ភ្នំពេញ ៖ នៅថ្ងៃខួបហាង «ផ្ទះស្រលាញ់» ដែលផ្ដោតលើការលក់ក្រមា និងឈុតសម្លៀកបំពាក់ខ្មែរ ច្នៃពីក្រ ណាត់ក្រមាខ្មែរ គម្រប់១០ឆ្នាំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តារារហស្សនាមរាជិនីក្រមា មាន សូនីតា បានអះ អាងថា ខ្លួនតាំងពីបើកអាជីវកម្មមួយនេះមក គ្មានខែឆ្នាំណាដែលថា មិនខាតប្រាក់នោះទេ ពោលគឺមានន័យថា ៣៦៥០ថ្ងៃ (១០ឆ្នាំ) ឬ១២០ខែ នោះនាងមិនដែលរកឃើញប្រាក់ចំណេញមួយសេនឡើយ ។ សូនីតា ថានាងទទួលបានសំណួរស្រោចមកលើនាងជាច្រើន ដូចជា តើបើរកស៊ីខាតអ៊ីចឹង នៅទ្រាំដល់ពេលណាទៀតទៅ ?ហេតុអ្វីនៅបន្ដបើករហូតដល់រយៈពេល ១០ឆ្នាំ ប្រសិនបើអាជីវកម្មខាតរហូត ខ្ញុំដូចជាមិនជឿសោះ គ្មានអ្នកណាល្ងង់នៅរកស៊ីខាតអ៊ីចឹងទេ ?

យ៉ាងណា មាន សូនីតា បានឆ្លើយបំភ្លឺចំពោះចម្ងល់ទាំងឡាយថា មូលហេតុដែលនាងនៅតែបើកហាងនេះ ទៅមុខទៀត ព្រោះបើនាងមិនខំប្រឹងក្រោកឈរ អ៊ីចឹងក្រមាខ្មែរ ដែលនាងធ្លាប់បានបំផុសចលនានេះជាយូរឆ្នាំមកហើយ ក៏រសាយទៅតាមហ្នឹងដែរ។ នាងថា ការធ្វើរឿងនេះ ដោយសារការស្រលាញ់ក្រមាខ្មែរ និងចង់ឲ្យប្រជាជនខ្មែរ បានស្គាល់ គាំទ្រ និងអភិរក្សក្រមាខ្មែរ ។ នាងថា កាលពីឆ្នាំ២០២២-២០២៣ សិប្បកម្មក្រមាខ្មែរ បានបិទភាគច្រើនដោយសារតែកូវីដ ពួកគាត់ធ្វើការនេះ អត់ប្រាក់ចំណូល តែនាងសប្បាយចិត្ត ព្រោះនៅតាមពិធីបុណ្យ និងមង្គលការ ភាគច្រើនគេនៅតែយកក្រមាខ្មែរ ធ្វើជាកាដូ ទោះជាពួកគាត់មិនទិញពីនាងក៏ដោយ តែបានន័យថា សាររបស់នាង បានទៅដល់ដៃមហាជន។ នាងថា នៅពេលដែលនាងផ្សព្វផ្សាយពីក្រមាខ្មែរ គឺមិនមែន «ផ្ទះស្រលាញ់» លក់ដាច់ទេ ប៉ុន្ដែក្រមា នៅទូទាំងប្រទេស លក់ដាច់។ គេអត់ស្គាល់ មាន សូនីតា ទេ គេស្គាល់រាជិនីក្រមា គេចាំថា នាងជាអ្នកផ្សព្វផ្សាយពីក្រមាខ្មែរ ។ នាងអះអាងថា ពេលខ្លួនទៅលេងនៅស្រុកគេ តែងតែយកឈុតក្រមា ទៅ និងធ្លាប់យកក្រមា ទៅប្រជ្រៀតចូលតាំងពីកម្មវិធីបង្ហាញម៉ូដ និងតំបន់ទេសចរណ៍ នៅក្រៅស្រុក ដែលនេះជាទឹកចិត្តនាងបានធ្វើ ចំពោះប្រទេសកម្ពុជា ទាំងមូល។

មាន សូនីតា និយាយទាំងតូចចិត្តថា មនុស្សមួយចំនួន សើចចំអកឲ្យនាងថា នាងដើរលក់ក្រមា ម៉េចមិនធ្វើការងារស្រួលៗ ធ្វើខ្លូនស្អាតៗ អាចរកលុយបានច្រើនជាងនេះ។ ប៉ុន្ដែនាងថា សម្រាប់រូបនាង ការងារណាក៏មានតម្លៃដែរ ដរាបណាយើងខិតខំប្រឹងប្រែងដោយភាពស្មោះស្រង់ និងភាពជឿជាក់លើខ្លួនឯង។ នាងសង្កត់ថា «ឆ្នាំនេះ ហាង «ផ្ទះស្រលាញ់» បើកបាន ១០ឆ្នាំហើយ ខែណាក៏ខាត ឆ្នាំណាក៏ខាតដែរ ហេតុអីបានជាខ្ញុំនៅតែជម្នះបើក Business មួយនេះ ១០ឆ្នាំ ដែលខ្ញុំជ្រើសរើសក្រមា ជាជីវិត គ្មានពាក្យថា បោះបង់ គ្មានពាក្យថា ងាយស្រួល គឺនឿយហត់ ព្រោះមិនចង់ឲ្យក្រមាមួយនេះបាត់បង់ ចង់ឲ្យកូនខ្មែរ ស្គាល់ក្រមា អត្តសញ្ញាណខ្លួនឯង» ។


តាមរយៈការអះអាងរបស់មាន សូនីតា នេះបញ្ជាក់ថា នាងនៅតែបន្ដបើកហាង «ផ្ទះស្រលាញ់» បន្ដទៅទៀត ទោះជានាងបញ្ជាក់ថា បានខាតលុយអស់ជាច្រើនក្ដី ។ ការចេញមកបំភ្លឺរបស់ស្រីស្រស់ សូនីតា នាពេលនេះ ធ្វើឡើងក្រោយពីនាងបានបិទហាងកាហ្វេ «ណ» (Noir Coffee) របស់នាង នៅសាខាផ្លូវ១៣៥ សង្កាត់ទួលទំពួង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បន្ទាប់ពីដំណើរការបានជាង៤ឆ្នាំ (សម្ពោធថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១) ហេតុនេះនាងនៅសល់តែហាងពីរប៉ុណ្ណោះ គឺ «ផ្ទះស្រលាញ់» និងហាងកាត់ដេរ ។

គួរបញ្ជាក់ថា មាន សូនីតា ទើបតែធ្វើខួបកំណើត គម្រប់អាយុ៣៦ឆ្នាំ ដោយជិះសេះសឈ្មោះនាគរាជ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈដែលក្នុងវ័យនេះ ស្រីស្រស់កាន់តែហ៊ានបញ្ចេញសាច់គល់ភ្លៅ និងគល់សុដន់ ជាងកាលនៅក្មេងទៅទៀត ។ អតីត Freshie ២០០៩ សូនីតា បានប្រឡូកក្នុងវិស័យសិល្បៈ រយៈពេល ១៧ឆ្នាំ (២០០៩-២០២៦) ហើយទោះជាអះអាងថា ខាតលុយពីការបើកហាងលក់ក្រមា ១០ឆ្នាំ ប៉ុន្ដែនាងមិនប្រឈមវិបត្តិសេដ្ឋកិច្ចឡើយ ព្រោះនាងហោះទៅដើរលេងនៅបរទេស ដូចទៅផ្សារថ្មី និងជិះយន្ដហោះ កៅអី Business Class មិនចាញ់ជំទាវឡើយ ។ ប៉ុន្ដែសូនីតា ដែលធ្លាប់ប្រាប់ថា នាងមានគូសង្សារហើយ តែមិនបញ្ចេញមុខប្រុសស្នេហ៍ ឲ្យគេស្គាល់នោះ នៅតែមិនដែលបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាសាធារណៈឡើយ ទើបធ្វើឲ្យរឿងដ៍រសើបដែលលេចឭថា មន្រ្ដីគយ វ័យចំណាស់ តាមស្នេហ៍នាង ជាច្រើនឆ្នាំហើយនោះ នៅតែបន្ដស្ថិតក្នុងភាពអាថ៌កំបាំងដដែល ៕
