Saturday, June 13, 2026
Homeព័ត៌មានជាតិនគរបាលនាយកដ្ឋានអង្គរក្ស ហាត់សម ក្បួនហែអមគណៈប្រតិភូកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី

នគរបាលនាយកដ្ឋានអង្គរក្ស ហាត់សម ក្បួនហែអមគណៈប្រតិភូកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី

ភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ​បាល​ជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើហាត់សមក្បួនហែអមទ្រង់ទ្រាយធំ ចាប់ពីកោះពេជ្រ រហូតដល់អាកាស​ដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុង​​កិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ  ដេលទទួលបន្ទុកដឹកនាំការងារនាយកដ្ឋានអង្គរក្ស បានស្នើសុំការយោគយល់ អធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ចំពោះការកកស្ទះ ពេល​ក្បួនឆ្លងកាត់។

លោកឧត្តមសេនីយ៍ឯក យឹម លាង បានឲ្យដឹងថា សម្រាប់តម្រាយផ្លូវនៃការហ្វឹកហាត់សមនេះ គឺចាប់ផ្ដើមចេញពី ៖ ១- បរិវេណមុខសាលមហាស្រពកោះពេជ្រ ២- ផ្លូវនាគបាញ់ទឹក ៣- វិមានឯករាជ្យ ៤- ផ្លូវព្រះសីហនុ ៥- អគារ៤២ជាន់ ស្ដុបពេទ្យចិន (បត់ឆ្វេងតាមបណ្ដោយផ្លូវមុនីវង្ស) ៥- ស្ពានអាកាសសម្ដេចតេជោ ហ៊ុន សែន ៧- មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ៨- ឆ្ពោះទៅអាកាសដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។

-ផ្លូវត្រឡប់ចេញពីអាកាសយានដ្ឋានអន្ដរជាតិតេជោ ៖ ១- មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ២- មហាវិថីព្រះមុនីវង្ស ៣- ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វាចាស់) ៤- សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

-ផ្លូវត្រឡប់ចេញពីសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ៖ ១- ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វាថ្មី) ២- មហាវិថីព្រះមុនីវង្ស ៣- ផ្លូបេកាសេ បត់ឆ្វេងមកផ្លូវភ្លោះមន្ទីរពេទ្យអង្គឌួង ៤- មហាវិថីព្រះនរោត្តម ៥- គោលដៅបញ្ចប់នៅនាយកដ្ឋានអង្គរក្ស៕ ខៀវទុំ

RELATED ARTICLES