Tuesday, June 9, 2026
Homeព័ត៌មានជាតិលោកកឹម សុខា មានសេរីភាព អាមេរិក តែងតាំងទូតថ្មី ប្រចាំកម្ពុជា

លោកកឹម សុខា មានសេរីភាព អាមេរិក តែងតាំងទូតថ្មី ប្រចាំកម្ពុជា

ភ្នំពេញៈ អ្នកវិភាគសង្គម និងនយោបាយ បានលើកឡើងថា ការដែលសហរដ្ឋអាមេរិក សម្រេចតែងតាំងឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា នៅពេលនេះ មិនត្រឹមតែបង្ហាញសញ្ញាវិជ្ជមាន ក្នុងការជួយជ្រោមជ្រែងដល់ការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការត្រួតពិនិត្យដំណើរការបោះឆ្នោតនៅកម្ពុជា ប៉ុណ្ណោះទេ តែក្នុងបរិបទនយោបាយ ក៏បង្ហាញច្បាស់ថា ការមានសេរីភាព ឬការលើកលែងទោសលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) មានជាប់ទាក់ទងនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលអាមេរិក ។

សូមបញ្ជាក់ថា នៅសេតវិមាន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចជ្រើសតាំងលោក គ្រីស្តូហ្វឺរ អែនដឺរសុន (Christopher Anderson) ដែលមានបទពិសោធន៍ជាមន្រ្តីការទូត ជាង២០ឆ្នាំ ជាបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសកម្ពុជា។ លោក Christopher J. Anderson គឺជាមន្ត្រីការទូតអាជីពជាន់ខ្ពស់ (Career Foreign Service Officer) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកមិនមែនជាអ្នកជំនួញ ឬអ្នកនយោបាយដែលទទួលបានតំណែងនេះ ជារង្វាន់ផ្នែកនយោបាយនោះទេ ប៉ុន្តែលោកជាអ្នកការទូតដែលមានបទពិសោធន៍ខ្ពស់ ជាពិសេសលើកិច្ចការភូមិសាស្ត្រនយោបាយ តំបន់ជម្លោះ និងការងារសិទ្ធិមនុស្ស ។ លោកបានចាប់ផ្តើមបម្រើការងារនៅក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក តាំងពីឆ្នាំ២០០៥ ដោយមានប្រវត្តិរូបការងារលេចធ្លោ ដូចជា ជំនាញតំបន់អឺរ៉ុបខាងកើត និងរុស្ស៊ី ។ លោកធ្លាប់បានប្រចាំការនៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងគៀវ (Kyiv) ប្រទេសអ៊ុយក្រែន ចំពេលដែលកំពុងមានវិបត្តិដ៍ក្តៅគគុក រវាងអ៊ុយក្រែន និងរុស្ស៊ី ។ លោកធ្លាប់បានទទួលតួនាទីជាទីប្រឹក្សាពិសេស ផ្នែកកិច្ចការចរចាបញ្ហាអ៊ុយក្រែន។ មុនពេលទទួលបានការតែងតាំងមកកម្ពុជា ភារកិច្ចចុងក្រោយរបស់លោក គឺបំពេញការងារនៅក្នុងការិយាល័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ (Democracy, Human Rights and Labor ឬ DRL) នៃក្រសួងការបរទេសអាមេរិក ដែលផ្តោតលើការចរចាដោះស្រាយជម្លោះ ការទូត និងការកសាងស្ថាប័នប្រជាធិបតេយ្យ។

ការសម្រេចជ្រើសតាំងលោក គ្រីស្តូហ្វឺរ អែនដឺរសុន ជាឯកអគ្គរដ្ឋទូតថ្មី បានធ្វើឡើងក្រោយពីតំណែងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ ទំនេរចោលអស់រយៈពេលជាង២ឆ្នាំ គឺបន្ទាប់ពីឯកអគ្គរដ្ឋទូតចាស់ លោក ផាទ្រីក មឺរហ្វី បានបញ្ចប់អាណត្តិការទូត កាលពីពាក់កណ្តាលឆ្នាំ២០២៤ ។ សេចក្តីប្រកាសជ្រើសតាំងបេក្ខជនការទូតជាន់ខ្ពស់រូបនេះដែរ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋាននានា ដោយសារវាជាសញ្ញាណវិជ្ជមានក្នុងការរៀបចំទំនាក់ទំនងការទូតឡើងវិញ រវាងសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ។ អ្នកវិភាគភូមិសាស្រ្តនយោបាយ យល់ថា ការបញ្ជូនអ្នកការទូត ដែលមានបទពិសោធន៍ជោកជាំផ្នែកភូមិសាស្ត្រនយោបាយ ដូចជាលោក អែនដឺរសុន មកកាន់រាជធានីភ្នំពេញ នេះ បានឆ្លុះបញ្ចាំងពីគោលបំណងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ចង់កាត់បន្ថយការពឹងផ្អែកទាំងស្រុងរបស់កម្ពុជា លើប្រទេសចិន ជាពិសេសលើបញ្ហាយុទ្ធសាស្ត្រ ដូចជា មូលដ្ឋានទ័ពជើងទឹក រាម និងរក្សាឥទ្ធិពលអាមេរិក នៅក្នុងតំបន់ អនុតំបន់ទន្លេមេគង្គ។ ចំណែកមជ្ឈដ្ឋានទូទៅ មើលឃើញថា ជាយន្តការផ្លូវការ ដើម្បីរៀបចំទំនាក់ទំនងទ្វេភាគីឡើងវិញ និងស្តារកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ព្រោះជាទិដ្ឋភាពភូមិសាស្ត្រនយោបាយ ស្ថានទូតអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតាមដានតុល្យភាពអំណាចក្នុងតំបន់អាស៊ីអាគ្នេយ៍ ការអភិវឌ្ឍនានា (ដូចជាមូលដ្ឋានកងទ័ពជើងទឹករាម និងគម្រោងព្រែកជីកហ្វូណនតេជោ) និងគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ។ ដូច្នេះក្នុងខណៈដែលកម្ពុជា ត្រៀមរៀបចំការបោះឆ្នោត នៅឆ្នាំ២០២៧ ខាងមុខ អង្គការសង្គមស៊ីវិល រំពឹងថា វត្តមានឯកអគ្គរដ្ឋទូតថ្មី នឹងជួយជ្រោមជ្រែងដល់ការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការត្រួតពិនិត្យដំណើរការបោះឆ្នោតនៅកម្ពុជា។ អ្វីដែលចាប់អារម្មណ៍សំខាន់ជាងនេះ អ្នកវិភាគ និងអ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា នេះសញ្ញាវិជ្ជមានមួយ នៅក្នុងការស្តារទំនាក់ទំនងកម្ពុជា-អាមេរិក ក្រោយពីមានការលើកលែងទោស លោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ។ បានន័យថា ព្រឹត្តិការណ៍ទាំងពីរនេះ មិនមែនកើតឡើងដោយចៃដន្យ តាមធម្មជាតិនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការចរចាការទូត នៅពីក្រោយឆាកយ៉ាងស្វិតស្វាញ និងជាទម្រង់នៃការដោះដូរផលប្រយោជន៍ជាយុទ្ធសាស្ត្រ ដើម្បីរំលាយភាពទ័លច្រកការទូតដែលបានអូសបន្លាយពេលអស់រយៈពេលជាងពីរឆ្នាំ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤ មក ។

មជ្ឈដ្ឋានតាមដាន បានរំលឹកទៅលើប្រវត្តិ និងសាវតារនៃភាពរកាំរកូសការទូត មុនពេលឈានមកដល់របត់ឆ្នាំ២០២៦ នេះថា ក្រោយពេលដែលលោក ផាទ្រីក មើរហ្វី (Patrick Murphy) បានបញ្ចប់អាណត្តិជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ទំនាក់ទំនងការទូតរវាងរដ្ឋធានីវ៉ាស៊ីងតោន និងរាជធានីភ្នំពេញ ត្រូវបានទម្លាក់មកត្រឹមកម្រិតភារធារីស្តីទី ដែលដឹកនាំដោយលោកស្រី ប្រ៊ីដជិត អិល វ៉កឃឺរ (Bridgette L. Walker) ។ ទោះបីជាក្នុងអំឡុងពេលនោះ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានព្យាយាមស្នើឈ្មោះលោក រ៉ូបឺត វីលលីម ហ្វ័រដិន (Robert William Forden) ដែលជាអ្នកការទូតជើងចាស់ ឱ្យមកបន្តតំណែងក៏ដោយ ក៏សំណើនេះត្រូវបានគាំងជាប់នៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាអាមេរិក។ ភាពជាប់គាំងនេះ បណ្តាលមកពីការមិនពេញចិត្តរបស់សមាជិកព្រឹទ្ធសភាអាមេរិក ទាំងខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ចំពោះស្ថានភាពសិទ្ធិមនុស្ស ការរំលាយគណបក្សប្រឆាំង និងការកាត់ទោសមេដឹកនាំនយោបាយនៅកម្ពុជា ។ ដូច្នេះការទុកតំណែងឯកអគ្គរដ្ឋទូត ឱ្យនៅទំនេរអស់រយៈពេលជាងពីរឆ្នាំ គឺជាយុទ្ធសាស្ត្របញ្ចេញឥរិយាបថមិនពេញចិត្តជាផ្លូវការរបស់អាមេរិក ដើម្បីដាក់សម្ពាធ និងរក្សាគម្លាតនយោបាយជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

ជាការកត់សម្គាល់បន្ថែម អ្នកវិភាគមួយចំនួន បានលើកឡើងថា របត់ការទូតដ៏សំខាន់បានលេចរូបរាងឡើងនៅពេលដែលមានការប្រែប្រួលរចនាសម្ព័ន្ធអំណាច និងការផ្លាស់ប្តូរជំនាន់អ្នកដឹកនាំនៅកម្ពុជា ដោយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានព្យាយាមបង្ហាញនូវទម្រង់ការទូតបែបបត់បែន និងប្រាកដនិយមជាងមុន ដោយមានបំណងចង់ធ្វើពិពិធកម្មទំនាក់ទំនងបរទេស និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប៉ូលអំណាចតែមួយ ត្រូវការទាក់ទាញទុនវិនិយោគ ពីបណ្តាប្រទេសបស្ចិមលោក និងរក្សាទីផ្សារនាំចេញសម្លៀកបំពាក់ និងស្បែកជើងដ៏ធំរបស់ខ្លួននៅសហរដ្ឋអាមេរិក ។ ប៉ុន្តែរបាំងនយោបាយដ៏ធំបំផុតដែលរារាំងមិនឱ្យអាមេរិក បោះដៃមករកកម្ពុជា គឺសំណុំរឿងគតិយុត្ត និងនយោបាយរបស់លោក កឹម សុខា ដែលត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ) ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” ដែលការចោទប្រកាន់នេះ បានប៉ះពាល់ដោយផ្ទាល់ដល់កិត្តិយស និងរូបភាពអន្តរជាតិរបស់សហរដ្ឋអាមេរិក ព្រោះរដ្ឋាភិបាលអាមេរិក ត្រូវបានគេមើលឃើញថា ជាបរទេសដែលរងការចោទប្រកាន់ ពាក់ព័ន្ធនឹងលោកកឹម សុខា ទោះបីជាតុលាការ មិនបានបង្ហាញឈ្មោះចំក៏ដោយ ។ ហេតុដូច្នេះហើយ ការសម្រេចចិត្តថ្វាយសេចក្តីព្រាងព្រះរាជក្រឹត្យ ដើម្បីសុំព្រះរាជទានទោសលើកលែងទោសដល់លោក កឹម សុខា ដោយសម្ដេចហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ គឺជាយុទ្ធសាស្ត្រនយោបាយដែលត្រូវបានគណនាយ៉ាងល្អិតល្អន់ ហើយការដោះលែងនេះ បានធ្វើឡើងភ្លាមៗ តែមួយខែប៉ុណ្ណោះ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសតម្កល់សាលក្រមផ្តន្ទាទោស ២៧ឆ្នាំ។ ពេលវេលានៃការផ្តល់ព្រះរាជទានទោសនេះ គឺដើម្បីបើកផ្លូវឱ្យមានការសម្របសម្រួលការទូតកម្រិតខ្ពស់។ លទ្ធផលបានលេចឡើងភ្លាមៗ ពោលគឺត្រឹមតែមួយសប្តាហ៍ក្រោយមក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សេតវិមាន បានប្រកាសជាផ្លូវការ នូវការជ្រើសរើសលោក គ្រីស្តូហ្វឺរ អែនដឺរសុន ឱ្យចូលមកបំពេញតំណែងជាឯកអគ្គរដ្ឋទូតថ្មី។ ព្រឹត្តិការណ៍ទាំងពីរនេះ បានបង្ហាញពីល្បែងសមតុល្យអំណាច ដែលភាគីខាងកម្ពុជា យល់ព្រមផ្តល់សម្បទានផ្នែកសិទ្ធិមនុស្ស ជាថ្នូរនឹងការទទួលបានការទទួលស្គាល់ និងការបង្កើនកម្រិតទំនាក់ទំនងការទូតផ្លូវការ ពីសំណាក់មហាអំណាចសេដ្ឋកិច្ចពិភពលោក។

លោក សេង វណ្ណលី អ្នកវិភាគ និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានថ្លែងថា ការលើកលែងទោសដល់លោក កឹម សុខា របស់គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បង្កប់ដោយល្បិចកលនយោបាយ និងឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់ជាលក្ខណៈយុទ្ធសាស្ត្រ ព្រោះក្នុងព្រះរាជក្រឹត្យ ចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទី សម្ដេចហ៊ុន សែន បានលុបចោលតែទោសជាប់ឃុំនៅក្នុងផ្ទះប៉ុណ្ណោះ ប៉ុន្តែសិទ្ធិធ្វើនយោបាយពេញមួយជីវិត និងការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយផ្សេងៗ រួមទាំងការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេស រយៈពេលប្រាំឆ្នាំ  នៅតែរក្សាដដែល ។ ការណ៍នេះ ស្តែងឱ្យឃើញថា គណបក្សកាន់អំណាច យល់ព្រមបន្ធូរបន្ថយសម្ពាធត្រឹមកម្រិតមនុស្សធម៌ និងរូបភាពខាងក្រៅ ដើម្បីដោះដូរយកការបើកផ្លូវការទូត ប៉ុន្តែមិនអនុញ្ញាតឱ្យមានការប្រែប្រួលដល់រចនាសម្ព័ន្ធអំណាច និងស្ថិរភាពនយោបាយផ្ទៃក្នុង ដែលនាំឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់គណបក្សកាន់អំណាច នោះទេ ។ លោកបន្តថា លោក គ្រីស្តូហ្វឺរ អែនដឺរសុន ក្នុងនាមជាតំណាងឱ្យរដ្ឋបាលអាមេរិក នឹងបន្តរក្សាជំហររឹងមាំលើការទាមទារឱ្យមានការស្តារលំហប្រជាធិបតេយ្យ បើកសេរីភាពសារព័ត៌មាន និងការដោះលែងសកម្មជននយោបាយ និងសង្គមផ្សេងទៀត ដែលកំពុងជាប់ឃុំ ប៉ុន្តែយុទ្ធសាស្ត្រនៃការអនុវត្ត អាចនឹងមានការប្រែប្រួល។ ជំនួសឱ្យការប្រើប្រាស់វោហារសាស្ត្ររិះគន់ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាសាធារណៈ ដែលជារឿយៗតែងតែរុញច្រានកម្ពុជា ឱ្យកាន់តែខិតជិតទៅរកប៉ូលអំណាចម្ខាងទៀត ឯកអគ្គរដ្ឋទូតថ្មី អាចនឹងប្រើប្រាស់ការទូតស្ងប់ស្ងាត់ ឬហៅថា ការចរចាបែបបិទទ្វារ។ ការធ្វើបែបនេះ គឺដើម្បីបង្កើតទំនុកចិត្តទ្វេភាគីជាមុនសិន រួចហើយទើបប្រើប្រាស់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធឡើងវិញ ជាឧបករណ៍ដោះដូរឱ្យមានការកែលម្អស្ថានភាពសិទ្ធិមនុស្សជាជំហានៗ។ លើសពីនេះ ទិដ្ឋភាពសេដ្ឋកិច្ចក៏ជាចំណុចស្នូលមួយដែលមិនអាចមើលរំលងបាននៅក្នុងរបត់ការទូតថ្មីនេះ ព្រោះនាយករដ្ឋមន្រ្តីកម្ពុជា ដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ជាពិសេសលើផលិតផលវាយនភណ្ឌ ស្បែកជើង និងកាបូប។

អ្នកវិភាគខាងលើ បានលើកឡើងបន្តថា ការមានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំការនៅភ្នំពេញ នឹងជួយសម្របសម្រួលដល់ការជួបពិភាក្សារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាមេរិក ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ សម្រាប់អាមេរិក ការបង្កើនការវិនិយោគសេដ្ឋកិច្ចនៅកម្ពុជា គឺជាយុទ្ធសាស្ត្រមួយ ក្នុងការផ្តល់ជម្រើសសេដ្ឋកិច្ចដល់កម្ពុជា ដើម្បីកុំឱ្យប្រទេសនេះ ពឹងផ្អែកខ្លាំងពេកលើប្រភពទុនពីចិន តែមួយ ដែលអាចនាំឱ្យប៉ះពាល់ដល់ឯករាជ្យភាពនៃការសម្រេចចិត្តផ្នែកនយោបាយការបរទេស ។ សរុបមក អ្នកវិភាគថា របត់ការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពាក់កណ្តាលឆ្នាំ២០២៦ តាមរយៈការផ្តល់ព្រះរាជទានទោសដល់លោក កឹម សុខា និងការតែងតាំងលោក គ្រីស្តូហ្វឺរ អ៊ែនដឺរសុន គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយ នៃការអនុវត្តគោលនយោបាយការបរទេសបែបប្រាកដនិយម ដែលផ្អែកលើការដោះដូរផលប្រយោជន៍ និងការយល់ដឹងពីតថភាពភូមិសាស្ត្រនយោបាយ។ ភាគីទាំងពីរ យល់ឃើញថា ភាពរកាំរកូស និងការរក្សាគម្លាតការទូតកន្លងមក មិនបានផ្តល់ផលប្រយោជន៍យូរអង្វែងដល់ភាគីណាមួយឡើយ។

ទោះបីយ៉ាងណា អ្នកនយោបាយ នៃគណបក្សក្រៅរដ្ឋាភិបាល និងអ្នកនយោបាយ នៃអតីតអតីតគណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ) ដែលធ្លាប់ជាអតីតសហការីលោកកឹម សុខា នៅក្នុងក្រុមកឹម សុខា យល់ថា ការទើបតែសម្រេចដាក់ឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា ក្រោយទំនេរចោលអស់រយៈពេល២ឆ្នាំ  អាមេរិក អាចមានហេតុផលអ្វីផ្សេង ដោយអាចមិនមែនដោយសារតែលោកកឹម សុខា ត្រូវបានលើកលែងទោសនោះឡើយ ។

ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ថា ការដែលរដ្ឋាភិបាលអាមេរិក ស្នើសុំទៅព្រឹទ្ធសភា ដើម្បីតែងតាំង ផ្តល់ការទុកចិត្តឲ្យលោកគ្រីស្តូហ្វឺរ អែនដឺរសុន ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា នៅពេលខាងមុខ វាជានយោបាយការបរទេស ទំនាក់ទំនង ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ ស្ថិរភាពតំបន់ ក៏ដូចជាជំនឿ ក្នុងដៃគូទ្វេភាគី មិនគិតនិន្នាការនយោបាយ ទាក់ទងទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ ។ ដូច្នេះលោកមិនចង់ឲ្យភាគីណាបាក់មុខមាត់ ក្នុងចំណងការទូត កិច្ចការបរទេស រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលជាមហាអំណាចពិភពលោក ខណៈដែលកន្លងមក អាមេរិក តែងតែថ្លែងការណ៍រួចទៅហើយ រិះគន់អំពីការរំលោភសិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យ ក្រោយពីចាប់អតីតប្រធានគណបក្សសង្គ្រោះជាតិ ដាក់គុក និងរំលាយគណបក្សសង្គ្រោះជាតិ ។ សរុបមក លោកថា យើងមិនអាចមើលឃើញនៅក្នុងផ្លូវចរចាណាមួយក្រៅវាំងនន ឬក៏ក្រោយឆាក ឬយើងមិនអាចនិយាយថា ទាល់តែកម្ពុជា ដោះលែងលោកកឹម សុខា ទើបអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីនោះទេ តែយើងអាចមើលឃើញពីមិនទាន់បានតាមតម្រូវការចាំបាច់ណាមួយ របស់សហរដ្ឋអាមេរិក ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ និងបញ្ហាជម្លោះកម្ពុជា ជាមួយនឹងប្រទេសសៀម ចំនួនពីរលើក ជាដើម ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ វាជារឿងធម្មតានៃប្រទេសមួយ ក្នុងការធ្វើការកិច្ចការនៃទំនាក់ទំនងការទូត មានន័យថា ការងារការបរទេស តំណាងប្រទេស ទៅនឹងប្រទេសមួយនៃសន្ធិសញ្ញា ឬក៏ទ្វេភាគីបែបណា ទៅនឹងស្ថានភាពនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាហ្នឹង គឺជាដៃគូក្នុងភាពស្មោះត្រង់ ហើយសហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាច ដែលគេផ្ដោតទៅលើបញ្ហាលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សសេរីភាព សិទ្ធិធ្វើនយោបាយ ភ្ជាប់ទៅនឹងទំនាក់ទំនងពាណិជ្ជកម្មដៃគូ ។ អ៊ីចឹងការដែលរដ្ឋាភិបាល ស្នើសុំទៅព្រឹទ្ធសភា ដើម្បីតែងតាំង ផ្តល់ការទុកចិត្តឲ្យលោកគ្រីស្តូហ្វឺរ អែនដឺរសុន ជាឯកអគ្គរដ្ឋទូតអនាគត នៅពេលខាងមុខ ក្រោយពីការអនុម័តពីព្រឹទ្ធសភាអាមេរិកហើយ ប្រចាំនៅកម្ពុជា អាហ្នឹងវាជានយោបាយការបរទេស ទំនាក់ទំនង ការដាក់ទូតធ្វើកិច្ចការជាមួយគ្នា ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ ស្ថិរភាពតំបន់ ក៏ដូចជាជំនឿ ជឿជាក់ក្នុងការដៃគូភាគី ទ្វេភាគី ។ នេះជាការមើលឃើញ វាជារឿងធម្មតាទៅហើយ នៃកិច្ចព្រមព្រៀងនយោបាយការទូតរវាងប្រទេសនិងប្រទេសនោះ ។ ធម្មតាប្រទេសមួយៗ គឺវាត្រូវមានគោលនយោបាយការបរទេស ទំនាក់ទំនងការទូត ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ក្នុងទ្វេភាគី និងកិច្ចព្រមព្រៀងជំនួញជួញដូរ ធុរកិច្ច សេដ្ឋកិច្ច និងការផ្ដោតទៅនឹងស្ថានការណ៍នយោបាយបែបណា ដែលមិនរំលងនូវគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការគោរពសិទ្ធិមនុស្ស ។ អ៊ីចឹងការដែលជ្រើសតាំងអ្នកការទូតអាជីព តំណាងឲ្យប្រទេសនៃមហាអំណាច មិនថាប្រទេសមហាអំណាចទេ ប្រទេសដាក់ទូតជាមួយគ្នា នៅក្នុងរបត់នយោបាយបែបទ្វេភាគី មិនថាប្រទេសសេរី ប្រទេសកុម្មុយនីស្តណាទេ គឺថា ការពង្រឹងគោលនយោបាយនៃប្រទេសមួយៗ តំណាងការពារនូវសិទ្ធិរបស់ពលរដ្ឋអាមេរិកាំង ដែលទៅរកស៊ីវិនិយោគ ឬក៏អ្នកការទូត ឬក៏អង្គការសង្គមស៊ីវិល ដែលដែលជាស្ថាប័នតូចធំ អ្នកវិនិយោគទុនខ្នាតធំតូចបែបណា គឺកាលណានៅក្នុងប្រទេសដែលដាក់ទូត គឺគេត្រូវមានការធានានូវស្ថិរភាពនិងសន្តិសុខ នូវជំនួញជួញដូរ នូវកិច្ចការនយោបាយ កិច្ចការទាក់ទង ទៅនឹងអ្វីដែលជាការពង្រីក បណ្ដុះធនធានមនុស្ស ផ្នែកវិស័យសុខាភិបាល វិស័យអប់រំ ទៅនឹងស្ថានភាពនយោបាយបែបណា នៃគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សុទ្ធតែជាការដែលសហរដ្ឋអាមេរិកហ្នឹង គេមានគោលការណ៍របស់គេ តាមរយៈក្រសួងការបរទេស ក៏ដូចជាអង្គការសង្គមស៊ីវិលធំៗ មិនថាវិទ្យាស្ថានអាយអអាយ ឬក៏វិទ្យាស្ថានអិនអអាយ នៅក្នុងការតំណាងឱ្យបែបប្រជាធិបតេយ្យ នៃគណបក្សនយោបាយ ទាំងគណបក្សសាធារណរដ្ឋ ដែលកំពុងកាន់អំណាច និងគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង បក្សក្រៅរដ្ឋាភិបាល បក្សជំទាស់ របស់សហរដ្ឋអាមេរិក “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងសម្រាប់មកដាក់នូវការផ្លាស់ប្តូរបែបណា ធ្វើកិច្ចការទូតបែបណា ក្នុងទំនាក់ទំនងការបរទេស គឺវាសំខាន់នៅលើការយល់គ្នា ទុកចិត្តគ្នា រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដោយភាពស្មោះត្រង់ តម្លាភាព បើកចំហ ដោយមិនធ្វើអ្វីដែលផ្ទុយទៅនឹងកិច្ចព្រមព្រៀងសន្ធិសញ្ញាដែលបានធ្វើការទូតជាមួយគ្នាបែបណាៗ ទៅតាមច្បាប់ជាតិ និងអន្តរជាតិ នៃប្រទេសមួយៗហ្នឹង ។ ក្នុងនាមអគ្គរដ្ឋទូត គឺតំណាងត្រង់ទៅប្រធានាធិបតី នៃការកាន់អំណាចពីមួយអាណត្តិ ទៅមួយអាណត្តិ តាមរយៈចំណុះឲ្យសេនាធិការជាក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ។ អ៊ីចឹងការទំនាក់ទំនងល្អ មិនល្អ នៅលើសកម្មភាពនៃដំណើរការដែលយើងមានស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា តាមបែបផែននៃគោលនយោបាយក្រសួងការបរទេស ក៏ដូចជាគោលនយោបាយនៃសេតវិមាន របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងអាណត្តិដែលលោកត្រូវបានត្រៀមនឹងតែងតាំងជាអគ្គរដ្ឋទូតហ្នឹង ។ អ៊ីចឹងអាការពង្រឹងទំនាក់ទំនងបែបណា ទៅលើភាគីទាំងសងខាង ទ្វេភាគី នៃរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិកហ្នឹង ថាតើធ្វើយ៉ាងម៉េចឲ្យមានភាពល្អប្រសើរនៅក្នុងវិស័យអី? វិស័យនយោបាយ ក្នុងការទំនាក់ទំនងការទូត ទៅនឹងការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឬក៏វិស័យល្អប្រសើរនៅផ្នែកសុខាភិបាល ឬក៏វិស័យអប់រំ ។ ជាទូទៅ តាមដែលខ្ញុំដឹង ហើយនិងធ្វើកិច្ចការងារទូតហ្នឹង គឺឃើញសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលដាក់ទូតនៅកម្ពុជា ក្នុងរយៈពេលយើងគិតពីឆ្នាំ១៩៩២ មកដល់ឆ្នាំពីរពាន់ម្ភៃប្រាំមួយនេះ គឺមានរយៈពេលទៅដល់សាមសិបបួនឆ្នាំ នៃនយោបាយការបរទេស ដែលមានប្រទេសកម្ពុជា ជាប្រទេសព្រះរាជាណាចក្រកម្ពុជាទីពីរឡើងវិញ នៅក្នុងរបបសេរីពហុបក្ស គឺគេផ្ដោតទៅលើបញ្ហាសិទ្ធិមនុស្ស ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ នៃរដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ គឺគោរពនីតិរដ្ឋ ហើយនិងបញ្ហាវិស័យអប់រំ វិស័យសុខាភិបាល និងជំនួញជួញដូរ ការវិនិយោគទុនអីហ្នឹង គឺថា សុទ្ធតែជាកត្តាធំៗ ដែលគេត្រូវតែបម្រុងប្រយ័ត្នការពារនូវជនជាតិគេ ក៏ដូចជាពិនិត្យពិច័យនូវតម្លាភាព គណនេយ្យភាពនៃជំនួយថវិការបស់សហរដ្ឋអាមេរិក ដែលមួយឆ្នាំៗ មិនតិចជាងមួយរយលានដុល្លារទេ ក្នុងការជួយទៅផ្នែកមនុស្សធម៌ ឬក៏ផ្នែកពង្រឹងនិងពង្រីកនូវគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស តាមរយៈអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ នៃជំនួយដែលគេជួយហ្នឹង ។ ខ្ញុំថា រឿងនយោបាយ យើងជាអធិបតេយ្យ គេអត់មានគិតទៅនិន្នាការនយោបាយនៃប្រទេសណាមួយ ទាក់ទងទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេ ។ អ៊ីចឹងខ្ញុំមិនចង់ឲ្យភាគីណាបាក់មុខ បាក់មាត់ រវាងការចងចំណងការទូត កិច្ចការបរទេសនៃទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសសហរដ្ឋអាមេរិក ដែលជាមហាអំណាចពិភពលោកហ្នឹង ហើយកន្លងមក តែងតែថ្លែងការណ៍ តែងតែដាក់ទណ្ឌកម្ម រិះគន់អំពីការរំលោភសិទ្ធិមនុស្ស ទៅនឹងការមិនបានអនុវត្តនីតិរដ្ឋឲ្យបានត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ ជាពិសេសក្រោយពីចាប់អតីតប្រធានគណបក្សសង្គ្រោះជាតិ ដាក់គុក និងរំលាយគណបក្សសង្គ្រោះជាតិ អីហ្នឹង គឺថា មានការថ្កោលទោស ការដាក់ទណ្ឌកម្ម ការចង់ឃើញកម្ពុជា អនុវត្តនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហ្នឹង ។ អាទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យកម្ពុជា តែងតែមានការរិះគន់ វាយប្រហារដល់រដ្ឋាភិបាលអាមេរិក រហូតដល់ចោទអតីតប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ថាគប់គិតជាមួយរដ្ឋបរទេស ពិសេសសហរដ្ឋអាមេរិក ចង់ធ្វើបដិវត្តន៍ពណ៌ ផ្ដួលរំលំ ប៉ុន្តែក្រោយមក ស្ថានភាពនយោបាយកម្ពុជា-អាមេរិក ក៏មានភាពល្អប្រសើរ ធូរស្រាលទៅវិញ បន្ទាប់ពីមាននាយករដ្ឋមន្ត្រីអាណត្តិទីប្រាំពីរ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ហើយអតីតនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែវាយប្រហារ  តែងតែមើលឃើញភាពអវិជ្ជមាននៃរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនថាគណបក្សប្រជាធិបតេយ្យ កាន់ប្រធានាធិបតី មិនថាគណបក្សសាធារណរដ្ឋជាប់ឆ្នោត កាន់ប្រធានាធិបតីណានោះទេ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ អ៊ីចឹងហើយសរុបមកវិញ ខ្ញុំថា យើងឲ្យតម្លៃគ្នា ហាសិបៗភាគរយ កុំឱ្យបំបាក់មុខ បំបាក់មាត់ ថាអូ! ទាល់តែដោះលែងកឹម សុខា បានគេដាក់ឯកអគ្គរដ្ឋទូតថ្មីមក គេបញ្ឈរជើងពីរឆ្នាំហើយ មានតែត្រឹមតួនាទីភារធារី ប៉ុន្តែយើងឲ្យគិតថា វាស្របពេលវេលាឱកាសដែលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស តាមរយៈរដ្ឋាភិបាល ក្នុងការដាក់មនុស្ស ទៅសុំការសម្រេចពីព្រឹទ្ធសភាសហរដ្ឋអាមេរិក ។ អ៊ីចឹងយើងមិនអាចមើលឃើញនៅក្នុងផ្លូវចរចាណាមួយក្រៅវាំងនន ឬក៏ក្រោយឆាក ក្នុងការធ្វើកិច្ចការអន្តរការី ការចូលរួមចំណែកណា ហើយវាស្របគ្នានៃការដោះលែងលោកកឹម សុខា ក៏វាស្របនឹងគេត្រូវតែងតាំងឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺវានៅក្នុងកិច្ចព្រមព្រៀង និងកាលៈទេសៈនយោបាយ នៅក្នុងការដែលគេតែងតាំងឲ្យជំនួសអគ្គរដ្ឋទូតដែលផុតអាណត្តិ ប៉ុន្តែវាមិនទាន់បានតាមតម្រូវការចាំបាច់ណាមួយ របស់សហរដ្ឋអាមេរិក ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ ហើយយើងក៏មានបញ្ហាជម្លោះជាមួយនឹងប្រទេសសៀម អីពីរលើកមកហើយ ខែកក្កដា ខែធ្នូ  ឆ្នាំពីរពាន់ម្ភៃប្រាំ ។ អ៊ីចឹងពេលនេះ គឺជាពេលដែលដល់វេលាកាល ហើយវាស្របនឹងខួបបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក ពីររយហាសិបឆ្នាំ ។ អ៊ីចឹងចង់ មិនចង់ គឺថា វាដល់ពេលវេលាដែលអគ្គរដ្ឋទូតថ្មីអាមេរិក ប្រចាំកម្ពុជា ត្រូវតែដល់ពេលវេលានេះ គឺថា យើងមិនអាចបំបាក់ស្មារតីប្រទេសណាមួយ ក្នុងនាមទ្វេភាគី ស្របច្បាប់ កិច្ចព្រមព្រៀង ការដាក់ទូតឲ្យគ្នា ចំណងការបរទេស វាមានសន្ធិសញ្ញា វាមានកិច្ចព្រមព្រៀង វាមានការសន្ទនាបែបណា គឺជារឿងនយោបាយការបរទេស ការទូត នៃរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក “ ។

ជាមួយគ្នានោះដែរ ជុំវិញអាមេរិកទើបតែប្រកាសបេក្ខភាពឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា ក្រោយការលើកលែងលោកកឹម សុខា លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាជំនួយការរបស់លោកកឹម សុខា បានបញ្ជាក់ខ្លីតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ថា  ទោះបីលោក កឹម សុខា ត្រូវបានលើកលែងទោសក៏ដោយ ក៏ការដែលរាជរដ្ឋាភិបាល បានចោទអាមេរិក ជាប់ពាក់ព័ន្ធនៅពីក្រោយផែនការផ្តួលរំលំ នៅតែមិនអាចលាងជ្រះនៅឡើយ ។

ដោយឡែក លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ថា មានហេតុផលពីរ ដែលពិបាកសន្និដ្ឋាន គឺទី១ ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ហេតុអីបានទុកតំណែងឯកអគ្គរដ្ឋទូតឲ្យនៅទំនេរ ដាក់ត្រឹមតែកម្រិតភារធារី នៅប្រចាំការនៅស្រុកខ្មែរ? ទី២ តើការដោះលែងលោកកឹម សុខា ដែលជាប់ពាក់ព័ន្ធនឹងអាមេរិក ជាការបន្ធូរបន្ថយកម្ដៅ ឬក៏ជាការបង្ហាញថា ជាចេតនាមួយវិជ្ជមាន ថាកម្ពុជា ដោះលែងមេបក្សប្រឆាំងដែលជាប់ពាក់ព័ន្ធនឹងអាមេរិកឲ្យមានសេរីភាព ទើបសហរដ្ឋអាមេរិក បញ្ជូនឯកអគ្គរដ្ឋទូត? ដូច្នេះពីរចំណុចនេះ លោកថា យើងសុទ្ធតែមិនបានដឹងហេតុផលពិត ប៉ុន្តែជាការសន្និដ្ឋានទាំងអស់គ្នា ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ បាទហ្នឹងហើយ! យើងបានដឹងទាំងអស់គ្នាហើយថា បន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ចុងក្រោយ គឺលោកផាទ្រិក មើរហ្វីរ បានបញ្ចប់អាណតិ្តទៅ គឺមកដល់ពេលនេះ គឺជាងពីរឆ្នាំហើយ តំណែងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅកម្ពុជា របស់សហរដ្ឋអាមេរិក គឺទំនេរ ហើយជំនួសមកវិញនោះ ក្នុងរយៈពេលទំនេរនេះ គឺកម្រិតមន្រ្តី្កការទូតដែលខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ត្រឹមតែកម្រិតភារធារី ដែលអ្នកស្រីទើបតែបញ្ចប់អាណតិ្តថ្មីៗនេះ ហើយទន្ទឹមនឹងនេះ នៅដើមសប្ដាហ៍នេះ គឺយើងបានទទួលដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានស្នើបេក្ខភាពលោកគ្រីស្តូហ្វឺរ អែនដឺរសុន ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ទៅកាន់ព្រឹទ្ធសភា ដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្ត ។ ដូច្នេះយើងជឿជាក់ថា លោកអែនដឺរសុន ដែលមានសមត្ថភាព ទាំងការទូត ទាំងសន្តិសុខ ទាំងសេដ្ឋកិច្ចអីហូរហែហ្នឹង ហើយគាត់មានទំនាក់ទំនងល្អជាមួយនឹងក្រុមព្រឹទ្ធសភា មកពីទាំងពីរគណបក្ស ។ អ៊ីចឹងខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា គាត់នឹងត្រូវបានទទួលការអនុម័ត ផ្ដល់សេចក្ដីទុកចិត្ត និងក្លាយទៅជាអគ្គរដ្ឋទូតវិសមភាពសមត្ថភាពរបស់សហអាមេរិក ប្រចាំនៅកម្ពុជា នៅពេលខាងមុខ ហើយការទើបតែងតាំងនូវកម្រិតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជានេះ យើងមិនបានដឹងថា តើក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ វាមានបញ្ហាអីនៅក្នុងគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក ក៏យើងអត់ដឹងដែរ ។ បើយើងពិនិត្យមើលលើប្រទេសជិតខាងរបស់យើង ថៃ គេមានប្រហែលជាមួយឆ្នាំជាង ហើយវៀតណាម មុនយើងប៉ុន្មានខែ ហើយឥឡូវកម្ពុជា ថ្មីៗនេះ នឹងមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ។ ហើយក្នុងរយៈពេលពីរឆ្នាំនេះ យើងក៏មិនដឹងថា មូលហេតុពិតអីបានជាទុកកន្លែងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅកម្ពុជាហ្នឹងទំនេរ ហើយទម្លាក់មកនៅត្រឹមកម្រិតភារធារី ។ យើងអត់ដឹង អាហ្នឹងពិបាកសន្និដ្ឋាន ប៉ុន្តែមានទស្សនៈមួយចំនួន បានលើកឡើងថា វាមកពីស្ថានភាពសិទ្ធិមនុស្ស ឬក៏រំលោភគោលការណ៍ប្រជាធិបតេយ្យអី ធ្វើទុក្ខបុកម្នេញដល់សារព័ត៌មានឯករាជ្យអីនៅកម្ពុជាហ្នឹង ធ្វើឲ្យព្រឹទ្ធសភាអាមេរិកហ្នឹង មិនអាចអនុម័ត ផ្ដល់សេចក្ដីទុកចិត្តឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ទៅធ្វើនៅកម្ពុជា អ៊ីចឹងទៅ មានគេលើកហូរហែអ៊ីចឹង ហើយដោយឡែកមួយចំនួនទៀត គេថា ដោយសារតែករណីនេះ មានការដោះលែងលោកកឹម សុខា ដែលបទចោទរបស់គាត់ គឺពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ។ អ៊ីចឹងការដោះលែងលោកកឹម សុខា មានសេរីភាពនេះ ហាក់បីដូចជាបន្ធូរបន្ថយកម្ដៅរវាងកម្ពុជា និងអាមេរិក ជាហូរហែ ទើបចាប់ផ្ដើមឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកឡើងវិញ ។ នេះគ្រាន់តែជាការសន្និដ្ឋាន ប៉ុន្តែធាតុពិត ដូចខ្ញុំជម្រាបខាងដើមថា យើងពិបាកសន្និដ្ឋានថា ទី១ ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ហេតុអីបានទុកតំណែងឯកអគ្គរដ្ឋទូតឲ្យនៅទំនេរ ដាក់ត្រឹមតែកម្រិតភារៈធារី នៅប្រចាំការនៅស្រុកខ្មែរ? ទី២ យើងក៏មិនបានដឹងពីមូលហេតុហ្នឹងដែរ ថាហេតុអីបានជាទើបតែដាក់នៅពេលនេះ ក្រោយពីមានការដោះលែងលោកកឹម សុខា ដែលជាមេដឹកនាំបក្សប្រឆាំង ហើយបទចោទហ្នឹង គឺពាក់ព័ន្ធសហរដ្ឋអាមេរិក តើការដោះលែងគាត់នេះ ជាការបន្ធូរបន្ថយកម្ដៅ ឬក៏ជាការបង្ហាញថា ជាចេតនាមួយវិជ្ជមាន ថាកម្ពុជា ដោះលែងមេបក្សប្រឆាំង ដែលជាប់ពាក់ព័ន្ធនឹងអាមេរិកហ្នឹង ឲ្យមានសេរីភាព ទើបសហរដ្ឋអាមេរិក បញ្ជូនឯកអគ្គរដ្ឋទូត ។ ដូច្នេះពីរចំណុចនេះ យើងសុទ្ធតែមិនបានដឹងហេតុផលពិត ប៉ុន្តែជាការសន្និដ្ឋានទាំងអស់គ្នា” ។

គួរកត់សម្គាល់ដែរថា ក្រោយលោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានសម្ដេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី លើកលែងទោស តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នោះ ក្រៅពីតំណាងស្ថានទូតបរទេសប្រចាំកម្ពុជា រួមមាន សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្រ្តាលី និងជប៉ុន ជាដើម បានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ សម្រាប់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក៏បានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ ចំពោះការលើកលែងទោសលោកកឹម សុខា ដែរ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក ស្វាគមន៍ពីដំណឹងនៃការដោះលែង លោក កឹម សុខា។ សហរដ្ឋអាមេរិក តែងបានអំពាវនាវជាបន្តបន្ទាប់ឱ្យមានការដោះលែង លោក កឹម សុខា ហើយបានរក្សាជំហរថា ការផ្តន្ទាទោសរបស់លោក ដែលពាក់ព័ន្ធនឹងការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺគ្មានមូលដ្ឋាន ។ ការដោះលែងលោក កឹម សុខា គឺជាការវិវឌ្ឍវិជ្ជមានមួយ ហើយអាមេរិក បន្តលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ឱ្យធានាថា ពលរដ្ឋរបស់ខ្លួន អាចអនុវត្តសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបញ្ចេញមតិបានដោយសេរី ៕

RELATED ARTICLES