ភ្នំពេញ ៖ ក្នុងវ័យ ១៤ឆ្នាំ តារាសម្ដែង សរពេជ្រ ម៉ានីកា ជាតួឯករឿង «ទាយាទធ្មប់»សម្ពោធកាលពីថ្ងៃទី១២ មីនា ឆ្នាំ២០២៦ ខណៈដែលនាងបានប្រឡូកសិល្បៈ ១០ឆ្នាំ ម៉ានីកា សម្ដែងបាន ៨រឿងមកហើយ ។ ដោយឡែកសម្រាប់ភាពយន្ដដែលមានអ្នកដឹកនាំជាជនជាតិបរទេស ម៉ានីកា ថានាងថតបាន ៤រឿង ក្នុងនោះមានដូចជារឿង «អ្នកស្នងអគារ» ដែលនាងថតកាលពីអាយុទើប ៤ឆ្នាំ, «ទាយាទធ្មប់» វគ្គ១, «ទាយាទធ្មប់» វគ្គ២ និងរឿងកំពុងថតឆ្នាំ២០២៦ «អាថ៌កំបាំងនៃភពងងឹត» ដឹកនាំដោយជនជាតិអ៊ីតាលី លោក Jimmy Henderson ។

ម៉ានីកា ថាមានភាពខុសគ្នានៅពេលដែលនាងសម្ដែងភាពយន្ដដឹកនាំដោយជនជាតិបរទេស ព្រោះ Director មើលរឿងបរទេសច្រើន ឈុតឆាកភាគច្រើនបែបបរទេស ចំណែកផលិតករខ្មែរ រសជាតិជាខ្មែរច្រើន។

ឆ្លើយតបសំណួរថា ម៉ានីកា នៅវ័យក្មេង តែមានឱកាសបានសម្ដែងរឿងដឹកនាំដោយជនបរទេស ជាបន្ទាប់អ៊ីចឹង ថ្ងៃក្រោយចង់ទៅសម្ដែងភាពយន្ដអន្ដរជាតិ ឬអត់? នាងថា ប្រាកដជាចង់ទៅ ព្រោះចង់លើកតម្កើងប្រទេសខ្មែរ ។ នាងថា ចង់ចូលហូលីវូដ (hollywood) ដោយសាតែនាងគិតថា ទីនោះពិតជាល្បីល្បាញ។ នាងថា ដើម្បីសម្រេចគោលដៅមួយនេះនាងនឹងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពថែមទៀត ។

ម៉ានីកា ថាចំណុចពិសេសដែលនាងត្រូវបានផលិតករបរទេស ចាប់អារម្មណ៍ គឺនាងលេងតួកម្សត់ យំ បានល្អ ដាក់អារម្មណ៍បានលឿន ហើយនាងក៏អាចនិយាយភាសារអង់គ្លេសបានទៀតផង ។ ប៉ុន្ដែនាងថា បើលេងតួកាចវិញ លេងបាន តែមានអារម្មណ៍ថា ហត់ ពិបាក។ម៉ានីកា បង្ហើបថាតារារៀមច្បងដែលលេងតួកម្សត់ ហើយនាងពេញចិត្ត យកជាគំរូ នោះគឺអ្នកនាង ដាញ់ ម៉ូនីកា ។

គួរបញ្ជាក់ថា កុមារី សរពេជ្រ ម៉ានីកា បានប្រឡូកសិល្បៈ តាំងពីអាយុ៤ឆ្នាំ ហើយក្រៅថតសម្ដែងភាពយន្ដ នាងក៏មានជំនាញផ្នែកតន្រ្ដី ចេះលេងហ្គីតារ និងច្រៀងបានយ៉ាងពីរោះផងដែរ ។ ម៉ានីកា ស្ថិតក្នុងចំណោមតារាដែលថតសម្ដែងភាពយន្ដតាំងពីតូច មានដូចជា ព្រះនាងតូច នរោត្តម ជេនណា, លី ច័ន្ទសីហា, អ៊ួន វ៉ាន់វីតា និងសក្ខីបុត្រ ធីតា ជាដើម ។ ប៉ុន្ដែក្នុងចំណោមតារាខាងលើនេះ មានតែម៉ានីកា ម្នាក់ប៉ុណ្ណោះ ដែលថតភាពយន្ដ មានអ្នកដឹកនាំជាជនបរទេស ច្រើនជាងគេ ។

តាមប្រភព Youth បានឲ្យដឹងថា មានតារាខ្មែរ (កូនកាត់) ដល់ទៅ ១១ដួង មានឱកាសថតរឿងហូលីវូដ រួមមាន ៖ ទី១- ហាំង សំណាងង៉ោ (Haing Samnang Ngor) កូនខ្មែរកាត់ចិន, ទី២- អ៊ែលឡូឌី យ៉ុង (Elodie Yung ) កូនខ្មែរកាត់បារាំង, ទី៣-ប៊ីរ៉េនីស ម៉ាលូហ៍ (B’erénice Marlohe) ម្ដាយបារាំង ឪពុកខ្មែរ, ទី៤-ចាផានុំ យ៊ីរាំ (Japanom Yeerum) ហៅតូនី ចា (Tony Jaa) ខ្មែរសុរិន្ទ, ទី៥-អែលលែន វ៉ុង (Ellen Wong) ខ្មែរ-កាណាដា, ទី៦-ចដែន ហ្វីសឺរ (Jordan Fisher) កូនខ្មែរកាត់អាមេរិកនិងអាហ្វ្រិក, ៧-ចាន់ធី សុខ (Chanty Sok ) ខ្មែរកាត់អាមេរិក, ៨-ម៉ាលីន យ៉ាន (Marline Yan) កូនខ្មែរកាត់ចិន-ថៃ, ៩-ពីសាយ ប៉ាវ (Pisay Pao) ខ្មែរកាត់ថៃ, ១០-គឺមបឺរលី ផល (Kimberly Pal)ខ្មែរ-អាមេរិក និង ១១-អេជីនា ទេវ៉ា (Aegina Tevas) ខ្មែរកាត់ឥណ្ឌា ៕
