ទួនមុខងារ របស់ក្រសួង ស្ថាប័ននិងមន្ត្រី ហើយអាចជួយលើកកម្ពស់និងបង្កើនប្រសិទ្ធភាពការងារផងដែរ ។ ជាពិសេស គឺយើងបានឃើញហើយថា វាបញ្ជាក់ពីការប្រើប្រាស់ធនធានមនុស្ស ឲ្យបានសមស្រប ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ ដែលមិនចាំបាច់ ហើយចំពោះគោលការណ៍ពង្រឹង ជាជាងពង្រីក ខ្ញុំយល់ថា វាជាបញ្ហាមួយសំខាន់ ហើយអាចពិនិត្យមើលទៅក្នុងន័យមួយថា រដ្ឋ មិនត្រូវបង្កើតអង្គភាពថ្មីៗបន្ថែមទៀតនោះទេ តែឱ្យអង្គភាពដែលមានស្រាប់ហ្នឹង គឺមានសមត្ថភាពនិងមានការអនុវត្ត ប្រកបទៅដោយគុណភាព ទទួលបានប្រសិទ្ធភាពខ្ពស់ជាងមុន ហើយចំពោះការតែងតាំងឡើងវិញ ហើយនិងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មីហ្នឹង គឺជាការតែងតាំងមន្ត្រីឡើងវិញ មានន័យស្មើនឹងការតែងតាំង វាអាចមានចំណុចវិជ្ជមាន ហើយនិងចំណុចប្រឈមមួយចំនួនដែលត្រូវធ្វើការពិចារណា“ ។
លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “ចំពោះចំណុចវិជ្ជមាន យើងអាចនិយាយបានដោយខ្លីថា ការតែងតាំងមន្រ្តី ធ្វើម៉េចឲ្យត្រូវនឹងជំនាញ ហើយនិងមុខងារដែលពួកគាត់អាចធ្វើបាន ហើយនៅក្នុងហ្នឹង យើងអាចនិយាយបានដោយខ្លីថា វាបង្កើននូវការទទួលខុសត្រូវ កាត់បន្ថយតំណែងស្ទួនគ្នា និងអាចជំរុញឲ្យប្រព័ន្ធធ្វើការដែលឈរទៅលើសមត្ថភាពរបស់ធនធានមនុស្សអីអ៊ីចឹង ជាដើម ។ រីឯបញ្ហាប្រឈម អាចមានខ្លះដែរ ទាក់ទងជាមួយនឹងការមិនពេញចិត្តពីមន្ត្រីមួយចំនួនដែលគាត់ធ្លាប់ងាយស្រួលពីមុនអីអ៊ីចឹងជាដើម ហើយចំពោះការផ្លាស់ប្ដូរអំណាចឬក៏តួនាទី ក៏អាចបង្កភាពស្មុគស្មាញដែរ អាចថា មន្ត្រីខ្លះ អាចបង្កឲ្យមានបក្ខពួកនៅក្នុងហ្នឹង ។ អ៊ីចឹងពេលដែលផ្លាស់ប្ដូរ អាចនឹងមានបញ្ហាខ្លះ ក៏ប៉ុន្តែយើងសង្ឃឹមថា នឹងមានចំណាត់ការល្អ ពីថ្នាក់ដឹកនាំតាមស្ថាប័ន។ ចំណុចប្រឈមមួយទៀតនោះ គឺយើងអាចពិបាកនៅក្នុងការវាយតម្លៃសមត្ថភាពធនធានមនុស្ស ដោយឈរទៅលើគោលការណ៍ ស្មើភាព តម្លាភាព និងមានយុត្តិធម៌ ហើយបើគ្មានតម្លាភាព និងគ្មានស្តង់ដារច្បាស់លាស់ ដូច្នេះវានឹងធ្វើឲ្យការកំណែទម្រង់ហ្នឹង អាចជាការផ្លាស់ប្ដូរត្រឹមរចនាសម្ព័ន្ធ ក៏ប៉ុន្តែមិនអាចផ្លាស់ប្ដូរគុណភាពការងារបានពិតប្រាកដនោះទេ“ ។
ក្នុងចំណុចនេះ លោក សេក សុជាតិ បញ្ជាក់ថា បើសិនជាក្នុងករណីកំណែទម្រង់នេះ ទទួលបានជោគជ័យ ហើយមានប្រសិទ្ធភាពនៅក្នុងការអភិវឌ្ឍប្រកបទៅដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងផ្អែកទៅលើសមត្ថភាពធនធានមនុស្សពិតប្រាកដ នោះគឺជារឿងមួយល្អ និងមានការសាទរ ប៉ុន្តែបើសិនជាធ្វើមិនបាន ហើយមន្ត្រីពឹងផ្អែកទៅលើខ្សែស្រឡាយ បក្ខពួក និងការទំនាក់ទំនង ឬអំពើពុករលួយ ឬការលើកបន្តុបនោះ វាគ្រាន់តែជារូបភាពនៃការកំណែទម្រង់ តាមរយៈអំណាចនយោបាយតែប៉ុណ្ណោះ ឯប្រសិទ្ធភាពការងារ គឺមិនមាននោះទេ ។
លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “ចំពោះការកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០ បង្ហាញថា រដ្ឋាភិបាល មានបំណងចង់បង្រួមស្ថាប័នតូច ក៏ដូចចង់ធ្វើឲ្យស្ថាប័ននោះ ផ្ដោតទៅលើការងារ ធ្វើម៉េចឱ្យមានប្រសិទ្ធភាព ហើយកត្តានេះ វាអាចជួយបានច្រើនដែរដល់រដ្ឋបាលសាធារណៈ ជួយកាត់បន្ថយការិយាធិបតេយ្យ ជួយបង្កើនប្រសិទ្ធភាពនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តបានលឿន ហើយក៏អាចកាត់បន្ថយការចំណាយរបស់រដ្ឋ បានច្រើន ជាពិសេស អាចជួយសម្របសម្រួលរវាងអង្គភាពនិងអង្គភាព នៅក្នុងស្ថាប័នអីអ៊ីចឹងជាដើម ក៏ប៉ុន្តែរាល់ការកាត់បន្ថយទាំងអស់ហ្នឹង គឺត្រូវផ្អែកទៅលើគោលការណ៍មួយចំនួន ដែលត្រូវធ្វើការវិភាគទៅលើមុខងារ ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ មិនមែនផ្អែកតែទៅលើចំនួននោះទេ ហើយធ្វើឲ្យមានបញ្ហានៅក្នុងអនុវត្តគោលនយោបាយរបស់រដ្ឋអំណាច ឬក៏រដ្ឋាភិបាល ផងដែរ ។ ចំណុចទី៤ គឺទាក់ទងជាមួយនឹងការយល់ឃើញ គឺវាមានកត្តាវិជ្ជមានហើយ ហើយក៏ស្របទៅនឹងនិន្នាការអន្តរជាតិ ហើយរដ្ឋបាលអភិបាលកិច្ចល្អ ។ ជាទូទៅ ការបង្រួមស្ថាប័ន ក្បាលម៉ាស៊ីន ឬក៏ស្ថាប័នដឹកនាំ ឲ្យនៅតូច គឺដើម្បីបង្កើនប្រសិទ្ធភាព រក្សាបាននូវគណនេយ្យភាព តម្លាភាព ហើយជាពិសេស គឺការផ្ដល់សេវាឱ្យបានរហ័សលឿនទាន់ចិត្ត ហើយប្រកបដោយគុណភាព និងគាំទ្រពីប្រជាពលរដ្ឋ ។ ក៏ប៉ុន្តែត្រូវពិនិត្យមើលើកត្តាមួយចំនួនដែរ មុននឹងទទួលបានជោគជ័យ ថាតើអនុវត្តទៅ វាអាចធ្វើទៅបានពិតប្រាកដដែរឬអត់ ? ហើយប្រព័ន្ធ អាចជ្រើសរើសធនធានមនុស្ស ឬក៏តែងតាំងធនធានមនុស្សហ្នឹង គឺផ្អែកទៅលើគោលការណ៍ សមត្ថភាព តម្លាភាព និងមានយុត្តិធម៌ដែរអត់? ហើយរដ្ឋាភិបាល តើមានកម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រី ឬក៏លើកទឹកចិត្តឲ្យពួកគាត់អភិវឌ្ឍន៍សមត្ថភាពបន្តទៅមុខរហូត បានល្អកម្រិតណា? ចំពោះការគ្រប់គ្រងនឹងការផ្លាស់ប្ដូរវិញ ក៏ត្រូវតែផ្ដោតទៅលើភាពនៃការចាត់ចែងការងារ ពីតាមបែបប្រពៃណី ទៅផ្នែកឌីជីថល ឬក៏បច្ចេកវិទ្យាផងដែរ ។ ក្រៅពីនោះ គឺត្រូវពិនិត្យអំពីកិច្ចអន្តរាគមន៍កន្លងមក ដែលមានអ្នកនយោបាយធំៗ ឬក៏ខ្សែស្រឡាយ នៅក្នុងការពារប្រអប់សម្រាប់បុគ្គលិក ឬក៏បងប្អូន សាច់ញាតិពួកគាត់ ដែលពួកគាត់នោះ ត្រូវបានមើលឃើញថា មានខ្សែធំ ហើយមិនមានសមត្ថភាពអីអ៊ីចឹងជាដើម ។ ដូច្នេះសរុបមកវិញ សម្រាប់ខ្ញុំ គាំទ្រចំពោះកំណែទម្រង់ ក៏ប៉ុន្តែសូមឲ្យការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនេះ គឺបង្ហាញឲ្យបានច្បាស់លាស់ ហើយនិងធានាបាននូវប្រសិទ្ធភាពនៅក្នុងការអនុវត្ត ជាពិសេស គឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ នៅកម្ពុជា តាមបែបទំនើបកម្ម ផ្លាស់ប្ដូរពីតាមប្រពៃណី ទៅឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយនិងប្រសិទ្ធភាពនៅក្នុងការងារ ។ ក៏ប៉ុន្តែវាទាមទារឲ្យមានការបណ្ដុះបណ្ដាលទាំងរាស្រ្ត ហើយនិងមន្ត្រី និងថ្នាក់ដឹកនាំ ដើម្បីឲ្យដើរស្របគ្នា ប៉ុន្តែបើសិនជាក្នុងករណីកំណែទម្រង់នេះ ទទួលបានជោគជ័យ ហើយមានប្រសិទ្ធភាពនៅក្នុងការអភិវឌ្ឍប្រកបទៅដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងផ្អែកទៅលើសមត្ថភាពធនធានមនុស្សពិតប្រាកដ នោះគឺជារឿងមួយល្អ ហើយនិងមានការសាទរ តែបើសិនជាធ្វើមិនបាន ហើយមន្ត្រីពឹងផ្អែកទៅលើខ្សែស្រឡាយ បក្ខពួក និងការទំនាក់ទំនង ឬក៏អំពើពុករលួយ ឬក៏ការលើកបន្តុប ពីខាងលើមកនោះទេ វាគ្រាន់តែជារូបភាពនៃការកំណែទម្រង់ ហើយអ្វីៗទាំងអស់នេះ អាចបង្ហាញឲ្យឃើញច្បាស់ថា ការកំណែទម្រង់នេះ វាគ្រាន់តែជាការកំណែទម្រង់តាមរយៈអំណាចនយោបាយតែប៉ុណ្ណោះ ហើយប្រសិទ្ធភាព គឺមិនមាននោះទេ”។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីណែនាំ លេខ០១ សណន ចុះថ្ងៃទីពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ស្ដីពីការតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រី ទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាដើម្បីធានាដល់ការតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រី ទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ស្របតាមអភិក្រម “រៀបចំផ្ទះ ឱ្យរៀបរយ” និង “ពង្រឹង ជាជាងពង្រីក” ព្រមទាំងរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល គោលការណ៍រួម ការរៀបចំតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែល ទៅតាមរចនាសម្ព័ន្ធថ្មី ត្រូវតែងតាំងតែមន្ត្រីរាជការស៊ីវិលទាំងឡាយណាដែលបាននិងកំពុងកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលដែលមានស្រាប់ លើកលែងរចនាសម្ព័ន្ធថ្មី ត្រូវការចាំបាច់នូវមន្ត្រីរាជការស៊ីវិលដែលមានគុណសម្បត្តិស័ក្តិសម ស្របតាមតម្រូវការរបស់អង្គភាពថ្មី។
ការរៀបចំតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល ថ្នាក់អគ្គលេខាធិការរង ឬអគ្គនាយករងឬអគ្គាធិការរង ឬអនុប្រធាននាយកដ្ឋាន ឬអធិការរង ឬអនុប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី ត្រូវអនុវត្តត្រឹមចំនួនដែលមានស្រាប់ ។
មន្ត្រីរាជការស៊ីវិល ដែលត្រូវបានប៉ះពាល់ដោយការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធថ្មី ត្រូវរក្សាទុកអត្ថប្រយោជន៍ផ្នែកបៀវត្ស យ៉ាងហោចក្នុងកម្រិតដដែល។
ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ត្រូវរៀបចំតែងតាំងមន្ត្រីរាជការស៊ីវិល ទៅតាមរចនាសម្ព័ន្ធថ្មី ឱ្យបានរួចរាល់ យ៉ាងយូរបំផុត ត្រឹមរយៈពេល ៣ (បី) ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធថ្មី ឬយ៉ាងយូរបំផុត ត្រឹមរយៈពេល ៣ (បី)ខែ បន្ទាប់ពីសេចក្ដីណែនាំនេះចូលជាធរមាន។
ការរៀបចំតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល ទៅក្នុងមុខតំណែងគ្រប់គ្រងថ្នាក់អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរង ឬថ្នាក់ប្រហាក់ប្រហែល ក្នុងករណីដែលមានការរៀបចំកែសម្រួលរចនាសម្ព័ន្ធ ដោយលុបឬបញ្ចូលអង្គភាពថ្នាក់អគ្គនាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែល ពីរឬច្រើន ទៅជាអង្គភាពតែមួយ ត្រូវរៀបចំកែសម្រួលភារកិច្ចរបស់អគ្គលេខាធិការ ឬអគ្គនាយក ឬអគ្គាធិការ ឬថ្នាក់ប្រហាក់ប្រហែល ដែលមិនទទួលបានការតែងតាំងឡើងវិញ ជាអគ្គលេខាធិការ ឬអគ្គនាយក ឬអគ្គាធិការ ឬថ្នាក់ប្រហាក់ប្រហែល ទៅជាអគ្គលេខាធិការរង ឬអគ្គនាយករង ឬអគ្គាធិការរង ឬថ្នាក់ប្រហាក់ប្រហែល ដោយរក្សាប្រាក់បំណាច់មុខងារ ជាអគ្គលេខាធិការ ឬអគ្គនាយក ឬអគ្គាធិការ ឬថ្នាក់ប្រហាក់ប្រហែល និងអត្ថប្រយោជន៍ផ្សេងទៀត នៅកម្រិតដដែល។
ការរៀបចំតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល ទៅក្នុងមុខតំណែងគ្រប់គ្រង ថ្នាក់នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែល ក្នុងករណីដែលមានការរៀបចំកែសម្រួលរចនាសម្ព័ន្ធ ដោយលុបឬបញ្ចូលអង្គភាពថ្នាក់នាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែល ពីរឬច្រើន ទៅជាអង្គភាពតែមួយ មន្ត្រីរាជការស៊ីវិលដែលមិនត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានឡើងវិញ នឹងត្រូវពិនិត្យនិងរៀបចំការតែងតាំង ផ្អែកលើលើកសំណើសុំតែងតាំង ទៅក្នុងមុខតំណែងគ្រប់គ្រងថ្នាក់អគ្គលេខាធិការរង ឬអគ្គនាយករង ឬអគ្គាធិការរង ឬថ្នាក់ប្រហាក់ប្រហែល ដោយផ្អែកលើទំហំការងារ និងលក្ខណសម្បត្តិស័ក្តិសម ឬលើកសំណើសុំកែសម្រួលភារកិច្ច ទៅក្នុងមុខតំណែងគ្រប់គ្រង ថ្នាក់អនុប្រធាននាយកដ្ឋាន ឬអធិការរង ឬថ្នាក់ប្រហាក់ប្រហែល ដោយត្រូវរក្សាប្រាក់បំណាច់មុខងារ ជាប្រធាននាយកដ្ឋានឬអធិការ ឬថ្នាក់ប្រហាក់ប្រហែល និងអត្ថប្រយោជន៍ផ្សេងទៀត នៅកម្រិតដដែល។
ការរៀបចំតងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល ទៅក្នុងមុខតំណែងគ្រប់គ្រង ថ្នាក់ការិយាល័យ អនុប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែល ក្នុងករណីដែលមានការរៀបចំកែសម្រួលរចនាសម្ព័ន្ធ ដោយលុបឬបញ្ចូលអង្គភាពថ្នាក់ការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែល ពីរឬច្រើន ទៅជាអង្គភាពតែមួយ មន្ត្រីរាជការស៊ីវិលដែលមិនត្រូវបានទទួលការតែងតាំងជាប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែលឡើងវិញ នឹងត្រូវពិនិត្យនិងរៀបចំកែសម្រួលភារកិច្ច ទៅក្នុងមុខតំណែងគ្រប់គ្រង ថ្នាក់អនុប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែល ដោយត្រូវរក្សាប្រាក់បំណាច់មុខងារ ជាប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែល និងអត្ថប្រយោជន៍ផ្សេងទៀត នៅកម្រិតដដែល។
បន្ទាប់ពីការរៀបចំតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែល គ្រប់កម្រិត ទៅក្នុងរចនាសម្ព័ន្ធថ្មី ចប់សព្វគ្រប់ ប្រសិនមានភាពចាំបាច់សម្រាប់ការដឹកនាំនិងគ្រប់គ្រងអង្គភាព ឱ្យមានប្រសិទ្ធភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ អាចលើកសំណើសុំកែសម្រួលភារកិច្ចឬតែងតាំងមន្ត្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធថ្មីបាន ដោយត្រូវអនុវត្តទៅតាមបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
ការរៀបចំតែងតាំងមន្ត្រីរាជការស៊ីវិលផ្សេង ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែល គ្រប់កម្រិតនៃរចនាសម្ព័ន្ធថ្មី អាចអនុវត្តបាន ក្នុងករណីដែលមានមុខតំណែងទំនេរ ដោយហេតុលាឈប់ មរណភាព បោះបង់ការងារ បាត់បង់សម្បទាវិជ្ជាជីវៈ ឬកំពុងជាប់ការចោទប្រកាន់ទៅតុលាការជំនុំជម្រះ ឬទទួលការផ្ដន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ ផ្អែកលើទំហំការងារ គុណសម្បត្តិស័ក្ដិសម និងត្រូវអនុវត្តស្របតាមបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
ទាក់ទងនីតិវិធីអនុវត្តនិងការតាមដានត្រួតពិនិត្យ ប្រគល់ភារកិច្ចជូនគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចរបស់ក្រសួង ស្ថាប័ន ក្នុងការតាមដាន ត្រួតពិនិត្យនិងជំរុញការអនុវត្តឱ្យស្របតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ និងរៀបចំសំណើសុំតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែល ទៅតាមរចនាសម្ព័ន្ធថ្មី មកក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យ ផ្តល់យោបល់ និងរៀបចំបែបបទ នីតិវិធី ដើម្បីឆ្លើយតបឬស្នើសុំតែងតាំង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
បន្ទាប់ពីទទួលបានលិខិតបទដ្ឋានគតិយុត្តឯកត្តភូត ពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ ត្រូវរៀបចំធ្វើបម្រែបម្រួលបៀវត្ស ក្នុងប្រព័ន្ធព័ត៌មានវិទ្យា របស់ក្រសួងមុខងារសាធារណៈ ឱ្យស្របតាមមុខតំណែង ដោយពុំចាំបាច់មានសំណើផ្សេងទៀតឡើយ។ សំណើសុំតែងតាំងឡើងវិញ មន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែល ត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារពាក់ព័ន្ធ ដូចមានកំណត់ក្នុងឧបសម្ព័ន្ធនៃសេចក្ដីណែនាំនេះ។
ការរៀបចំសមាហរណកម្មមន្ត្រី ទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្តី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ មន្ត្រីរាជការស៊ីវិល រួមមាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែល និងមន្ត្រីដែលមិនទាន់មានមុខតំណែង ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ត្រូវធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធថ្មីថ្នាក់នាយកដ្ឋាន ឬអង្គភាពប្រហាក់ប្រហែល ដោយប្រកាសរបស់រដ្ឋមន្ត្រី ឬសេចក្តីសម្រេចសមស្របផ្អែកលើលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
ការរៀបចំរចនាសម្ព័ន្ធនៅក្រោមអង្គភាពកម្រិតនាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែល ត្រូវគិតគូរដោយផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន នូវអភិក្រម “រៀបចំផ្ទះ ឱ្យរៀបរយ“ និង “ពង្រឹង ជាជាងពង្រីក” របស់រាជរដ្ឋាភិបាល។
ការរៀបចំបែងចែកជាការិយាល័យនីមួយៗ ត្រូវផ្អែកលើភារកិច្ចរបស់អង្គភាពកម្រិតនាយកដា្ឋន ឬថ្នាក់ប្រហាក់ប្រហែល និងត្រូវពិចារណាអំពីចំនួនមន្ត្រី ក្នុងការអនុវត្តភារកិច្ច សម្រាប់ជាមូលដ្ឋានក្នុងការបង្រួម កែសម្រួល លុប ឬរក្សាចំនួនការិយាល័យ។
ក្នុងករណីដែលក្រសួង ស្ថាប័ន ពិនិត្យឃើញថា អង្គភាពកម្រិតនាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែលរបស់ខ្លួន មិនមានភាពចាំបាច់ក្នុងការបង្កើតរចនាសម្ព័ន្ធជាការិយាល័យ ក្រសួង ស្ថាប័ន អាចរៀបចំជាមន្ត្រីជំនាញ ដើម្បីទទួលបន្ទុកអនុវត្តភារកិច្ចក្នុងអង្គភាពកម្រិតនាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែលនោះតែម្តង ដោយមានតែប្រធានអង្គភាពកម្រិតនាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែល អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។
ជុំវិញយន្តការតាមដាននិងជំរុញការអនុវត្ត ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គ.វ.រ. ដើម្បីត្រួតពិនិត្យតាមដាននិងជំរុញការអនុវត្តសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ផ្អែកលើវិធានគន្លឹះនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងអាណត្តិនេះ វិធានគន្លឹះមួយសំខាន់ គឺការកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយធ្វើការវិភាគមុខងារ និងកំណែទម្រង់បណ្ដាស្ថាប័នមួយចំនួន ដោយរាជរដ្ឋាភិបាល គ្រោងនឹងកាត់បន្ថយ ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋាន ក្រោយក្រសួង ស្ថាប័ន ចំនួន១៦ បានបញ្ចប់ការវិភាគមុខងាររួចរាល់ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។

សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល បានដាក់ចេញអភិក្រម «ពង្រឹង ជាជាងពង្រីក» ប៉ុន្ដែកន្លែងខ្លះ ចាំបាច់ត្រូវតែបង្កើតថ្មី ដើម្បីដើរឱ្យទាន់សភាពការណ៍ និងមានយន្ដការច្បាស់លាស់ក្នុងការកែសម្រួល ដោយមានយន្ដការវាយតម្លៃច្បាស់លាស់ដើម្បីធ្វើយ៉ាងណាឱ្យការងារនេះមានភាពសុក្រឹត។ ជាពិសេស ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេចចិត្តនេះ រដ្ឋាភិបាល មិនកាត់ជើង តម្រូវស្បែកជើងទេ គឺកាត់ស្បែកជើង តម្រូវជើង មិនយកមនុស្ស ជាគោលទេ តែកែសម្រួលរចនាសម្ព័ន្ធ កែសម្រួលស្ថាប័ន តួនាទី ភារកិច្ច ផ្អែកលើលទ្ធផលជាគោល ដើម្បីយកមករៀបចំរចនាសម្ព័ន្ធនិងប្រព័ន្ធការងារ ទើបរៀបចំដាក់មនុស្សតាមក្រោយ ។ សម្ដេច បានរំលឹកឡើងវិញនូវពាក្យស្លោកសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលធ្លាប់បានលើកឡើងថា “កែទម្រង់ រស់ មិនកែទម្រង់ ស្លាប់” ។ សម្ដេច ចាត់ទុកពាក្យនេះ មានអត្ថន័យនិងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ និងគ្រប់ក្រសួង-ស្ថាប័ន ។ សម្តេច បន្ថែមថា ការកែទម្រង់ដែលល្អ គឺត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយត្រូវកំណត់គោលដៅនិងលទ្ធផល ជាគោល ហើយកំណែទម្រង់រចនាសម្ព័ន្ធ ឬប្រព័ន្ធការងារនេះ មិនមែនផ្អែកទៅលើការស្រលាញ់ ឬស្អប់មនុស្សនោះទេ ប៉ុន្តែគឺដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលការងារ ព្រមទាំងកែសម្រួលឱ្យស្របតាមស្ថានភាពនៃការប្រែប្រួលរបស់ពិភពលោក និងបច្ចេកវិទ្យា ដោយរៀបចំប្រព័ន្ធការងារ មុននឹងរៀបចំមនុស្ស ៕ កុលបុត្រ